តើការថតឆ្លុះក្រពះ មានដំណើរការយ៉ាងដូចម្តេចខ្លះ ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:៣៩
ជំងឺក្រពះមានច្រើនប្រភេទ តែជំងឺដែលគេជួបប្រទះញឹកញាប់ជាងគេនៅប្រទេសកម្ពុជា គឺជំងឺខ្សោយក្រពះ រលាកក្រពះ ដំបៅក្រពះ និង ជំងឺច្រាលទឹកអាស៊ីតឡើងលើ។ កាលពីសប្តាហ៍មុន លោកអ្នកនាងបានជ្រាបហើយថាអ្វីទៅជាជំងឺរលាកក្រពះ និងជំងឺភើច្រាលឡើងទឹកអាស៊ីត។ ជំងឺក្រពះទាំងអស់នេះ មានអាការៈសញ្ញារោគប្រហាក់ប្រហែលគ្នា គឺមានតែការថតឆ្លុះទេ ទើបអាចកំណត់បានច្បាស់ ថាតើអ្នកជំងឺមានបញ្ហាក្រពះមួយណាជាប្រាកដ។ តើការថតឆ្លុះក្រពះ មានដំណើរការយ៉ាងដូចម្តេច ? និង ក្នុងស្ថានភាពជំងឺបែបណាដែលតម្រូវឱ្យមានការសុងក្រពះ ?
ឈឺក្រពះ ជាជំងឺមួយដែលប៉ះពាល់លើមនុស្សម្នាប្រមាណជា៣០%។ ជំងឺនេះអាចជាការរំខានក្នុងជីវិតរស់ប្រចាំថ្ងៃយ៉ាងខ្លាំង ហើយការព្យាបាលពេលខ្លះពិបាកនឹងជល់មែនទែន ព្រោះការវិភាគដោយសារស្ទាបខាងក្រៅ និងតាមរយៈរោគសញ្ញាស្តែងឡើង មិនអាចកំណត់បានច្បាស់លាស់ថាតើក្រពះមានបញ្ហាអ្វីឱ្យប្រាកដទេ។ រោគសញ្ញានៃជំងឺក្រពះ ដូចជា ជំងឺខ្សោយក្រពះ រលាកក្រពះ ដំបៅក្រពះ និងជំងឺភើច្រាលឡើងមកលើ មានសណ្ឋានប្រហាក់ប្រហែលគ្នាណាស់។ មានតែការថតឆ្លុះសុងក្រពះតែប៉ុណ្ណោះ ដែលផ្តល់ចម្លើយបានពិតប្រាកដ។
ការសុងក្រពះ ជាវិធីសាស្ត្រថតឆ្លុះមើលឃើញដល់ផ្នែកខាងក្នុងនៃបំពង់អាហារ និងក្រពះ ព្រមទាំងពោះវៀន។ វិធីសាស្ត្រនេះ ត្រូវបានពិភពលោកអ្នកវេជ្ជសាស្ត្រ គ្រប់គ្រងបានទាំងស្រុង និងប្រកបដោយពិសោធន៍ខ្ពស់ទៀត។
បំពាក់ដោយកាមេរ៉ាតូចមួយ និងអំពូលភ្លើង នៅចុងខ្សែបំពង់ទន់ៗ និងដោយ រុកបញ្ចូលតាមមាត់ ចុះទៅតាមបំពង់អាហារ រហូតដល់ក្រពះ និងដល់ពោះវៀន វិធីសាស្ត្រថតឆ្លុះនេះ អាចជាឱកាសមួយ ដែលគ្រូពេទ្យឯកទេសអាចមើលឃើញអំពីស្ថានភាពស្រទាប់ភ្នាស ក្នុងប្រព័ន្ធរំលាយអាហារផង និងអាចកាត់សាច់ត្រង់ចំណុចសង្ស័យណាមួយ យកវិភាគស៊ីជម្រៅបន្ថែមទៀតផង។
ការថតឆ្លុះបែបនេះ អាចប្រព្រឹត្តទៅក្នុងទម្រង់ពីរយ៉ាង ៖
ទីមួយ ដោយប្រើថ្នាំសណ្តំទូទៅ ឱ្យអ្នកជំងឺគេងសន្លប់ស្រាល ក្នុងអំឡុងពេលថតឆ្លុះ
ទីពីរ ដោយគ្រាន់តែដាក់ថ្នាំស្ពឹក ទប់កុំឱ្យអ្នកជំងឺមានអារម្មណ៍ចង់ក្អួតចង្អោរ តែអ្នកជំងឺនៅមានស្មារតីពេញលេញ។
តើការសុងក្រពះដោយចាក់ថ្នាំសន្លប់ មានដំណើរការយ៉ាងដូចម្តេច ?
