ប្រយុទ្ធប្រឆាំងនឹងជំងឺឆ្កែឆ្កួត ដោយចាក់ឆ្នាំបង្ការលើសត្វឆ្កែ និងលើមនុស្សក្រោយគ្រោះសត្វខាំ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:៤៣
ឆ្កែដែលមកខាំមនុស្ស មិនប្រាកដថាឆ្កែនោះឆ្កួត ហើយក៏មិនប្រាកដថាវាអាចចម្លងជំងឺឆ្កែឆ្កួតមកមនុស្សដែរ។ ប៉ុន្តែដើម្បីចៀសវាងគ្រោះថ្នាក់ បង្កឡើងដោយការខាំរប់សត្វ សូមកុំបន្ទោសឆ្កែ តែត្រូវរួសរាន់លាងរបួស និងទៅរកថ្នាំបង្ការ។ នៅថ្ងៃទី២៨កញ្ញានេះ ជាទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងជំងឺឆ្កែឆ្កួត។ តើជំងឺឆ្កែឆ្កួត ជាជំងឺអ្វី និងមានហានិភ័យកំរិតណាសម្រាប់ប្រជាពលរដ្ឋខ្មែរ ? សូមស្តាប់បទសម្ភាសន៍របស់អៀង សុខម៉ិញ ជាមួយវេជ្ជបណ្ឌិត លី សុវត្ថិ អនុប្រធានវិទ្យាស្ថានប៉ាស្ទ័រក្រុងភ្នំពេញ។
ជំងឺឆ្កែឆ្កួត ជាជំងឺកាចសាហាវបំផុតក្នុងចំណោមជំងឺដែលគេស្គាល់ និងគ្មានថ្នាំព្យាបាលទេ។ បើគ្មានការសង្គ្រោះទាន់ពេលវេលាទេ ជំងឺនេះនឹងនាំទៅរកមរណភាព១០០%។ ប៉ុន្តែគេអាចបង្ការវាយបាន១០០% មិនឱ្យមេរោគឆ្លងមកមនុស្សបានដោយការចាក់ថ្នាំបង្ការ បន្ទាប់ពីមានរបួសបង្កឡើងដោយសត្វខាំ។
វីរ៉ុសជំងឺឆ្កែឆ្កួត អាចមានបង្ករោគលើសត្វស្រុក និងសត្វព្រៃ ចម្លងមកមនុស្សតាមរយៈទឹកមាត់ និង បណ្តាលឱ្យមានរោគសញ្ញាប្រព័ន្ធប្រសាទស្រួចស្រាល់ !
តាមការប៉ាន់ស្មាន អ្នករងគ្រោះដោយជំងឺឆ្កែឆ្កួត មានប្រមាណ៨០០នាក់ ក្នុងមួយឆ្នាំៗ នៅកម្ពុជា។ ជាទូទៅ និងភាគច្រើន ជំងឺឆ្កែឆ្កួត នៅកម្ពុជាត្រូវបានចម្លង ដោយសត្វឆ្កែខាំ។ សត្វឆ្កែ ដែលមានចំនួនសរុបប្រមាណ៤លានក្បាល ក្នុងនោះស្ទើរតែទាំងអស់មិនបានទទួលការចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួតទេ (ឆ្កែមានម្ចាស់ និងឆ្កែអនាថា)។
តើត្រូវធ្វើដូចម្តេចពេលរងរបួសដោយសត្វខាំ
- ត្រូវលាងរបួសដោយចាក់ទឹកបង្ហូរលាងរយៈពេល១០នាទី បន្ទាប់មកដោយទឹកសាប៊ូ និងដោយថ្នាំសម្លាប់មេរោគ (អាល់កុល ឬមេតាឌីន) បើមាន។
- ត្រូវរួសរាន់ទៅរកការចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួត ឧទាហរណ៍នៅវិទ្យាសាស្ត្រប៉ាស្ទ័រ
- ការចាក់ថ្នាំបង្ការត្រូវចាក់ចំនួនបួនលើក ៖ លើកដំបូង លើកទីពីនៅបីថ្ងៃក្រោយ លើកទីបី នៅ៧ថ្ងៃក្រោយ និងលើកទីបួន ជាលើកចុងក្រោយ នៅ២៨ថ្ងៃក្រោយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