ស្រាបៀជាប់សង្ស័យជាអ្នកបង្កជំងឺរលាកសន្លាក់
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:២៦
នរណាមិនចូលចិត្តស្រាបៀ ? ប៊ីយេរ មានច្រើនយ៉ាង ច្រើនម៉ាក និងជាទីពេញនិយមខ្លាំងណាស់ ! ប៉ុន្តែស្រាបៀមិនមែនជាភេសជ្ជៈដ៏សាមញ្ញឡើយ ! ស្រាបៀអាចធ្វើឱ្យអ្នកធ្លាក់ខ្លួនជាមនុស្សញៀនសុរា និងមានបញ្ហាសុខភាពជាច្រើន។ គុណប្រយោជន៍នៃការទទួលស្រាបៀ ដែលគេតែងឃោសនាកន្លងមក មិនត្រូវបានរកឃើញទេ នៅពេលធ្វើវិភាគសិក្សាត្រឹមត្រូវ។ ខាងក្រោមនេះជាមូលហេតុ៥យ៉ាងដែលអ្នកគួរឈប់ទទួលទានស្រាបៀ។
ស្រាបៀ ជាគ្រឿងស្រវឹង មានជាតិអាល់កុល មានជាតិសុរ៉ា ដូច្នេះយើងត្រូវទទួលទានវា ដោយប្រុងប្រយ័ត្ន និង មានកំរិតបំផុត !
ទទួលទានតិច ហានិភ័យក៏មានទាប ! ដើម្បីការពារហានិភ័យ វិធីសាស្ត្រដ៏ប្រសើរបំផុតគឺមិនត្រូវទទួលទានសោះ នូវរាល់គ្រប់ប្រភេទនៃសុរា ! គ្រោះថ្នាក់ដ៏សំខាន់ជាងគេ បង្កឡើយដោយសុរា គឺ ភាពញៀន ឬភាពប្រមឹក។ ហើយគឺការញៀននិងភាពប្រមឹកនេះឯងដែលបង្កើនហានិភ័យអ្នកប្រព្រឹត្តឱ្យជួបបញ្ហាសុខភាពផ្លូវកាយផង និងបញ្ហាសុខភាពផ្លូវចិត្តទៀត។
ស្រាបៀទំនងជាអាចផ្តល់គុណប្រយោជន៍ខ្លះដែរ ដល់សុខភាព ប៉ុន្តែគុណប្រយោជន៍នោះនឹងត្រូវរលត់រលាយទៅវិញ ប្រសិនបើអ្នកទទួលទានច្រើនជ្រុល។
បង្កើនគ្រោះកើតជំងឺមហារីក
ដូចជាអាល់កុលនិងជាតិសុរាដទៃទៀតដែរ ស្រាបៀបង្កើនហានិភ័យកើតជំងឺមហារីក។ តើជាជំងឺមហារីកអ្វី ? សុរាជាភ្នាក់ងារទទួលខុសត្រូវបង្កជំងឺមហារីកច្រើនមុខណាស់ ! សរីរាង្គកាយមនុស្សផ្នែកណាដែលគ្រឿងស្រវឹងបានហូរឆ្លងកាត់ សរីរាង្គនោះសុទ្ធតែរងហានិភ័យអាចរាលដាលទៅកើតជាជំងឺមហារីក ពោលគឺ តាំងពីមាត់ អណ្តាត បំពង់អាហារ ក្រពះ ថ្លើម ពោះវៀនតូច ពោះវៀនធំ ...គ្មានផ្នែកណាមួយបានរួចខ្លួនទេ។