មុនពេលចាប់ផ្តើមថតឆ្លុះ ក្រុមគ្រូពេទ្យត្រូវផ្ទៀងផ្ទាត់ វាស់វែង ចង្វាក់បេះដូង ចង្វាក់ដង្ហើមនិងសម្ពាធឈាម។ ក្រោយពីវេជ្ជបណ្ឌិតជំនាញថ្នាំសណ្តំមកដាក់ចាក់ថ្នាំឱ្យអ្នកគេងលក់ គ្រូពេទ្យឯកទេសក្រពះពោះវៀន ចាប់ផ្តើមរុកបំពង់ថតឆ្លុះតាមមាត់ ឬតាមច្រមុះ ព្រមទាំងបាញ់បញ្ចូលខ្យល់ ទៅក្នុងប្រព័ន្ធរំលាយអាហារ ដើម្បីពង្រីកផ្ទៃជញ្ជាំងក្រពះ ដែលរួមតូច ដោយសារអ្នកជំងឺត្រូវអត់អាហារ តាំងពី៦ម៉ោងមុនទៅពេទ្យ។ បន្ទាប់មក ដោយសារកូនកាមេរ៉ា គ្រូពេទ្យអាច ពិនិត្យមើលបានយ៉ាងសព្វគ្រប់ ផ្នែកខាងក្នុងនៃបំពង់អាហារ ក្រពះ និងពោះវៀន។ ប្រសិនបើចាំបាច់ ពេទ្យអាចបញ្ជាម៉ាស៊ីនសុងក្រពះនេះឱ្យកាត់ច្រិប ឬព្យាបាលផ្នែកណាមួយដែលជាប់សង្ស័យ មុនដកម៉ាស៊ីនសុងចេញមកវិញ។
ការថតឆ្លុះចប់ គេបញ្ជូនអ្នកជំងឺឱ្យមកសម្រាកនៅបន្ទប់ប្រពោធនកម្ម ដើម្បីឱ្យអ្នកភ្ញាក់។ អ្នកជំងឺនឹងដឹងខ្លួនឡើងវិញ នៅប្រមាណពីរបីនាទីក្រោយ ប៉ុន្តែគ្រូពេទ្យត្រូវការបន្តការតាមដាន មើលសម្ពាធឈាម ដង្ហើម និងស្ថានភាពទូទៅ ថាគ្មានការឈឺចុកចាប់អ្វី រយៈពេលមួយឬពីរម៉ោងទៀតសិន មុននឹងបញ្ជូនឱ្យអ្នកជំងឺសម្រាកបន្ថែមមួយម៉ោងពីរទៀត។ អ្នកជំងឺអាចទទួលទានអាហារអ្វីបន្តិចបន្តួច រួចចេញមកផ្ទះ ក្នុងថ្ងៃដដែល ជាមួយនឹងកំណត់សម្គាល់និងយោបល់របស់គ្រូពេទ្យឯកទេស។ តែលទ្ធផលវិភាគសាច់ នឹងផ្តល់ជូនតាមក្រោយ។
តើការសុងក្រពះដោយចាក់ថ្នាំស្ពឹកមានដំណើរការយ៉ាងដូចម្តេច?
