អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

ផលិត​បំបាត់​ក្លិន​ក្លៀក ជាប់​ចោទ​ជា​ភ្នាក់ងារ​បង្ក​ជំងឺ​មហារីក​សុដន់

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាយ​វិការ​ដ៏​សាមញ្ញ​ ជា​ប្រចាំ​រាល់​ថ្ងៃ ប៉ុន្តែ​កាយវិការ​នៃ​អាច​នឹង​ក្លាយ​ជា​គ្រោះ​ថ្នាក់ សម្រាប់​សុខភាព។ បើ​តាម​ការ​សិក្សា​របស់​អ្នក​វិទ្យាសាស្ត្រ​ស្វីស ដែល​ទើប​បោះផ្សាយ​លទ្ធផល​ស្រាវជ្រាវ​របស់​ខ្លួន ក្នុង​ទំព័រ​ទស្សនាវដ្តី​សុខភាព បាន​បង្ហាញ​អំពី​ទំនាក់ទំនង​ពិត​រវាង​ការ​ប្រើ​ប្រាស់​ផលិត​ផល​បំបាត់​ក្លិន​ក្លៀក​​មាន​ផ្ទុក​ជាតិ​អំបិល​អាលុយមីញ៉ូម ទៅ​នឹង​ជំងឺ​មហារីក​​សុដន់។ ជា​ច្រើន​ឆ្នាំ​មក​ហើយ ដែល​សារធាតុអំបិល​អាលុយមីញ៉ូមនេះ បាន​ក្លាយ​ជាជន​ជាប់​ចោទបង្ក​ជំងឺ​មហារីកសុដន់​នោះ។ ក្នុង​​ពេល​នេះ​ ពុំ​ទាន់​មាន​ស្ថាប័ន​ហ៊ាន​អារកាត់​សេចក្តី​អ្វី​ឡើយ ប៉ុន្តែ​ប្រសិន​បើ​អ្នក​ចង់​កាត់​បន្ថយ​គ្រោះ​កើត​ជំងឺ​មហារីក​សុដន់ លោក​អ្នក​គួរ​តែ​ជ្រើសរើស​ដើរ​តាម​គោលការណ៍ ការពារ​ជាង​ព្យាបាល។មាន​ន័យ​ថា យើង​ត្រូវ​ឈប់​ប្រើ​ផលិតផល​បំបាត់​ក្លិនក្លៀក​ឬ​យ៉ាងណា​ ? តើ​អំបិល​អាលុយមីញ៉ូម​នេះ ជា​អ្វី ?​​

ផលិតផល​បំបាត់​ក្លិន​ក្លៀក​ជាប់​ចោទ​ជា​ភ្នាក់ងារ​បង្ក​ជំងឺ​មហារីក​សុដន់
ផលិតផល​បំបាត់​ក្លិន​ក្លៀក​ជាប់​ចោទ​ជា​ភ្នាក់ងារ​បង្ក​ជំងឺ​មហារីក​សុដន់ cancerdusein.org
ផ្សាយពាណិជ្ជកម្ម

បើ​តា​មអ្នក​ស្រាវជ្រាវ​បារាំង លោក André Cicolella ឯកទេស​ផ្នែក​គីមី ផ្នែក​ជាតិពុល និងខាងផ្នែក​វាយ​តម្លៃហានិភ័យ​សុខភាព ចំនួនអ្នកកើតជំងឺ​មហារីក​សុដន់​ ដែល​មាន​ការ​កើន​ឡើង​ខ្លាំង ចាប់​តាំង​ពី​ឆ្នាំ​១៩៨០​មក មួយ​ភាគ​ធំ​គឺ​បណ្តាល​មក​ពី​ការ​ប្រឈម​នឹង​​សារធាតុ​គីមីពុលក្នុង​បរិស្ថាន​ជុំ​វិញ​ខ្លួន និង​ក្នុង​ផលិតផល​ឧបភោគបរិភោគ​ប្រចាំ​ថ្ងៃ។ សារធាតុគីមី​​រាប់​រយមូលេគុលសំយោគ​ ដូច​ជា phtalates, bisphénol, parabènes, PCB… ​ ​ ​​ត្រូវ​បាន​គេ​ចង្អុល​មុខ​ ថា​ជា​ជន​ជាប់​ចោទ​ ជា​ភ្នាក់ងារ​បង្ក​ជំងឺ​មហារីក។