ក្រៅអំពីឈ្មោះជំងឺដ៏កាចសាហាវគួរឱ្យខ្លាចបំផុតនោះ ស្រាបៀអាចជាដើមហេតុបង្កជំងឺក្រិនថ្លើម ជំងឺថ្លើមរ៉ាំរ៉ៃ ដែលងាយនឹងវិវឌ្ឍន៍ទៅជាដុំសាច់មហារីក។ ជាតិសុរា-ស្រាបៀ នឹងទៅរំខានថ្លើមមិនឱ្យបំពេញតួនាទីដ៏សំខាន់មិនអាចខ្វះបានរបស់មនុស្ស នោះគឺ តួនាទីបំផ្លាញជាតិពុលពីក្នុងខ្លួន ជួយរំលាយអាហារ រក្សាបំរុងទុកថាមពល និងការសំយោគសារធាតុចិញ្ចឹម (ចំណីអាហារទៅចិញ្ចឹមសរីរាង្គ)។
ស្រាបៀផ្តល់ថាមពលខ្លាំង
មានតែផលិតផលឧបភោគបរិភោគពពួកស្រាបៀ និងសុរាទេ ដែលគ្មានដាក់ផ្លាកលម្អិតអំពីធាតុផ្សំ និងកំរិតថាមពលផ្តល់ដោយភេសជ្ជៈនោះទេ។ ជាទូទៅអ្នកលក់ស្រាបៀតែងឃោសនាអួតអាងថាបៀមិនសូវផ្តល់ថាមពល និងមិនធ្វើឱ្យធាត់ទេ។ ពាក្យសំអាងនេះមិនខុសឡើយ ! ព្រោះថា ក្នុង១០០មីល្លីលីត្រ បៀផ្តលថាមពលប្រមាណ៤៦គីឡូកាឡូរី ស្រាក្រហម វីស្គី
ប៉ុន្តែនៅក្នុងស្ថានភាពជាក់ស្តែង តើនរណាទទួលទានស្រាបៀម្តង១០០មីល្លីលីត្រ ?! ស្រាបៀដាកជូនភ្ញៀវមួយកែវស្តង់ដារមានបរិមាណដល់ទៅ ២៥០មីល្លីលីត្រ ដែលផ្តល់ថាមពលដល់ទៅ ១២០ គីឡូកាឡូរីឯណោះ ទល់នឹង១០០Kcal សម្រាប់ស្រាក្រហមមួយកែវ (១២៥ម.ល.) ឬ៧០Kcal សម្រាប់មួយកែវវីស្គី (៣០ម.ល.)។
នេះមិនមែនជាការណែនាំឱ្យអ្នកប្តូរទម្លាប់ទទួលទានស្រាបៀទៅទទួលទានស្រាក្រហម ឬវីស្គី ឬពពួកស្រាខ្លាំងនោះឡើយ តែជាការដាស់ស្មារតីលោកអ្នកឱ្យជ្រួតជ្រាបអំពីផលវិបាកនៃស្រាបៀចំពោះសរីរាង្គកាយ ដោយធ្វើឱ្យអ្នកចូលចិត្តទទួលទានវាឡើងទម្ងន់។ ជាថ្មីម្តងទៀត គ្រប់សារធាតុអាល់កុលសុទ្ធតែផ្តល់ថាមពលខ្លាំង។ ក្នុងមួយក្រាមអាល់កុល មានផ្ទុកថាមពលដល់ទៅ ៧ គីឡូកាល់ឡូរី ពោលគឺស្មើនឹងទទួលទានប៊ឺមួយក្រាម។
ដើម្បីសម្រួលការគិត សូមចងចាំថា ស្រាបៀកំប៉ុងឬដបឬកាច់ ដែលមានអត្រាជាតិអាល់កុល ៥% គឺស្មើនឹងមានជាតិអាល់កុល ៤៤ក្រាម។
ដូច្នេះ ក្រៅអំពីហានិភ័យជួបគ្រោះកើតជំងឺមហារីក ក្រិនថ្លើម ស្រាបៀអាចរួមចំណែកយ៉ាងខ្លាំងឱ្យយើងឡើងទម្ងន់ មានជំងឺធាត់ជ្រុល និងមានជំងឺសរសៃឈាមបេះដូង។
ស្រាបៀអាចផ្តល់ផលល្អចំពោះបេះដូង បើធ្វើកីឡា និងផឹកម្តងម្កាល ?
