តើមូសពិតជាចូលចិត្តខាំអ្នកមានឈាមផ្អែមមែនឬ ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៩:២៨
កន្ទួល រមាស់ ស្នាមខ្មៅ ស្នាមក្រហម មិនមែនត្រឹមតែរំខានដោយការរមាស់ អេះទេ មូសខាំ អាចនាំមេរោគ បង្កជំងឺធ្ងន់ធ្ងរមួយចំនួនដូចជា គ្រុនឈាម គ្រុនចាញ់ ... មូសជាឃាតករសម្លាប់មនុស្សលោកច្រើនជាងសត្វល្អិត និងសត្វផ្សេងៗទៀតឆ្ងាយណាស់។ ក្នុងមួយឆ្នាំៗ មានមនុស្សប្រមាណជាងបីលាននាក់បានស្លាប់ដោយមេរោគចម្លងដោយមូស។ហេតុអ្វីបានជាមូសចូលចិត្តខាំមនុស្ស ? ហើយហេតុអ្វីចូលចិត្តខាំអ្នកជាងគេ ? តើគេគួរជឿទុកចិត្តលើផលិតផលការពារកុំឱ្យមូសខាំដែរឬទេ ?
អ្នកវិទ្យាសាស្ត្ររាប់ឃើញមានសត្វមូសប្រមាណដល់ទៅជាង៣៥០០ប្រភេទ ! គ្រប់សត្វមូសញី សុទ្ធតែខាំជញ្ជក់ឈាមគេ តែជាសំណាង មានពពួកមូសតែ៣០០ប្រភេទប៉ុណ្ណោះដែលចូលចិត្តខាំមនុស្ស និងមានតែពពួកមូសបីគ្រួសារធំ ដែលខាំខ្លាំងជាង ៖
- គ្រូសារ Aedes ជាពពួកមូសខ្លា ដែលអាចបង្កជំងឺគ្រុនឈាម ហ្ស៊ីកា ឈីគុនហ្គូនយ៉ា
- គ្រូសារ Anophèles ជាពពួកមូសដែកគោល ដែលជាភ្នាក់ងារបង្កជំងឺគ្រុនចាញ់
- គ្រួសារ Culex ជាពពួកមូសរួម
ប៉ុន្តែតើជាពិតដែរឬទេ ដែលថាមូសចូលចិត្តខាំអ្នកនេះជាងអ្នកនោះ ? បើមែន តើមកពីហេតុអ្វីទៅ ?
អ្នកវិទ្យាសាស្ត្រក៏បានចាប់អារម្មណ៍នឹងបញ្ហានេះដែរ។ ការសិក្សាក៏មានច្រើនណាស់។ ការសិក្សាផ្តោតខ្លាំងទៅលើពពួកសត្វមូសដែលជាភ្នាក់ងារចម្លងមេរោគគ្រុនចាញ់ និងគ្រុនឈាម ... ជាលទ្ធផល មានស្បែកមនុស្សខ្លះ មូសខាំច្រើន មនុស្សខ្លះទៀត មូសមិនសូវខាំមែន !
