ករណីពុលអាហារ បានក្លាយជាហានិភ័យមួយរបស់ប្រជាពលរដ្ឋកម្ពុជាទូទៅ។ នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល ក៏ទើបបានរៀបចំសិក្ខាសាលាមួយ ស្តីពីការបង្ការការពុលចំណីអាហារ កាលពីថ្ងៃអង្គារទី ១២ កញ្ញាដែរ។ ជាធម្មតា ជំងឺពុលអាហារអាចសាបរលាបនិងជាក្នុងរយៈពេលដ៏ខ្លី ប៉ុន្តែជំងឺនេះអាចធ្ងន់ធ្ងរខ្លាំងប្រសិនបើជាការពុលបង្កឡើងដោយពពួកបាក់តេរី។ តើការពុលអាហារកើតឡើងយ៉ាងដូចម្តេច ? មានរោគសញ្ញាអ្វីខ្លះ និងអាចព្យាបាលបានយ៉ាងដូចម្តេច ?
ក្រោយពីបានទទួលទានអាហារ តែប៉ុន្មានម៉ោង ស្រាប់តែលោកអ្នកមានអាការៈចុកពោះ ក្អួតចង្អោរ រាគ ឬ/និងក្តៅខ្លួន ... ទាំងនេះជារោគសញ្ញាទូទៅ ដែលអាចឱ្យគេសន្និដ្ឋានបានថាជាការពុលអាហារ។ ពុលអាហារអាចបណ្តាលមកពីមូលហេតុច្រើនយ៉ាង គឺពុលអាហារដោយសារជាតិពុលធម្មជាតិ (ឧទាហរណ៍ផ្សិត ត្រីកំពត ..) ដោយសារសារធាតុគីមីថ្នាំសម្លាប់សត្វល្អិត ប្រើក្នុងពេលដាំដុះ ដែលមិនគោរពបទដ្ឋានសុខភាព និងការពុលដោយសារចំណីចំណុក មិនស្អាត ពោលគឺមានផ្ទុក និងមានការចម្លងមេរោគជាពពួក បាក់តេរី វីរ៉ុស ឬដង្កូវព្រូន។ កម្មវិធីសុខភាពរបស់យើងថ្ងៃនេះ សូមផ្តោតជាសំខាន់ទៅលើករណីជំងឺពុលអាហារចុងក្រោយតែប៉ុណ្ណោះ។
ប៉ុន្តែគ្រប់ការពុលចំណីអាហារមិនផ្តល់អាការៈសញ្ញារោគដូចគ្នាទេ។ ភាពខុសគ្នាគឺបណ្តាលមកពីប្រភេទនៃមេរោគ និងយន្តការនៃការចាប់ពុល។ មេរោគខ្លះ សំងំក្នុងខ្លួនយូរ ខ្លះក៏ឆាប់ ... ជាតិពុលដែលបង្កឡើងដោយគ្រឿងសមុទ្ទ សារាយ ក្តាមខ្យង ច្រើនតែផ្តល់ប្រតិកម្មលឿន។ ពពួកបាក់តេរីផ្សេងទៀត នាំជាតិពុលចូលក្នុងខ្លួនហើយ ក៏សំងំសិន។ ពីរទៅបួនម៉ោងក្រោយទើបផ្តើមសកម្មភាព។ ពពួកបាក់តេរីប្រភេទនេះ ច្រើនជាពពួកស្តាហ្វីឡូកុក Staphylocoques បាក់តេរីនៅជាប់នឹងដៃកខ្វក់រួចចម្លងតាមចំណីអាហារ។ បាក់តេរីមួយចំនួនទៀត សំងំពី៤ ដល់ទៅ ១២ម៉ោង ទើបចាប់បញ្ចេញជាតិពុល។ ពពួកបាក់តេរីមួយក្រុមខ្លះទៀត បង្កជំងឺនិងវាយប្រហារលើពោះវៀនតែម្តង។ ឯចំណែកពពួកអតិសុខុមប្រាណ ដង្កូវព្រូន ឬតេញ៉ា សំងំរាប់ខែក្នុងខ្លួនមនុស្ស និងមិនផ្តល់រោគសញ្ញាអ្វីទាំងអស់។