គ្រឿង​សំអាង ផលិតផល​សំអាង វិធី​កែសម្ជស ជា​ច្រើនយ៉ាង​ ត្រូវ​បាន​ជាប់​ចោទ និង​សង្ស័យ​ថា​បុព្វហេតុ​នាំ​កើត​ជំងឺ​មហារីក។ ថ្មីៗ​នេះទៀត​ ការ​សិក្សា​ស្រាវជ្រាវ​របស់​ក្រុម​វេជ្ជសាស្ត្រ​ បាន​ទាញ​សញ្ញា​អាសន្ន​ជា​ថ្មី​ នឹង​ភាព​ប្រឈម​នៃ​ជំងឺ​មហារីក​សុដន់​ ដោយ​ហេតុ​តែ​ប្រើ​ផលិតផល​​សំអាង​បំបាត់​ក្លិន​ក្លៀក ដែល​មាន​ធាតុ​ផ្សំ​ជា​សារធាតុ​អំបិល​អាលុ​យ​មីញ៉ូម។តើ​សារធាតុអំបិល​អាលុយ​មីញ៉ូម​ជា​អ្វី ?

ប្រសិទ្ធិភាព​អស្ចារ្យ​នៃ​សារធាតុ​អំបិល​អាលុយមីញ៉ូម

​សារធាតុ​អំបិល​អាលុយមីញ៉ូម ដែល​មាន​ប្រើ​យ៉ាង​ច្រើន ជា​គ្រឿង​បន្សំ​ កប់​ស្ទើរ​នៅ​ក្នុង​គ្រប់​ចំណី​អាហារ​ ទឹក​ម៉ាស៊ីន ក្នុង​ថ្នាំ និង​ផលិតផល​សំអាង​ ក៏​មាន​ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ​ជាប់​សង្ស័យ​បង្ក​ជំងឺ​មហារីក​តាំង​ពី​យូរ​យារ​មក​ហើយ​ដែរ។ ហើយ​ផលិតផល​បំបាត់​ក្លិន​ក្លៀកល្អៗ មាន​គុណភាព​ខ្ពស់​ ​ច្រើន​តែ​មាន​ប្រើ​ជាតិ​បន្សំ​អំបិល​អាលុយមីញ៉ូម​នេះ ព្រោះ​សារធាតុ​នេះ មាន​ប្រសិទ្ធិភាព​ខ្លាំង​ណាស់ ក្នុង​ការ​ទប់​ស្កាត់​ញើស ៖ គ្រាន់​តែ​យក​សារធាតុ​អំបិល​អាលុយមីញ៉ូម​លាប​លើ​ស្បែក​ត្រង់ណា វា​អាច​បង្រួម​​រន្ធ​ញើស មិន​ឱ្យ​បែក​ញើស​នៅ​ក្លៀក ពោល​គឺ​ប្រឆាំង​នឹង​យន្តការ​របស់​ក្រពេញ​ញើស។ ដូច្នេះ​ វា​ពិត​ជា​អាច​បញ្ចៀស​មិន​ឱ្យ​មាន​ក្លិន​ក្លៀក មាន​ដាម​ញើស​ហៀ​មក​ដល់​សម្លៀក​បំពាក់​បាន​យ៉ាង​ប្រពៃ​បំផុត។

