rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

គណបក្សនយោបាយ គណបក្ស​សង្គ្រោះជាតិ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

អតីត​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​៖​ ​មិន​មាន​ការ​បែក​បាក់​ផ្ទៃ​ក្នុង​ទេ

media
តំណាងរាស្ត្រគណបក្សសង្រ្គោះជាតិទាំង៥៥រូបចូលស្បថនៅព្រះបរមរាជវាំងថ្ងៃទី០៥ខែសីហាឆ្នាំ២០១៤ rfi/siv channa

អតីត​តំណាង​រាស្ត្រ និង​មន្ត្រី​ជាន់​ខ្ពស់​នៃ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ថ្ងៃ​នេះ​បាន​អះអាង​ថា គណបក្ស​នេះ​មិន​មាន​ការ​បែក​បាក់​ផ្ទៃ​ក្នុង​ទេ។ ជា​ការ​អះអាង ក្រោយ​ពី​ការ​បង្កើត​ចលនា​សង្រ្គោះ​ជាតិ ដោយ​លោក សម រង្ស៊ី និង​អតីត​មន្ត្រី​គណបក្ស​នេះ​មួយ​ចំនួន ខណៈ​មាន​មន្ត្រី​នៃ​អតីត​បក្ស​ប្រឆាំង​នេះ​ មួយ​ចំនួន​ទៀត​ប្រកាស​មិន​ចូល​រួម​។


លោក អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាង​រាស្ត្រ​នៃ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​នៅ​ថ្ងៃទី​១៦ ខែ​មករា​ថា មន្ត្រី​នៃ​អតីត​គណបក្ស​ប្រឆាំង​មិន​បែក​បាក់​គ្នា​នោះ​ទេ ហើយ​គ្រាន់​តែ​មាន​ការ​ខ្វែង​គំនិត​គ្នាប៉ុណ្ណោះ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ជាតិ​។ លោក​បន្ថែម​ថា ការ​រៀបចំ​បង្កើត​ចលនា​សង្រ្គោះ​ជាតិ​ឡើង​ ប្រហែល​ជា​មិន​មាន​លទ្ធភាព​ក្នុង​ការ​ជួប​ជុំ ឬ​ជជែក​គ្នា។

លោក​សរ ចាន់ដេត សមាជិក​ព្រឹទ្ធសភា​អតីត​គណបក្ស​ប្រឆាំង​បញ្ជាក់​ថា​ការ​បញ្ចេញ​ប្រតិកម្ម​មួយ​ចំនួន​លើការ​បង្កើត​ចលនា​នេះ គឺ​ជា​រឿង​ធម្មតា​ទេ ក្នុង​គណបក្ស​ប្រជា​ធិប​តេយ្យ ដោយ​សារ​តែ​មនុស្ស​មិន​ទាន់​យល់​តែង​តែ​មាន​ប្រតិកម្ម។ លោក​បន្ថែម​ថា​បន្ទាប់​ពី​ការ​ពន្យល់​មក​អ្វីៗ​បាន​ក្លាយ​ជា​ធម្មតា​វិញ​។

គួរ​បញ្ជាក់​ថា“ចលនា​សង្រ្គោះ​ជាតិ” ត្រូវ​បាន​ប្រកាស​បង្កើត​ឡើង​ដោយ​មន្រ្តី​អតីត​បក្ស​ប្រឆាំង​ចំនួន​៩រូប​ កាល​ពី​ថ្ងៃ​ទី​១២ មករា​ក្នុង​គោល​បំណង​ទាមទារ​យក​គណបក្ស​សង្រ្គោះ​ជាតិ​មក​វិញ ទាមទារ​ឲ្យ​ដោះ​លែង​លោក​កឹម សុខា និង​អ្នក​ទោស​របស់​អតីត​គណបក្ស​ប្រឆាំង​ផ្សេង​ទៀត​។ ប៉ុន្តែ​មួយ​ថ្ងៃ​បន្ទាប់​ពី​ការ​បង្កើត​ចលនា​នេះ ក្រុម​អ្នក​តំណាង​រាស្រ្ត និង​មន្រ្តី​អតីត​បក្ស​ប្រឆាំង​នៅ​អាមេរិក​ចំនួន​៥០​នាក់ បាន​ប្រកាស​មិន​ចូល​រួម​ទៅ​វិញ​។