ផលវិបាកចំពោះសុខភាពមិនមែនបង្កឡើងដោយជាតិពុលរបស់ពពួកមេរោគនិងបាក់តេរីនោះទេ ព្រោះពពួកបាក់តេរីខ្លះក៏ល្អ និងចាំបាច់សម្រាប់ខ្លួនសរីរាង្គកាយ តែនៅមានករណីធ្ងន់ធ្ងរខ្លាំងមួយទៀត គឺការបង្កើននិងពង្រីកបក្សពួកវាឱ្យឡើងចំនួនច្រើនជ្រុល ក្នុងករណីបែបនេះ អាការៈពុលចំណីអាហារអាចស្តែងចេញនៅរវាងពី១២ទៅ៤៨ម៉ោងក្រោយការទទួលទានរួច។ ករណីបែបនេះអាចក្លាយជាជំងឺធ្ងន់ធ្ងរខ្លាំង ព្រោះបើប៉ះចំមេរោគកាច វាអាចផ្តល់ជាអាការៈសញ្ញាបត់ជើងចេញឈាម ! ជាការហូរឈាមចេញពីពោះវៀនធំ ឬក៏ផ្តល់ជាដំណើរអស់រដូវ ជាការរលាកស្រោមខួរក្បាល ឬធ្លាក់ខ្លួនមានជំងឺនៅតម្រងនោម ដែលសុទ្ធសឹងជាជំងឺធ្ងន់មែនទែន។ ស្ត្រីមានផ្ទៃពោះជាជនងាយរងគ្រោះ និងផលវិបាកខ្លាំងអំពីការពុលអាហារនេះ។ សូមស្ត្រីមានគភ៌គួរប្រុងប្រយ័ត្នមែនទែន។
ជាទូទៅ ការពុលអាហារតែងស្តែងឡើងក្នុងរយៈពេល២៤ម៉ោង ក្រោយពីការទទួលទានអាហារមានជាតិពុល ឬមានមេរោគ។ រោគសញ្ញាដូចជាឈឺពោះ ក្អួត ចង្អោរ រាករូស និងក្តៅខ្លួន អស់កម្លាំង ត្រូវរលុបបាត់ទៅវិញ ជាក្នុងរយៈពេលមួយថ្ងៃក្រោយ ឬយ៉ាងយូរអាចអូសបន្លាយពេលដល់មួយសប្តាហ៍។ ភាគច្រើន ជំងឺពុលអាហារនឹងត្រូវជាទៅវិញដោយខ្លួនឯងនៅពេលវាអស់ចំណាយ ដោយមិនបាច់ប្រើថ្នាំទេ។ លោកអ្នកអាចរកថ្នាំទទួលទានដោយខ្លួនឯងបន្តិចបន្តួចដើម្បីកំរិតការរាគរូស ឬអាការៈក្អួតចង្អោរ ប៉ុន្តែគ្រូពេទ្យអាចផ្តល់ថ្នាំ ផ្សះ ប្រើសិនបើការបង្ករោគនិងអំណាចពុលរបស់បាក់តេរីខ្លាំងជ្រុល។
ប៉ុន្តែសូមចងចាំថា ការពុលអាហារក៏អាចធ្ងន់ធ្ងរខ្លាំង ដល់ថ្នាក់ចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យដែរ ជាពិសេសចំពោះអ្នកមានសុខភាពនៅទន់ខ្សោយដូចជា មនុស្សចាស់ជរា ទារក អ្នកមានជំងឺខ្សោយប្រព័ន្ធការពារខ្លួន។
ដើម្បីចៀសវាងកុំឱ្យជួបករណីពុលអាហារ អាជ្ញាធរសុខភាព សូមណែនាំដូចខាងក្រោម ៖