ដើម្បីបានយល់ថាហេតុអ្វីមូសមានចំណូលចិត្តខាំម្នាក់នេះជាងម្នាក់នោះ យើងត្រូវដឹងថាតើអ្វីទៅដែលទាក់ទាញមូលឱ្យមកខាំយើង។
នៅក្នុងគ្រប់ការសិក្សាទាំងអស់ មិនថាលើពពួកមូសប្រភេទណាទេ សុទ្ធតែបានផ្តល់សេចក្តីសន្និដ្ឋានដូចគ្នា គឺមនុស្សជាចំណីដ៏ឆ្ងាញ់ជាងគេរបស់មូស។ បើមានសត្វជ្រូក សត្វឆ្កែ សត្វគោ ក្របី ស្វា និងមនុស្ស មូសប្រាកដជាហើរសំដៅរកឈាមមនុស្សហើយ ទោះបីជាមនុស្សនៅឆ្ងាយជាងគេក៏ដោយ។
បើតាមការស្រាវជ្រាវ មូសត្រូវបានទាក់ទាញដោយឧស្ម័នកាបូនិក ! នៅពេលមានក្លិននេះ មូសផ្តើមហោះហើរទៅរកប្រភពនៃក្លិន នៅពេលជិតទៅដល់ក្នុងរង្វង់អង្កត់ផ្ចិត១០ម. មូសចាប់ផ្តើមតម្រង់ទិសទៅរកចំណី (ប្រភពក្លិន) នៅត្រង់ចំណុចណាដែលងងឹតជាងគេ។ ពន្លឺមិនទាក់ទាញសត្វមូសទេ ដូច្នេះដាក់ឬបិទអំពូលភ្លើងបំភ្លឺមិនមែនជាមធ្យោបាយការពារមិនឱ្យមូសខ្លាំងឡើយ។ ផ្ទុយទៅវិញ មូសមានអាំងហ្វារ៉ូ អាចមានសមត្ថភាពមើលឃើញចាប់ទិសដៅចំណីបានតាមរយៈកម្តៅ (ចាប់ពី៣៧អង្សារទៅ ពោលគឺកម្តៅខ្លួនមនុស្ស) ចម្ងាយ២០ស.ម.មុន។
ក្លិននិងកម្តៅ គឺជាអ្វីដែលមនុស្សបញ្ចេញ ! ហេតុដូច្នេះហើយបានជាមូសចូលចិត្តខាំមនុស្ស ប៉ុន្តែអ្វីខុសប្លែកពីគ្នា គឺទីតាំងនៃការខាំ។ តាំងពីជាច្រើនទសវត្សរ៍មកហើយ អ្នកស្រាវជ្រាវបានដឹងយ៉ាងច្បាស់ ពពួកមូសខ្លះមានចំណូលចិត្តខាំមនុស្សត្រង់ផ្នែកណាមួយនៃខ្លួន។ ពពួកមូសដែកគោល ចូលចិត្តខាំនៅជើង កងជើង ខ្លះនៅដៃ ខ្លះនៅក ...
ហេតុអ្វី ? នេះគឺបណ្តាលមកពី ក្លិនញើស។ អ្នកស្រាវជ្រាវបានសម្គាល់ឃើញថា ក្លិនញើសទាក់ទាញមូសខ្លាំងណាស់ ពីព្រោះនៅក្នុងញើសមានឧស្ម័នកាបូនិក។ ម្យ៉ាងវិញទៀត ការស្រាវជ្រាវកាន់តែស៊ីជម្រៅ បានបង្ហាញថា មូសមានអង់ទែននៅក្បែរទ្រនិចរបស់វា ដែលអាចចាប់មិនមែនត្រឹមតែក្លិននិងកម្តៅខ្លួនមនុស្សទេ តែអាចចាប់ដឹងថាមានពពួកមីក្រុមដែលពួកគេចង់ស៊ីនៅតោងនៅលើស្បែកមនុស្សយើង។ ដោយសារតែសមាសភាគនៃបាក់តែរីលើស្បែកនេះឯងដែលមូសចង់ខាំអ្នកនេះជាងអ្នកនោះ។ ហើយមូសខ្លះចូលចិត្តខាំអ្នក ពពួកមូលខ្លះទៀតមិនចូលចិត្តឡើយ។
មូសមានច្រើនប្រភេទណាស់ ! គេរាប់ឃើញមានដល់ទៅ៦៥ប្រភេទនៅប្រទេសបារាំង។ មូសពពួកអាណាហ្វែលដែលជាភ្នាក់ងារបង្កជំងឺគ្រុនចាញ់ ចូលចិត្តខាំស្បែកណាដែលមានសមាសភាគបាក់តេរី Brevibacterium epidermidis បាក់តេរីបង្កឱ្យមានក្លិននៅជើង។
ចុះតើការសម្គាល់ ដែលថាមូសខាំមកពីឈាមផ្អែម ? តើអ្នកស្រាវជ្រាវពន្យល់យ៉ាងដូចម្តេចដែរ ?
