អានតួអត្ថបទ
កម្ពុជា

រដ្ឋាភិបាល​បង្កើត​ឧទ្យាន​ជាតិ​សមុទ្រ​ដំបូង​ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​ព្រះសីហនុ​និង​ខេត្ត​កោះកុង

រដ្ឋាភិបាល​កម្ពុជា​នៅ​ថ្ងៃ​ទី​៨​ខែ​កុម្ភៈ​នេះ ​បាន​សម្រេច​បង្កើត​ឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុង​ជា​ផ្លូវការ ​ដែល​ក្នុង​នោះ​មាន​កោះ​ជា​ច្រើន​ត្រូវ​បាន​រាប់​បញ្ចូល​ផង​ដែរ​ទៅក្នុង​ឧទ្យាន​ជាតិ​សមុទ្រ​នេះ​។​ ការ​ដាក់​ប្រជុំ​កោះ​ជាច្រើន​បង្កើត​បាន​ជា​ឧទ្យាន​ជាតិ​សមុទ្រ​ជា​លើក​ដំបូង​នេះ ​គឺ​ដើម្បី​ធានា​ការ​ថែរក្សា​ និង​ការពារ​សោ​ភ័​ណ្ឌ​ភាព​ធម្មជាតិ ​វប្បធម៌ ​ប្រព័ន្ធ​អេកូឡូស៊ី​និង​ជីវៈចម្រុះ ​លើ​កោះ​និង​បរិវេណ​សមុទ្រ​ជុំវិញ​។

ផែនទីប្រជុំកោះដែលរដ្ឋាភិបាលកម្ពុជាដាក់ជាតំបន់ឧទ្យានជាតិសមុទ្រកោះរ៉ុង
ផែនទីប្រជុំកោះដែលរដ្ឋាភិបាលកម្ពុជាដាក់ជាតំបន់ឧទ្យានជាតិសមុទ្រកោះរ៉ុង ministry/rfi
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​អនុ​ក្រិ​ត្យ​ដែល​រួមមាន​៧​មាត្រា ​និង​ចុះ​ហត្ថលេខា​ដោ​យ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​ឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុង​ត្រូវបាន​រាប់​ប​ញ្ជូ​ល​កោះ​ជា​ច្រើន ​ដូចជា​កោះរ៉ុង ​កោះរ៉ុង​សន្លឹម ​កោះ​កូន ​កោះ​តូច ​កោះ​តា​ទៀម ​កោះ​ម្នាស់​ក្រៅ ​កោះ​ម្នាស់​ក្នុង​ និង​សមុទ្រ​ជុំវិញ ​ដែលមាន​ផ្ទៃ​ក្រឡា​សរុប​ជាង ​៥២ ០០០ ​ហិច​តា​។ ​តំបន់​អភិរក្ស​នេះ ​ស្ថិតនៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ ​និង​ខេត្ត​កោះកុង​ ដែល​មាន​ផ្ទៃដី​ទំហំ​ជាង ​៥ ០០០ ​ហិច​តា ​និង​ផ្ទៃ​ទឹក​ទំហំ​ជាង​៤៧ ០០០ ​ហិច​តា​។

ក្រៅពី​ក្នុង​គោលដៅ​ថែ​រក្សា​និង​ការពារ​តំបន់​នេះ​ គោលបំណង​ផ្សេង​ទៀត​ក៏​ត្រូវ​បាន​ផ្តោត​ផងដែរ​ ដូចជា​ផ្តល់​ផលិតផល​និង​សេវាកម្ម​ធម្មជាតិ​សម្រាប់​ការ​ប្រើប្រាស់​ប្រកប​ដោយ​និរន្តរភាព រក្សា​លំនឹង​បរិស្ថាន ​ការពារ ​និង​អភិរក្ស​ធនធាន​ធម្មជាតិ ​និង​រួម​ចំណែក​កាត់​បន្ថយ​ការ​ប្រែប្រួល​អាកាសធាតុ ​និង​ហានិភ័យ​គ្រោះ​មហន្តរាយ​ធម្មជាតិ​។

លើស​ពីនេះ ​ក៏​ជា​ការ​លើក​កម្ពស់​ការ​ចូល​រួម​របស​សហគមន៍​មូលដ្ឋាន​ក៏ដូច​ជា​សាធារណជន​ក្នុង​ការ​រួម​ចំណែក​ដល់​ការ​គ្រប់គ្រង ​ការ​ការពារ ​និង​ការ​អភិរក្ស​ជីវៈចម្រុះ ​និង​ធនធាន​ធម្មជាតិ​ក្នុង​តំបន់​។ ​ទោះយ៉ាងណា​ មាត្រា​៣​នៃ​អនុ​ក្រិ​ត្យ ​បញ្ជាក់​ថា​ផ្ទៃដី​តំបន់​ឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុង​នេះ ​មិន​បញ្ចូល​ដី​កម្មសិទ្ធិ​ឯកជន ​និង​ដី​ប្រើប្រាស់​ជា​ប្រយោជន៍​សាធារណៈ​ទេ​។

ជាមួយគ្នា​នេះ ​អនុ​ក្រិ​ត្យ​បាន​ផ្តល់​សិទ្ធិ​ឲ្យ​ក្រសួង​បរិស្ថាន ​មាន​សមត្ថកិច្ច​រៀបចំ ​និង​គ្រប់គ្រង​ឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុង​នេះ ​ដោយ​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ​និង​រដ្ឋបាល​ដែនដី​ខេត្ត​ព្រះ​សីហនុ ​និង​កោះកុង​ ដើម្បី​ធានា​កិច្ច​គាំពារ​បរិស្ថាន ​ការ​អភិរក្ស​ជីវៈចម្រុះ ​និង​ការ​ប្រើប្រាស់​ធនធាន​ធម្មជាតិ​ប្រកប​ដោយ​និរន្តរភាព​។

សូម​បញ្ជាក់​ថា ​គិត​ត្រឹម​ឆ្នាំ​២០១៦ ​ប្រទេស​កម្ពុ​ជា​មាន​ឧទ្យាន​ជាតិ​ដីគោក​ចំនួន​១២​តំបន់​រួចមកហើយ ​ដោយ​ក្នុងនោះ​ឧទ្យាន​ជាតិ​ចំនួន​៧ ​បាន​បង្កើត​ឡើង​ដោយ​ព្រះរាជក្រឹត្យ ​និង​ទីតាំង​ចំនួន៥​តំបន់​ទៀត​ត្រូវបាន​បង្កើតឡើង​ដោយ​អនុក្រឹត្យ​។​ បើ​តាម​ក្រសួង​បរិស្ថាន ​ឧទ្យាន​ជាតិ​ទាំង​១២​តំបន់​នេះ​ បាន​គ្រប់​ដណ្តប់​លើ​ផ្ទៃ​ដី​សរុប​ជាង​១.៧ ​លាន​ហិកតា​ ដែល​ផ្ទៃដី​ទាំងនេះ ​ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ស្ពឺ​ កោះកុង​ កំពត​ ពោធិ៍សាត់ ​សៀមរាប ​រតនគិរី ​ខេត្ត​ព្រះ​សីហនុ ​និង​ខេត្ត​ស្ទឹងត្រែង​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