ត្រូវរក្សាអនាម័យ សូមលាងដៃមុនពេលនិងក្រោយធ្វើម្ហូបអាហារ និងក្រោយបន្ទោរបង់
កុំដាក់ម្ហូបអាហារត្រីសាច់បន្លែឆៅ លាយលំប៉ះម្ហូបអាហារឆ្អិន
កុំទទួលទានអាហារសល់យូរ ហួសកាលកំណត់ ម្ហូបដាក់ចោលហាលថ្ងៃ ហាលវាលចោលយូរម៉ោង រុយរោម
កុំយកអាហារកក រលាយហើយ យកទៅបង្កកវិញ
ទុកដាក់ចំណីអាហារក្នុងទីសមគួរ កុំឱ្យត្រូវថ្ងៃ និង ក្នុងទីដែលមានអាកាសធាតុក្តៅខ្លាំង
កុំទទួលទានអាហារកំប៉ុង អាហារស្រាប់ណា ដែលមានប្រអប់វាប៉ោង រហើប ឬមានឡើងពណ៌ ឡើងផ្សិត ពេលបើកភ្លាម
ចំណីអាហារកំប៉ុងបើកហើយ ត្រូវចាក់ដាក់ប្រអប់ ដាក់ចាន កុំទុកក្នុងកំប៉ុងដើមវាឱ្យសោះ
ចំពោះអ្នកចូលចិត្តទទួលទាន និងបេះផ្សិត សូមប្រយ័ត្នពេលដកកុំដាក់ផ្សិតលាយប្រភេទចូលគ្នា និងទទួលទានតែផ្សិតណាដែលអ្នកស្គាល់ច្បាស់។
កុំទទួលទានថ្នាំលាយជាមួយសុរា។
បាក់តេរីភ្នាក់ងារបង្កជំងឺពុលអាហារ
នៅក្នុងភាសាសាមញ្ញ យើងប្រើពាក្យថាពុលអាហារ ឬរលាកពោះវៀន តែតាមការពិត មានជំងឺឆ្លងដល់ទៅជា២០០ខុសគ្នាដែលត្រូវបានចម្លងដោយចំណីអាហារ។ ភ្នាក់ងារចម្លងមេរោគខ្លះ អាចធ្វើឱ្យអ្នកជំងឺទន់ខ្សោយស្រាប់ស្លាប់ និងបង្កជាជំងឺរាតត្បាតខ្លាំងបាន។ ពពួកវីរ៉ុស ចម្លងតាមចំណីអាហារច្រើនតែបង្កជាជំងឺដែលមានសភាពធ្ងន់ធ្ងរខ្លាំង ដូចជាជំងឺរលាកថ្លើមប្រភេទ អា អឺ ឬជំងឺរលាកក្រពះ រលាកពោះវៀន។ ចំពោះពពួកអតិសុខុមប្រាណដង្កូវព្រូនតេនញ៉ា ក៏អាចបង្កឱ្យមានអាការៈនិងជំងឺពុលអាហារបានដែរ។ មេរោគដែលគេជួបប្រទះញឹកញាប់ ជាងគេ និងកាចអាចបង្កជាជំងឺធ្ងន់ គឺពពួកបាក់តេរី Clostridium botulinum, Clostridium perfringens, Campylobacter, Escherichia coli, Salmonella និង Staphylococcus. ដែលជាភ្នាក់ងារធ្វើឱ្យអាហារជូរផ្អូម រលួយ ស្អុយ ធុំក្លិន មានរសជាតិមិនល្អ។ ពពួកវីរ៉ុស និងបាក់តេរី នេះអាចមើលឃើញដោយប្រើមីក្រូទស្សន៍ និងមិនប្រាកដថាធ្វើឱ្យអាហារប្រែប្រួលក្លិននិងរសជាតិភ្លាមទេ តែបាក់តេរីនិងវីរ៉ុសទាំងនោះ នឹងទៅបំបែកខ្លួន បង្កើនសមត្ថភាពបង្កជាជំងឺនៅពេលចូលដល់ក្នុងខ្លួនមនុស្សយើង។