គេធ្លាប់និយាយច្រើនអំពីករណីឈាមផ្អែម ឈាមក្តៅ ស្បែកផ្អែមទើបមូលចូលចិត្តខាំ។ មានជំនឿខ្លះទៀតយល់ថា ការទទួលទានចំណីមួយចំនួនក៏ទាក់ទាញមូសឱ្យខាំដែរ ប៉ុន្តែគេទំនងជាត្រូវរង់ចាំសិន រង់ចាំក្រែងមានការស្រាវជ្រាវផ្តល់លទ្ធផលជាក់ស្តែងណាមួយពីការរកឃើញបច្ចុប្បន្ន។ គិតមកទល់ពេលនេះ គ្មានការសិក្សាណាបង្ហាញថាមូលចូលចិត្តឈាមផ្អែមឬឈាមត្រជាក់ទេ។ នៅក្នុងគ្រប់ការវិភាគកន្លងមក បម្រែបម្រួលប្រភេទឈាម ឬអត្រាជាតិស្ករក្នុងឈាម មិនបានប្តូរផ្លាស់តុល្យការនៃការខាំរបស់មូសឡើយ។
ប៉ុន្តែទាក់ទងនឹងរបបចំណីអាហារ នៅក្នុងការស្រាវជ្រាវ កាលពីឆ្នាំ២០១០ អ្នកវិភាគបានរកឃើញថា ការបរិភោគស្រាបៀបានបង្កើនគ្រោះហានិភ័យមូសខាំខ្លាំង។ បើតាមការពន្យល់តាមបែបវិទ្យាសាស្ត្រ មូសចិត្តខាំអ្នកផឹកស្រាបៀ ក៏ព្រោះបៀ ក៏ដូចជាសុរាផ្សេងទៀត នៅពេលទទួលទានចូលទៅវាបានបង្កើនការបែកញើស បង្កើនការបញ្ចេញឧស្ម័នកាបូនិក។ ហើយគឺឧស្ម័នកាបូនិកនិងញើសនេះឯងដែលជាអ្នកទាក់ទាញមូស។
មូសខាំ ហាមអេះ ហេតុអ្វី ?
នៅពេលមូលខាំបឺតឈាមមនុស្ស មូសបានបញ្ចេញទឹកមាត់វាបញ្ជូលទៅក្នុងស្បែកយើងដើម្បីពង្រាវឈាម។ គឺវត្តមានទឹកមាត់មូស ដែលប្រព័ន្ធការពារខ្លួនត្រូវបញ្ចេញប្រតិកម្មប្រឆាំង ដោយបញ្ជូនមូលេគុល Histamine ទៅទប់ទល់និងការពារសរីរាង្គកាយយើងមិនឱ្យរងសារធាតុថ្មីមកពីក្រៅ។ គឺ ហ៊ីតាមីននេះឯងដែលបង្កជាកន្ទួល និងការរមាស់។ ហេតុដូច្នេះហើយបានជាអាការៈកន្ទួលនិងរមាស់ ដោយមូសខាំមានខ្លាំង នៅដើមរដូវមូស ជាងនៅចុងរដូវនោះ។
ប៉ុន្តែសូមកុំអេះ ! កន្ទួលខ្លះឡើងដល់ពងមានដក់ទឹកទៀត។ បើក្នុងករណីបែបនេះ សូមកុំអេះឱ្យសោះ ព្រោះអាចក្លាយ ឬការបង្កមេរោគ បើនិយាយតាមភាសាបច្ចេកទេសពេទ្យ។ ជាធម្មតា បើកាន់តែអេះ កាន់តែរមាស់ ព្រោះនៅពេលអេះ មូលេគុលហ៊ីតាមីនកាន់តែមានសកម្មភាពរីកសាយភាពកាន់ខ្លៃ ទើបកាន់តែរមាស់។ ហើយការអេះអាចធ្វើឱ្យរលាត់ដាច់សាច់ ក្លាយការបង្ករោគបន្ថែមមួយទៀត។ ម្យ៉ាងទៀត! បើក្រុមអ្នកស្រាវជ្រាវវេជ្ជសាស្ត្រ ពាក្យណែនាំ មិនឱ្យអេះស្នាមមូសខាំ គឺជាដើម្បីកុំឱ្យរំខានយន្តការការពាររបស់សរីរាង្គមនុស្ស។