មុនចាប់ផ្តើមរុកម៉ាស៊ីនសុង គ្រូពេទ្យបានដាក់ថ្នាំស្ពឹក ដោយបាញ់ស្ព្រាយ ឬ ដោយលាបជែល បំពង់កឱ្យស្ពឹក។ បន្ទាប់មក អ្នកជំងឺត្រូវគេងផ្អៀង ខាងឆ្វេង ហើយគ្រូពេទ្យក៏ចាប់រុកម៉ាស៊ីនសុង តាមមាត់ ឬតាមច្រមុះ។ ដើម្បីសម្រួលការរុក និងដើម្បីកុំឱ្យក្អួត គ្រូពេទ្យណែនាំឱ្យដងដង្ហើមវែងៗ បន្ធូរអារម្មណ៍ និងកុំលេបទឹកមាត់ឱ្យសោះ បណ្តោយទុកឱ្យវាហូរមកក្រៅទៅ។ គ្រូពេទ្យបាញ់ខ្យល់បញ្ចូលក្រពះ ហើយបញ្ជាថតឆ្លុះមើលពេញផ្ទៃប្រព័ន្ធរំលាយអាហារ ក្រពះ និងបំពង់អាហារ រយៈពេលពីរបីនាទី។ ក្នុងរយៈពេលនោះ បើចាំបាច់ គ្រូពេទ្យនឹងធ្វើការចិបសាច់មកក្រៅដើម្បីវិភាគ មុនទាញម៉ាស៊ីនសុងចេញមកវិញ។ គ្រូពេទ្យអាចផ្តល់យោបល់ ប្រាប់អំពីអាការៈជំងឺ ដោយភ្លាមនោះ។ ហើយបន្ទាប់ពីបានសម្រាក សម្រួលឥរិយាបថ ក្រោមការតានដានរបស់វេជ្ជបណ្ឌិតប្រមាណជា២ម៉ោង អ្នកជំងឺអាចចេញពីមន្ទីរពេទ្យ ត្រលប់មកផ្ទះវិញ ដោយបើកឡានខ្លួនឯងក៏បាន។ សូមរង់ចាំឱ្យអស់ជាតិស្ពឹក នៅមាត់បំពង់កសិន សឹមទទួលទានទឹក និងចំណីអាហារ ដើម្បីចៀសវាងកុំឈ្លក់ ឬស្លាក់ ព្រោះភាពស្ពឹកអាចធ្វើចំណីអាហារធ្លាក់ខុសផ្លូវ ទៅចូលបំពង់ខ្យល់។
ផលរំខានក្រោយការសុងក្រពះ
ទោះសុងក្រពះដោយប្រើថ្នាំស្ពឹក ឬថ្នាំសណ្តំក្តី ក៏ពីរបីម៉ោងក្រោយការរុកថតឆ្លុះក្រពះរួច អ្នកជំងឺមានអារម្មណ៍រំខានមួយចំនួនដូចជា ៖
គ្មានការឈឺចាប់ទេ តែមានអារម្មណ៍ថាប៉ោងទល់ពោះ ហាក់ដូចជាមានខ្យល់ មានហ្កាស និងអាការៈច្រាលខ្យល់ឡើង នៅក្នុងបំពង់ប្រព័ន្ធរំលាយអាហារ
ក្អួត/ចង្អោរ
ក្នុងករណីសុងប្រើថ្នាំស្ពឹក អ្នកជំងឺមានអារម្មណ៍រំខានក្នុងមាត់ និងបំពង់ក
ប៉ុន្តែអ្នកជំងឺអាចធ្វើសកម្មភាពនិងប្រកបរបរប្រចាំជីវិតតាមទម្លាប់ឡើងវិញបាន ក្នុងថ្ងៃតែមួយចំពោះអ្នកដែលជ្រើសរើសសុងក្រពះដោយថ្នាំស្ពឹក និងត្រូវចាំនិងសម្រាកមួយថ្ងៃសម្រាប់អ្នកសុងក្រពះដោយថ្នាំសណ្តំ។
សូមចងចាំថា វិធីសាស្ត្រថតឆ្លុះក្រពះ ត្រូវបានវេជ្ជសាស្ត្រសម័យបច្ចុប្បន្នគ្រប់គ្រងបានទាំងស្រុង។ ការសុងក្រពះ កម្របន្សល់ទុកនូវផលវិបាក ដូចជាគ្រោះមានរបួស មានការធ្លុះស្រទាប់ប្រព័ន្ធរំលាយអាហារ ឬដាច់ហូរឈាម ខ្លាំងណាស់។ ប៉ុន្តែប្រសិនបើលោកអ្នកសង្កេតឃើញមានអាការៈសញ្ញាមិនធម្មតា មានជាអាទិ៍ ឈឺក្នុងពោះ ដើមទ្រូង ក្អួតមកមានឈាម ក្អក និងក្តៅខ្លួន សូមរួសរាន់ទាក់ទងទៅគ្រូពេទ្យឯកទេសថតឆ្លុះក្រពះនោះវិញភ្លាម ឬក៏ប្រញាប់ទៅជួបគ្រូពេទ្យប្រចាំផ្ទាល់ខ្លួនក៏បាន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