លោក អ៊ូ ច័ន្ទរ័ត្ន បញ្ជាក់​ថា អតីត​មន្ត្រី​គណបក្ស​សិទ្ធិ​មនុស្ស​កន្លង​មក ហាក់​បង្ហាញ​គោល​ជំហរ​របស់​ខ្លួន មិន​ចង់​ចូល​រួម​ក្នុង​ចលនា​បង្កើត​ថ្មី​នេះ​ទេ​។ លោក​បន្ថែម​ថា​មន្ត្រី​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​មួយ​ចំនួន​មិន​ចង់​ឲ្យ​មាន​ការ​ប្រើប្រាស់​ឈ្មោះ​ចលនា​នេះ​ទេ ព្រោះ​យល់​ថា​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​មាន ហើយ​ចង់​ឲ្យ​បក្ស​នេះ​ដំណើរ​ការ​ឡើង​វិញ​។

អតីត​តំណាង​រាស្ត្រ​រូប​នេះ​បន្ថែម​ថា លោក សម រង្ស៊ី និង​មន្ត្រី​មួយ​ចំនួន​ទៀត​យល់​ថា​ការ​បង្កើត​ចលនា​ថ្មី​នេះ​គឺ​ដោយ​សារ​គណបក្ស​សង្រ្គោះ​ជាតិ​បាន​រលាយ​ហើយ ដូច្នេះ​ត្រូវ​តែ​មាន​ចលនា​ថ្មី​មួយ ដើម្បី​សង្រ្គោះ​គណបក្ស​ឡើង​វិញ​។ លោក​បញ្ជាក់​ថា​នេះ​គ្រាន់​តែ​ជា​ការ​ខ្វែង​ទស្សនៈ​គ្នា​ប៉ុណ្ណោះ ​ហើយ​មិន​មាន​ការ​បែក​បាក់​គ្នាទេ​។

គួរជម្រាប​ជូន​ថា ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ការ​ប្រកាស​បង្កើត​ចលនា​សង្រ្គោះ​ជាតិ ស្ថាបនិក​ម្នាក់​ក្នុង​ចំណោម​អ្នក​ចូល​រួម​បង្កើត​ទាំង​៩នាក់ គឺ​លោក ទួន យក់ដា ជា​អតីត​តំណាង​រាស្ត្រ​នៃ​បក្ស​ប្រឆាំង​បាន​សរសេរ​លិខិត​ប្រកាស​ថា​លោក​មិន​ទទួល​ស្គាល់​សេច​ក្តី​ថ្លែង​ការណ៍​របស់​ចលនា​នេះ​ឡើយ​។ លោក​បញ្ជាក់​ថា ចលនា​សង្រ្គោះ​ជាតិ គឺ​ស្ថិត​នៅ​ក្នុង​ការ​ពិភាក្សា​មិន​ទាន់​ដាច់​ស្រេច​នៅ​ឡើយ។​ តាម​រយៈ​នេះ ធ្វើ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​មួយ​ចំនួន រួម​ទាំង​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ផង​នោះ សំរុក​ផ្សាយ​និង​ធ្វើ​ការ​ចោទ​សួរ​ពី​ការ​បែក​បាក់​គ្នា​ក្នុង​ជួរ​អតីត​គណបក្ស​ប្រឆាំង ដែល​មាន​សមាសភាព​មក​ពី​គណបក្ស​សម រង្សី និង​គណបក្ស​សិទ្ធិ​មនុស្ស​។

លោក បណ្ឌិត​មាស នី អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នក​តាម​ដាន​នយោបាយ​កម្ពុជា បាន​អះអាង​ថា​ការ​បង្កើត​ចលនា​ថ្មី​នេះ ក៏​ជា​ការ​ខំប្រឹង​ប្រែង​មួយ​របស់​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​។ លោក មាស នី បន្ត​ថា​មុន​នឹង​បង្កើត​ចលនា​អ្វី​មួយ​នៅ​ក្នុង​គណបក្ស​គួរ​តែ​មាន​ការ​ជជែក​គ្នា ហើយ​មិន​គួរ​សម្រេច​លឿន​ពេក ដែល​ធ្វើ​ឲ្យ​អ្នក​មិន​យល់​ប្រតិកម្ម​។

ជុំវិញ​រឿង​នេះ​ដែរ លោក ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​កម្ពុជា បាន​ថ្លែង​នៅ​ក្នុង​សន្និបាត​របស់​ក្រសួង​សាធារណការ នៅ​ព្រឹក​ថ្ងៃទី១៦ ខែ​មករា​ថា បើ​រក​ឃើញ​ថា​ចលនា​សង្រ្គោះ​ជាតិ ដែល​ទើប​បង្កើត​ឡើង​ខុស​ច្បាប់ នោះ​ក្រសួង​មហាផ្ទៃ​នឹង​ចាត់​វិធាន​ការ​៕