វិធីការពារ
អ្វីដែលប្រសើរបំផុតគឺ ការពារ ! ការពារកុំឱ្យមូសខាំ។ មានមូលេគុលសំយោគ ឬផលិតផលគីមីបួនប្រភេទ ដែលមានសមត្ថភាពបណ្តេញមូស ប្រកបដោយប្រសិទ្ធិភាព ៖ DEET, IR 3535, Pycaridine, PMD RDO។ សូមប្រឹងចងចាំឈ្មោះមូលេគុលបួនប្រភេទនេះ ដែលជាធម្មតា ត្រូវមានសរសេរបញ្ជាក់លើកញ្ចប់ របស់ផលិតផលប្រឆាំងមូស។
ចំណែកប្រសិទ្ធិភាពរបស់ស្លឹកគ្រៃក្នុងការបណ្តេញមូសវិញ មិនត្រូវបានរកឃើញនៅក្នុងការសិក្សាតាមបែបវិទ្យាសាស្ត្រទេ។ ស្លឹកគ្រៃអាចបណ្តេញមូសបានតែមួយភ្លែតប៉ុណ្ណោះ។ ចំណែកផលិតផលលាបខ្លួន កងដៃបណ្តេញមូស ម៉ាស៊ីនUltrason ក្រដាសបិទលើខ្លួន ព្រមទាំងផលិតផលជាច្រើនផ្សេងទៀត ផលិតដោយធម្មជាតិ ឬតាមបែបគីមី វិទ្យាសាស្ត្រ អាចមានប្រសិទ្ធិភាពយ៉ាងត្រឹម២០នាទីប៉ុណ្ណោះ។
សូមកុំរំពឹងតែលើផលិតផលបណ្តេញមូសតែម្យ៉ាង ! នៅប្រទេសកម្ពុជា កម្តៅ សំណើម ជាអាកាសធាតុដ៏ប្រពៃនៃការលូតលាស់របស់សត្វមូសចង្រៃ។ សូមសម្អាតទីធ្លា បំបាត់ថ្លុក បំបាត់ជំរកមូស សម្អាតផ្ទះសម្បែង ឱ្យមានខ្យល់ចេញចូលនិងពន្លឺ ! ព្រមទាំងគេងដាក់មុង។ មិនត្រូវធ្វើប្រហែសនឹងបរិស្ថានជុំវិញផ្ទះ និងភូមិឋានទេ ព្រោះបើតាមអ្នកស្រាវជ្រាវនៃវិទ្យាស្ថានប៉ាស្ទ័របារាំង មូសកាច និងបង្កគ្រោះថ្នាក់ខ្លាំង គឺអាស្រ័យលើបរិស្ថាននៃកំណើតរបស់ពួកគេ។ សមត្ថភាពចម្លងជំងឺរបស់មូសមកមនុស្សប្រែប្រួលទៅប្រភពទឹកដក់ដែលបង្កបង្កើតពួកគេ។ ប៉ុន្តែអ្នកវិទ្យាសាស្ត្រពុំទាន់មានចម្លើយថាតើមូសស្រុកនិងមូសព្រៃ មួយណាគ្រោះថ្នាក់ជាងមួយណាទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