rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា តុលាការ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

សាលាឧទ្ធរណ៍បដិសេធសំណើសុំនៅក្រៅឃុំលើកទី២របស់អតីតអ្នកកាសែតវិទ្យុអាស៊ីសេរី

media
​លោក​អ៊ួន ឈិន (ខាងឆ្វេង) និង លោក​យាង សុធារិន (យាង សុជាមេត្តា) អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ី​សេរី (RFA) @សហការី

សាលា​ឧទ្ធរណ៍ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​សម្រេច​បាន​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​លើក​ទី​២​របស់​អតីត​អ្នក​កាសែត​វិទ្យុ​អាស៊ី​សេរី​ ដោយ​រក្សា​ការ​សម្រេច​របស់​សាលា​ដំបូង​ទុក​ជា​បាន​ការ​ដដែល​។


ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ​ លោក កែវ វន្នី មេធាវី​ការពារ​ក្ដី​ឲ្យ​អតីត​អ្នក​កាសែត​វិទ្យុ​អាស៊ី​សេរី ចាត់​ទុក​សេចក្ដី​សម្រេច​របស់​សាលា​ឧទ្ធរណ៍​នេះ​ថា មិន​យុត្តិធម៌​សម្រាប់​កូន​ក្ដី​លោក​ឡើយ​។ និង​ថា លោក​នឹង​ប្ដឹងសារទុក្ខ​ទៅ​កាន់​តុលាការ​កំពូល​បន្ត​ទៀត​។

នេះ​គឺ​ជា​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​ជុំ​ទី​២​ហើយ សម្រាប់​អតីត​អ្នក​កាសែត​អាស៊ី​សេរី​ទាំង​ពីរ​រូប​។ បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​ជុំ​ទី​២​នេះ ធ្វើ​ឡើង​ដោយ​សារ​តែ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​ជុំ​ទី​១​ទទួល​បរាជ័យ។ បរាជ័យហ​ព្រោះ​​តុលាការ​កម្ពុជា​តាំង​ពី​ជាន់​ទាប​ដល់​ជាន់​ខ្ពស់ បដិសេធ​មិន​ឲ្យ​អតីត​អ្នក​កាសែត​ទាំង​ពីរ​រូបនៅ​ក្រៅ​ឃុំ។

សូម​រំឭក​ជូន​ថា អតីត​អ្នក​កាសែត​របស់​វិទ្យុ​អាស៊ី​សេរី​ពីរ​នាក់ គឺ​លោក យាង សុធារិន ហៅ​យាង សុជាមេត្តា និង​លោក អ៊ួន ឈិន ជាប់​ឃុំនៅ​ក្នុង​ពន្ធនាគារ​អស់​រយៈ​ពេល​ជាង​៥​ខែ​មក​ហើយ បន្ទាប់​ពី​​​​​អាជ្ញាធរ​ខ័ណ្ឌ​មាន​ជ័យ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី ១៤​វិច្ឆិកា ឆ្នាំ ២០១៧ នៅ​ក្នុង​បន្ទប់​សណ្ឋាគារ​មួយ​ ស្ថិត​នៅ​ក្បែរ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ក្រុង​ភ្នំពេញ។ អ្នក​ទាំង​ពីរ ត្រូវរង​ការ​​ចោទ​ប្រកាន់​ពី​បទ​​​ប្រគល់​ឲ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មានជា​អាទិ៍​ដែល​អាច​ធ្វើ​ឲ្យ​អន្តរាយ​ការ​ការពារជាតិ និង​​​បទ​ចោទ​មួយ​ករណី​ទៀត​ពាក់​ព័ន្ធ​នឹង​ការ​ផលិត​វីដេអូ​អាស​អាភាស៕