- Clostridium botulinum
ការពុលអាហារដោយពពួកបាក់តេរីbotulinum ច្រើនជាការពុលអាហារធ្ងន់ធ្ងរ។ បាក់តេរីប្រភេទនេះ ច្រើនមានវត្តមាននៅក្នុងអាហារកំប៉ុង អាហារបំរុងទុកសម្រាប់បរិភោគពេលយូរ ធ្វើឱ្យផ្ទាល់ដៃ បែបលក្ខណៈគ្រួសារ។ ធ្វើដោយផ្ទាល់ដៃជាការល្អ ប៉ុន្តែពេលខ្លះយើងមិនអាចគោរពបាននូវកំរិតនៃសីតុណ្ហភាពក្នុងសម្លាប់មេរោគ។ ការពុលអាហារដោយbotulinum ក៏អាចកើតមានឡើង ក្រោយពីការទទួលទានអាហារសាច់ឆៅ ឬគ្រឿងសមុទ្ទមិនស្រស់។ រោគសញ្ញានៃការពុលអាហារដោយពពួកបាក់តេរី botulinum ច្រើនស្តែងឡើងជាទូទៅ ជាអាការៈអស់កម្លាំង ចុះខ្សោយខ្លាំង ក្អួត ចង្អោរ ទល់លាមក និងឈឺក្បាល។ មេរោគនេះអាចវាយលុកដល់ប្រព័ន្ធប្រសាទ ដោយធ្វើឱ្យអ្នកជំងឺមានអាការៈស្រវាំងភ្នែក មើលឃើញរូបឌុប ពិបាកនិយាយស្តី ទន់សាច់ដុំ និងពិបាកដកដង្ហើម។ បើគ្មានការព្យាបាលទាន់ពេលវេលា និងត្រឹមត្រូវទេ អ្នកជំងឺអាចស្លាប់បានក្នុងរវាងពីបីទៅ៧ថ្ងៃ។
- ការពុលអាហារបង្កឡើងដោយពពួកបាកតេរី Clostridium perfringens
បាក់តេរីប្រភេទនេះ បង្កការសាយភាយជាតិពុល នៅក្នុងពោះវៀន បន្ទាប់ពីការទទួលទានអាហារមិនស្អាត មានផ្ទុកមេរោគបាក់តេរីច្រើន។ ពពួកបាក់តេរីនេះ មាននៅក្នុងអណ្តាត សាច់សម្រាប់សោ្ងរស៊ុប ឬនៅក្នុងទឹកជ្រលក់។ រោគសញ្ញាពុលក្អួត ចង្អោរ រាក ក្តៅខ្លួន បង្កដោយបាក់តេរីនេះ ច្រើនលេចឡើងនៅរវាងពី៨ ទៅ២៤ម៉ោង ក្រោយការទទួលទាន។
- បាក់តេរីCampylobacter
ក្រុមនេះមានច្រើននៅក្នុងគ្រឿងក្នុងមាន់ទាជ្រូក គោ កណ្តុល សត្វបក្សាបក្សីព្រៃ សត្វជាមិត្តរបស់មនុស្ស និងនៅក្នុងទឹក (ធម្មជាតិ)។ មេរោគក្រុមនេះអាចបង្កឱ្យមានការរាគរូស ចង្អោរ រមួលក្រពះ ចុកសាច់ដុំ ឈឺក្បាលមួយចំហៀង និងក្តៅខ្លួន។ តែវាក៏អាចបង្កភាពស្មុគស្មាញនិងធ្ងន់ធ្ងរ ទៅជាជំងឺរលាកស្រោមខួរក្បាល រលាកប្រព័ន្ធទឹកមូដ រលាកតម្រងនោម និងសន្លាក់។ ហេតុដូច្នេះហើយបានជាអ្នកឯកទេសបានណែនាំ ឱ្យយើងចំអិន សាច់មាន់ទា សាច់ជ្រូក ឱ្យឆ្អិនមែនទែន សិមបរិភោគ។