អំបិល​អាលុយមីញ៉ូម​ជាប់​ចោទ​ញយ​ដង​ហើយ

អំបិល​អាលុយមីញ៉ូម ជា​ជើង​ឯក​ផ្នែក​បំបាត់​ក្លិន​ ទប់​ស្កាត់​ញើស​ ! ប៉ុន្តែ​វា​ត្រូវ​បាន​គេ​យក​ទៅ​ប្រើប្រាស់ និង​លាប​នៅ​ក្លៀក​ ! និយាយ​ឱ្យ​ចំ​ គឺ​លាប​នៅ​តំបន់​ដែល​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​សុដន់ តំបន់​ដែល​មាន​ក្រពេញ​កូនកណ្តុរ​ សម្រាប់​​ផលិត​និង​បង្ហូរ​ទឹក​ដោះ។ ​ក្លៀកជា​តំបន់​គួរ​ឱ្យ​ប្រុង​ប្រយ័ត្ន​ខ្លាំង ព្រោះ​វា​ងាយ​រង​ផល​ប៉ះពាល់​​ជា​​ពិសេស​តែ​ម្តង ! ដូច្នេះ​វា​ជា​រឿង​សមហេតុ​ផល​បំផុត ដែល​​​គេ​ត្រូវ​តែ​គិត​​ចោទ​សួរ​អំពី​បញ្ហា​សុវត្ថិភាព ​នៃ​ការ​​ប្រើ​​អំបិល​អាលុយមីញ៉ូម​​ដែល​មាន​បង្កប់​ក្នុង​ផលិតផល​សំអាងបំបាត់​ក្លិន​ញើយ​​ ផលិតផលប្រើជា​ប្រចាំ​រាល់​ថ្ងៃ នៅ​តំបន់​ក្លៀក​នោះ។

រឿង​អាស្រូវ​បន្ទោស​អំបិល​អាលុយមីញ៉ូម ជា​ភ្នាក់ងារ​បង្ក​ហានិភ័យ​មហារីក ហាក់​ដូច​ជា​បាន​ស្ងប់​ស្ងាត់ និង​បិទ​បញ្ចប់​ម្តង​ហើយ​កាលពី​ឆ្នាំ​២០១២ នៅ​ពេល​គណៈកម្មាធិការ​វិទ្យាសាស្ត្រ​អឺរ៉ុប ទទួល​បន្ទុក​សុវត្ថិភាព​អ្នក​ប្រើប្រាស់​ បាន​អះអាង​ថា “អាលុយមីញ៉ូម​ក្នុង​ផលិតផល​គ្រឿង​សំអាង​ មិន​មែន​ជា​ភ្នាក់ងារ​បង្ក​ជំងឺ​មហារីក​ទេ »។ ប៉ុន្តែ​កាល​ពី​ចុង​ឆ្នាំ​២០១៦ អ្នក​ស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ​ក្រុង​ហ្សឺណែវ ប្រទេស​ស្វីស​ពីររូប បាន​ធ្វើ​កា​រចោទ​ប្រកាន់​ជា​ថ្មី​ សារធាតុ​អំបិល​អាលុយមីញ៉ូម ដោយ​ចុះ​ផ្សាយ​លទ្ធផល​ស្រាវជ្រាវ​របស់​លោក នៅ​ក្នុង​ទំព័រ​ទស្សនាវដ្តី​សុខភាព​ International Journal of Cancer ​តែ​ម្តង។

អំបិល​អាលុយមីញ៉ូម និង​មហារីក​សុដន់

ការ​សិក្សា​របស់​អ្នក​ស្រាវជ្រាវ​ស្វីសនេះ​បាន​​ផ្តល់​លទ្ធផល​គួរ​ឱ្យ​ព្រួយ​បារម្ភ​ខ្លាំង​ណាស់​ ! ព្រោះ​ប្រសិន​បើ​គេ​យក​សារធាតុ​អំបិល​អាលុយមីញ៉ូមទៅ​លាប​លើ​កោសិកា​សុដន់​របស់​កណ្តុរ​​រយៈ​ពេល​បួន​ទៅ​៦​ខែ​ កោសិកា​នោះ​បាន​ក្លាយ​ជា​កោសិកា​កាច។ បើ​គេ​ចាក់​អំបិល​អាលុយមីញ៉ូម​ន៉​ទៅ​ក្នុង​ខ្លួន​សត្វ​កណ្តុរ នោះ​វា​នឹង​បង្ក​ឱ្យ​មាន​ការ​កកើត​​ដុំ​សាច់កាច ជា​មួយ​នឹង​ដំណើរ​ប្តូរ​កន្លែង​ឈឺ កន្លែង​កើត​រោគ​ ឆ្លង​រាលដាល​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​ទៀត។

