rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

សំណុំ​រឿង​សកម្មជន​អតីត​បក្ស​ប្រឆាំង៖ ឧទ្ធរណ៍​តម្កល់​ទោស​ជាប់ពន្ធនាគារ​ពី​៧​ទៅ​២០​ឆ្នាំ​ដដែល

media
សកម្មជន​អតីត​បក្ស​សង្គ្រោះជាតិ លោក អ៊ុក ពេជ្រសំណាង និង​លោក មាជ សុវណ្ណារ៉ា នៅ​ក្នុង​រថយន្ត​ពេល​នាំ​មក​កាន់​សវនាការ​នៅ​សាលា​ឧទ្ធរណ៍ ព្រឹក​ថ្ងៃ​ទី​១០ ឧសភា ២០១៨ Reuters/Samrang Pring

ក្រោយ​ពី​បើក​សវនាការ​លើ​សំណុំ​រឿង​សកម្មជន​អតីត​គណបក្ស​ប្រឆាំង​ចំនួន​១១​រូប នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១០​ខែ​ឧសភា​នេះ សាលា​ឧទ្ធរណ៍​បានប្រកាស​តម្កល់​សេចក្ដី​សម្រេច​របស់​សាលា​ដំបូង​ក្រុង​ភ្នំពេញ​ទុក​ជា​បាន​ការ​ដដែល ហើយ​​បន្ត​ឲ្យ​ឃុំ​ខ្លួនពួក​គេ​​ត​ទៅ​ទៀត​។ សាលា​ឧទ្ធរណ៍ មិន​បាន​ពន្យល់​អំពី​ហេតុផល​នៃ​សេចក្ដី​សម្រេច​របស់​ខ្លួន​ឡើយ​។​


«តុលាការ​តម្កល់​សាល​ក្រម​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​របស់​ជន​ជាប់​ចោទ​ទាំង​១១​រូប​ទុក​ជា​បាន​ការ និង​បន្ត​ឃុំ​ខ្លួន​ជន​ជាប់​ចោទ​ទាំង​១១​ត​ទៅ​ទៀត»​។ នេះ​គឺ​ជា​ខ្លឹម​សារ​សាល​ក្រមដែលលោក ប្លង់ សំណាង ​​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុះ​ជម្រះ​សាលា​ឧទ្ធរណ៍ ថ្លែង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។ ​ក្រោយ​ពី​បញ្ចប់​សវនាការ​ ​សកម្មជន​អតីត​បក្ស​ប្រឆាំង​ដែល​ជា​ជន​ជាប់​ចោទ​ បាន​ស្រែក​បិរហារ​សាលា​ឧទ្ធរណ៍​ថា ជា​តុលាការ​តេឡេ និង​តុលាការ​ឧក្រិដ្ឋ​។

មុន​នឹង​ឈាន​មក​ដល់​ការ​ប្រកាស​សាល​ក្រម​នេះ សាលា​ឧទ្ធរណ៍​បាន​បើក​សវនាការ​រយៈ​ពេល​៤​ថ្ងៃ កាល​ពី​ខែ​មេសា​កន្លង​ទៅ​​។ លោក សំ សុគង់ មេធាវី​ការ​ពារ​ក្ដី​ឲ្យ​ជន​ជាប់​ចោទ​ធ្លាប់​បាន​លើក​ឡើង​ថា សវនាការ​កាល​ណោះ​ធ្វើ​ឡើង​ដោយ​មិន​យុត្តិធម៌​ឡើយ ព្រោះ​ម្ចាស់​បណ្ដឹង​ដែល​ជា​សន្តិសុខ​និង​ប្រជា​ការពារ​ខណ្ឌ​ដូន​ពេញ​ទាំង​៤២​នាក់ មិន​មាន​វត្តមាននៅ​ក្នុង​សវនាការ​​ទាំង​អស់​គ្នា​ឡើយ​។ បើតាមលោកមេធាវី ដើម្បី​ឲ្យមានភាព​យុត្តិធម៌ទាំងសងខាង គឺទាល់តែភាគី​ពាក់ព័ន្ធ​មានវត្តមានសួរដេញដោល​ក្នុង​សវនាការ។ ប៉ុន្តែយ៉ាង​ណា​ក៏​ដោយ សវនាការ​សាលា​ឧទ្ធរណ៍​បាន​ផ្ដល់​ឱកាស​ឲ្យ​មាន​ការ​បង្ហាញ​ភស្តុតាង​ដោះ​បន្ទុក​ច្រើន​ជាង​នៅ​សាលា​ដំបូង​។ នេះ​បើ​តាម​លោកមេធាវី​។

សូម​ជម្រាប​ជូន​ថា សកម្មជន​អតីត​គណបក្ស​ប្រឆាំង​ចំនួន​១១​រូប ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ផ្ដន្ទាទោស​​កាល​ពី​ឆ្នាំ​២០១៥ ពាក់ព័ន្ធ​នឹង​យុទ្ធនាការ​រំដោះ​ទីលាន​ប្រជាធិបតេយ្យ កើត​ឡើង​នៅ​ថ្ងៃ​ទី​១៥​កក្កដា​ឆ្នាំ​២០១៤។ ក្នុង​នោះ លោក មាជ សុវណ្ណារ៉ា ប្រធាន​ផ្នែក​ព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ នៃអតីត​គណបក្សសង្រ្គោះជាតិ ​លោក ឃិន ជំរឿន ប្រធាន​យុវជននៃ​អតីត​គណបក្សនេះ​ និង​លោក អឿ ណារិទ្ធ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ២០​​ឆ្នាំ​។ ចំណែក​សកម្មជនចំនួន​៨​នាក់ផ្សេង​ទៀត ត្រូវ​បាន​តុលាការ​កាត់ទោស​ដាក់​ពន្ធនាគារក្នុង​ម្នាក់​ៗ​​៧​ឆ្នាំ​​៕