- បាក់តេរី ឬអ៊ីកូឡី Escherichia coli
បាក់តេរី ឬអ៊ីកូឡី រស់នៅក្នុងពោះវៀនមនុស្ស និងសត្វមានឈាមក្តៅ (សាច់គោចិញ្ចាំ)។ បាក់តេរីនេះ អាចបង្កជាជំងឺធ្ងន់ធ្ងរខ្លាំងចម្លងបានតាមរយៈចំណីអាហារ។ គេក៏រកឃើញមានវានៅក្នុងសាច់មាន់ទា មិនសូវឆ្អិន ទឹកដែលគ្មានការចម្រាញ់ដាក់ក្លរសម្លាប់មេរោគ និងទឹកផ្លែបោមគាប ដោយមិនឆ្លងកាត់ការប្រព័ន្ធសម្លាប់មេរោគ។ ការពុលអាហារដោយចម្លងបាក់តេរីប្រភេទនេះ អាចបង្កគ្រោះថ្នាក់ដល់ស្លាប់ប្រមាណពី២០ទៅ៣០% ជាពិសេសលើក្រុមមនុស្សវ័យក្មេង នៅជាកុមារ ចាស់ជរា និងអ្នកមានជំងឺប្រចាំកាយខ្សោយប្រព័ន្ធការពារខ្លួន។
- ពុលអាហារដោយបាក់តេរី Salmonella
បាក់តេរីប្រភេទនេះ សំងំរីកធំធាត់នៅក្នុងបំពង់រំលាយអាហារ។ បើចំពោះមនុស្ស ពពួកបាក់តេរីនេះ ជាភ្នាក់ងារបង្កជំងឺរលាកពោះវៀន និងគ្រុនពោះវៀន។ សាច់មាន់ទាឆៅជាទិសដៅស៊ីបរបស់ Salmonella។ សាច់ឆៅ ឬមិនសូវឆ្អិន ទឹកដោះគោឆៅ (ទឹកគោមិនឆ្លងកាត់ប្រព័ន្ធសម្លាប់មេរោគ) ស៊ុត ព្រមទាំងបន្លែផ្លែឈើ សុទ្ធតែអាចចម្លងមេរោគពពួកបាក់តេរី តាមរយៈការប៉ះពាល់ ដីហុយប៉ះ ប៉ះលាមកសត្វ ហើយលាងមិនស្អាត។ រោគសញ្ញាពុលអាហារដោយពពួកបាក់តេរីមានជាអាទិ៍ ឈឺក្បាលមួយចំហៀង រាគ ចុកពោះ ក្អួត ព្រឺ ក្តៅខ្លួន ឬចង្អោរ។
- ពុលអាហារដោយបាក់តេរីstaphylocoques (staphylococcus aureus)
មានជួបប្រទះច្រើន និងញឹកញាប់ជាងគេ ! ព្រោះវាបានទទួលការចម្លងតាមរយៈការប៉ះពាល់ដោយដៃមិនស្អាត ទៅលើចំណីអាហារ រៀបចំមិនស្អាត ឬដោយចុងភៅមានជំងឺ។ ម្ហូបមានមេរោគ ទុកត្រូវថ្ងៃ ត្រូវខ្យល់តែពីរបីម៉ោង គឺគ្រប់គ្រាន់សមល្មមនឹងបាក់តេរីធ្វើការបំបែកខ្លួនបាន។ ញ៉ាំហើយអាចពុល ! ពពួកបាក់តេរីឱកាសនិយមនេះ បើក្នុងទម្រង់កាចអាចធ្វើឱ្យមានបញ្ហារលាកតម្រងនោម និងអាចផ្តល់រោគសញ្ញាដូចជា ចុករមួលពោះ ក្អួត និងរាគខ្លាំង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