rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា សេវាកម្ម​ដឹកជញ្ជូនសាធារណៈ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ក្រសួង​សាធារណការ ដាក់​ចេញ​ផែនការ​ពង្រឹង​វិស័យ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក​

media
លោក សខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈ និងដឹកជញ្ជូន នាឱកាសសន្និបាតបូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០១៧ និងលើកទិសដៅអនុវត្តការងារ ឆ្នាំ២០១៨ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី ១៦ ខែមករា ឆ្នាំ២០១៨៕ @FB/MPWT Cambodia

រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ព្រឹក​នេះ បាន​ប្រកាស​ដាក់​ចេញ​ទិស​ដៅ​អនុវត្ត​ការងារ​ ក្នុង​ការ​ពន្លឿន និង​ពង្រឹង​វិស័យ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក ផ្លូវ​សមុទ្រ និង​កំពង់ផែ ឲ្យ​កាន់​តែ​ទូលំ​ទូលាយ​ នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ​។ បើ​តាម​គម្រោង នៅ​មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ ក្រសួង​សាធារណការ​ នឹង​ដាក់​ឲ្យ​ដំណើការ​ជា​ផ្លូវ​ការ ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក​ពី​ស្ពាន​ព្រែក​ព្នៅ -ភ្នំពេញ-តាខ្មៅ ដើម្បីសម្រួល​ដល់​ការ​ដឹក​ជញ្ជូន និង​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរ​។  


ថ្លែង​នៅ​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ ឆ្នាំ២០១៧ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៨ លោក​ស៊ុន ចាន់ថុល រដ្ឋមន្រ្តី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន បាន​បញ្ជាក់​ទៀត​ថា រហូត​មក​ទល់​ពេលនេះ ក្រសួង​សាធារណការ​ កំពុង​តែ​រៀប​ចំ​ទីតាំង​កំពង់​ផែ​ចំណត​កាណូត​ដឹក​អ្នក​ដំណើរ​ចំនួន​១៥ ទីតាំង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។

ក្រៅ​ពី​នេះ លោក​ទេស​រដ្ឋ​មន្ត្រី ស៊ុន ចាន់ថុល បាន​ថ្លែង​ថា ក្រសួង​សាធារណការ ក៏​កំពុង​តែ​បន្ត​សិក្សាបញ្ចប់​លើ​គម្រោង​សាង​សង់​ផែ​បណ្តែត តាម​បណ្តា​ខេត្ត ដើម្បី​សម្រួល​ការ​ដឹក​ជញ្ជូន រួម​ទាំង​បញ្ចប់​សេចក្តី​ព្រាង​ច្បាប់ បទ​ដ្ឋាន​នានា និង​គោល​នយោបាយ​ជាតិ ស្តី​ពី​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក​។

សម្រាប់​ការងារ​នាវា​ជំនួញ​សមុទ្រ​វិញ ត្រូវ​បាន​លោក ស៊ុន ចាន់ថុល អះ​អាង​ថា ក្រសួង​បាន​រៀប​ចំ​គោល​នយោបាយ​ជាតិ ស្តី​ពី​ការ​ដឹក​ជញ្ជូន​ផ្លូវ​សមុទ្រ ការ​ពិនិត្យ​ឡើង​វិញ​សេចក្តី​ព្រាង​ក្រម​នាវា​ចរណ៍​សមុទ្រ​ និង​រៀប​ចំ​សេចក្តី​ព្រាង​អនុក្រឹត្យ​ស្តី​ពី​នាវិក ការ​ពិនិត្យ​លទ្ធភាព​នៃ​ការ​ចុះ​បញ្ជី​នាវា​សញ្ជាតិ​កម្ពុជា​ ឡើង​វិញ ដោយ​អនុលោម​តាម​គោលការណ៍​អន្តរជាតិ ដើម្បី​ធានា​ថា​សេវា​នៃ​ការ​ចុះ​បញ្ជី​នាវា​នេះ​មាន​តម្លាភាព ស្រប​តាម​ការវិវត្ត​របស់​សង្គម​ជាតិ​។

ថ្លែង​នៅ​ក្នុង​ពិធី​ដដែល​ដែរ​នេះ លោក ស ខេង រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ និង​ជា​តំណាង​លោក​នាយករដ្ឋ​មន្រ្តី​ហ៊ុន សែន បាន​ថ្លែង​ស្វាគមន៍ និង​គាំទ្រ​ចំពោះ​ផែន​ការ​សកម្មភាព និង​គម្រោង​ដាក់​ឲ្យ​ដំណើការ​មធ្យោយ​បាយ​ទឹក​ជញ្ជូន​ទាំង​នេះ។ លោក ចាត់ទុកថា គំនិត​ផ្តួច​ផ្តើម​ទាំង​នេះ នឹង​ចូល​រួម​ចំណែក​ដោះស្រាយ​បញ្ហា​ដឹក​ជញ្ជូន​នៅ​កម្ពុជា ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​។

សូម​ជម្រាប​ជូន​ផង​ដែរ​ថា បន្ថែម​ពី​លើ​ទិស​ដៅ​ការងារ ពង្រីក​មធ្យោបាយ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក នៅ​ក្នុងឆ្នាំ​២០១៨​នេះ ក្រសួង​សាធារណការ ក៏​គ្រោង​នឹង​ជម្រុញ​វិស័យ​ផ្លូវ​ដែក​ផង​ដែរ​។ បើ​តាម​គម្រោង​ ក្រសួង​ជំនាញ​មួយ​នេះ ក៏​កំពុង​តែ​សាងសង់​ផ្លូវ​ដែក​ត​ភ្ជាប់​ចូល​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ កំពុង​សិក្សា​លទ្ធភាព​សាង​សង់​ផ្លូវ​រថ​ភ្លើង​ស្វ័យ​ប្រវត្តិ​លើ​អាកាស​នៅ​រាជធានី​ភ្នំពេញ​ផង​ដែរ ហើយ​គ្រោងបញ្ចប់​ការ​សាង​សង់​ស្ថានីយ៍​រថភ្លើង​អន្តរ​ជាតិ​ប៉ោយ​ប៉ែត នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​៕