ការសិក្សាជាច្រើនបានបង្ហាញថា មនុស្សដែលសកម្មខ្លាំង បញ្ចេញកម្លាំងកាយច្រើនមែនទែន ការទទួលទានសុរា និងស្រាបៀបន្តិចបន្តួចអាចផ្តល់ប្រយោជន៍ជាការការពារបេះដូង ! នេះបើតាមប្រសាសន៍របស់សាស្ត្រាចារ្យវេជ្ជសាស្ត្រជំនាញបេះដូង លោក Jean Pierre Després កាលពីឆ្នាំ២០១១។ សម្រាប់លោកសាស្ត្រាចារ្យ បន្សំជីវិតបែបសកម្ម និងទទួលទានស្រាបៀមានកំរិត មិនមែនជាការបំផ្លាញសុខភាពទេ។ ប៉ុន្តែកំរិតនៃការទទួលទានជាតិសុរានោះ ត្រូវតែតិចតួច និងសមហេតុផលបំផុត ! តិចរហូតមិនបាច់ទទួលទានសោះតែម្តងទើបស្រួលគិត ដើម្បីបញ្ចៀសពាក្យថា ផឹកជ្រុល។
សម្រាប់ក្រុមអ្នកកីឡាដែលគិតថា ផឹកស្រាបៀដើម្បីប្រមូលកម្លាំងបានឆាប់ បំបាត់អាការៈស្រេកទឹកបានលឿន គួរតែទទួលទានទឹកជាជំនួសវិញទើបមានគុណប្រយោជន៍ប្រសើរពិត។ ការពីបានបញ្ចេញកម្លាំងកាយ ខ្លួនប្រាណយើងត្រូវការជាតិសំណើម។ ឯជាតិអាល់កុលជាភ្នាក់ងារចម្រោះទឹក ជាមេសម្ងួត ! ដូច្នេះគេមិនត្រូវទទួលទានវាទេ ! ស្រាបៀ ច្រោះលឿនជាងភេសជ្ជៈអាល់កុលផ្សេងៗទៀតខ្លាំងណាស់។ បើច្រោះកាន់តែលឿន មានន័យសរីរាង្គកាយក៏ឆាប់ខ្សោះអស់ជាតិទឹកកាន់តែឆាប់ដែរ។
ស្រាបៀជាប់សង្ស័យបង្កជំងឺរលាកសន្លាក់ឆ្អឹង
នៅឆ្នាំ២០១៥ អ្នកស្រាវជ្រាវសាកលវិទ្យាល័យណុតធីងហ្កាម បានសាកសួរមនុស្សពីរក្រុម ៖ មួយក្រុមជាអ្នកមានជំងឺរលាកសន្លាក់ឆ្អឹងធ្ងន់ធ្ងរ និងមួយក្រុមទៀតជាមនុស្សជាមានសុខភាពល្អ អាយុពី៤៥ឆ្នាំទៅ៨៦ឆ្នាំ។ ក្រុមអ្នកមានជំងឺសុទ្ធតែជាអ្នកទទួលទានសុរាទាំងអស់ និងគ្រឿងស្រវឹងគ្រប់ប្រភេទ។ ជាងនេះទៅទៀត ក្នុងចំណោមក្រុមអ្នកជំងឺនោះ មួយភាគធំជាអ្នកមានចំណូលចិត្តប្រព្រឹត្តពិសារបៀរ។ គ្មានអ្វីគួរឱ្យចម្លែកនិងភ្ញាក់ផ្អើលទេ ព្រោះថាភេសជ្ជៈមួយប្រភេទនេះ សម្រួលឱ្យងាយឡើងទម្ងន់ ដែលប្រៀបដូចជាបានបង្កើនគ្រោះហានិភ័យឱ្យងាយមានជំងឺរលាកសន្លាក់។
ដើម្បីអាចចេញសេចក្តីសន្និដ្ឋានបូកសរុបលទ្ធផលនៃការសិក្សាបាន អ្នកស្រាវជ្រាវបានផ្តោចចំណាប់អារម្មណ៍លើបរិមាណស្រាបៀដែលក្រុមអ្នកជំងឺនោះទទួលទានក្នុងមួយសប្តាហ៍ៗ។ ជនណាដែលផឹកស្រាបៀពី៨ទៅ១៩កែវ (កែវស្តង់ដារ ២៥០ម.ល.) ក្នុងមួយសប្តាហ៍ និងមានអាយុពី២១ទៅ៥០ឆ្នាំ ហានិភ័យកើតជំងឺរលាកសន្លាក់ឆ្អឹងបានកើនឡើងពី ៤ទៅ ១១៥% ច្រើនជាងអ្នកមិនបរិភោគសោះ។ បរិភោគបៀរចាប់ពី១០កែវឡើងទៅក្នុងអាទិត្យ កំណើនគ្រោះថ្នាក់កើតជំងឺឆ្អឹងឡើងខ្ពស់ខ្លាំងដល់ទៅ +៤៥%ទៅ ២១៩%។
អ្នកស្រាវជ្រាវទទួលយកលទ្ធផលប្រកបដោយភាពប្រុងប្រយ័ត្ននៅឡើយ ព្រោះតែការសិក្សានេះផ្អែកទៅលើហេតុការណ៍ដែលបានកើនឡើងរួចទៅហើយ តាមរយៈសំណួរចម្លើយផ្តល់ដោយអ្នកជំងឺផ្ទាល់ ឬពីក្រុមគ្រួសារ។ ដូច្នេះវាអាចមានការឆ្លើយបំផ្លើស ឬចម្លើយបង្រួម។ យ៉ាងណាក៏ដោយ ក៏អ្នកស្រាវជ្រាវបានប្រាកដចិត្តខ្លាំងអំពីផលវិបាកជាយថាហហេតុបង្កឡើងដោយស្រាបៀ ព្រោះនៅក្នុងការសិក្សានេះ អ្នកស្រាវជ្រាវមិនបានរាប់ និងគិតបញ្ចូលអ្នកជំងឺដែលមានទទួលទានពពួកស្រាផ្សេងៗទៀតឡើយ។
តាមរយៈលទ្ធផលទទួលបាននេះ ស្រាបៀបានក្លាយជាជនជាប់ចោទកាន់តែខ្លាំងថាជាភ្នាក់ងារបង្កឱ្យមានជំងឺរលាកសន្លាក់ឆ្អឹង ពីព្រោះអ្នកឯកទេសអាចរកឃើញ សមតិកម្មជាចំណងភ្ជាប់សម្រាប់មកធ្វើការបកស្រាយពន្យល់បានយ៉ាងជាក់លាក់ ៖ ការទទួលទានស្រាបៀ ទំនងជាបង្កើនអត្រាជាតិអាស៊ីតអ៊ុយរិចនៅក្នុងឈាម។ នៅពេលណាជាតិអាស៊ីតអ៊ុយរិចឡើងខ្ពស់ នោះវានឹងទៅពន្លឿនភាពសឹករិចរឹលនៃសន្លាក់។ ហេតុដូច្នេះហើយទើបពួកគេងាយរងគ្រោះកើតជំងឺរលាកសន្លាក់។
ផឹកបៀរសាច់ស្អាត ?
កាលពីឆ្នាំ២០១៥ ក្រុមហ៊ុនស្រាបៀជប៉ុន បានចេញលក់ស្រាបៀ Precious ជាមួយការផ្សាយពាណិជ្ជកម្មដ៏ទាក់ទាញបំផុត ៖ ញ៉ាំបៀរសាច់ស្អាត។ តើស្រាបៀអាចធ្វើស្បែកល្អបានយ៉ាងដូចម្តេច ?! ក្រុមហ៊ុនបានពន្យល់ថានៅក្នុងស្រាបៀរបស់គេ មានផ្ទុកសារធាតុ Collagène ជាតិប្រូតេអ៊ិនម្យ៉ាងជួយពន្យឺត និងធ្វើឱ្យស្បែក មានសំរិល។
ប៉ុន្តែបញ្ហានៅត្រង់ថា ការលេបការផឹកជាតិកូលាហ្សែនចូលតាមមាត់ទៅ វាមិនអាចជ្រាបចូលដល់ស្បែក ឬស្បែកអាចទាញយកជាតិនេះបាន។ ដើម្បីឱ្យសារធាតុប្រូតេអ៊ីន កូឡាហ្សែន ជះឥទ្ធិពលដល់ស្បែកបាន ដរាបណាតែវាត្រូវផលិតដោយកោសិកា ឬមានការចាក់បញ្ចូលសារធាតុនោះទៅក្នុងស្បែក។ ការផ្សាយពាណិជ្ជកម្មបែបនេះ ជាការបោកប្រាស់ ហើយបើអស់លោកលោកស្រីណាស្ម័គ្រទទួលទានស្រាបៀ លោកអ្នកងាយធ្លាក់ក្នុងភាពញៀន ប្រមឹក ច្រើនជាងបាត់ជ្រួញហើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