មនុស្ស​មិន​មែន​សត្វ​កណ្តុរមែន ! ប៉ុន្តែ​អ្នកស្រាវជ្រាវ​ស្វីស​ដដែល​នេះ ធ្លាប់​បាន​ពន្យល់​បង្ហាញ កាលពី​បួន​ឆ្នាំ​មុន​ថា​អាលុយមីញ៉ូម​រំខាន​ឥរិយាបថ​របស់​កោសិកា​សុដន់​មនុស្ស​ ដែល​គេ​បណ្តុះ​នៅក្នុង​មន្ទីរពិសោធន៍។ សូម្បី​តែ​ក្នុង​កំរិត​ ២០០០ ទៅ ១សែន​ដង​តិច​ជាង​ កំរិត​ដូស​អំបិល​អាលុយមីញ៉ូម​ដាក់​ក្នុង​ផលិតផល​សំអាង​ក្តី ក៏​វា​បាន​បង្ក​ផលប៉ះពាល់​ដល់​កោសិកា​សុដន់​នោះ​ដែរ។

ចូរ​ប្រយ័ត្ន​ចំពោះ​ស្បែក​រលាត់​ ស្បែក​ទើប​កោរថ្មីៗ

ប៉ុន្តែគ្មាន​ប្រយោជន៍​អ្វី​ដែល​គួរ​ស្លន់​ស្លោ​ឡើយ ! បើ​តាម​ក្បួន​ច្បាប់ ប្រសិន​បើ​ស្បែក​របស់​យើង​ល្អ ស្អាត សារធាតុ​បន្សំ​របស់​ផលិតផល​សំអាង​អាច​ជ្រាប​ចូល​​ទៅ​ខាង​ក្នុង​​បាន​តិច​តួច​ណាស់ ព្រោះ​វា​ត្រូវ​ឆ្លង​កាត់​រនាំ​ង​ធម្មជាតិ​ ស្រទាប់​ស្បែក​សិន​មុន​នឹង​អាច​បញ្ចៀប​ចូល​ក្នុង​ផ្ទៃ​ជ្រៅ​បាន។

ក៏​ប៉ុន្តែ​ប្រសិន​បើ​ស្បែក​អ្នក មាន​របួស ​រហែក រលាត់ ឆូត អេះ​ដាច់​សាច់​ មាន​តាអក ឬ​ទើប​កោរ​ថ្មីៗ នោះ​​សារធាតុ​អំបិល​អាលុយមីញ៉ូម អាចបង្កើន​សមត្ថភាព​​ជ្រាប​ចូល​ក្នុង​ស្បែក​​បាន​ដល់ទៅ​៦​ដង​លើស។ នេះ​បើ​សមាគម​ក្រុម​គ្រូពេទ្យ​បរិស្ថាន​បារាំង។ ភ្នាក់ងារ​សុវត្ថិភាព​ឱសថជាតិ​បារាំង បាន​ផ្តល់​អនុសាសន៍​យ៉ាង​ច្បាស់​លាស់​ដល់​ជន​គ្រប់​រូប​មិន​ឱ្យ​ប្រើ​ប្រាស់​ផលិតផលបំបាត់​ក្លិន​ក្លៀក​មាន​ផ្ទុក​សារធាតុ​អំបិល​អាលុយមីញ៉ូមឡើយ លើ​ក្លៀក​ទើប​កោរ​រោម​ថ្មី និង​ក្នុង​ករណី​ក្លៀក​មាន​ស្នាម​រលាត់។

០,៦%​ កំរិត​អតិបរិមា​នៃ​អំបិល​អាលុយមីញ៉ូម​ក្នុង​ផលិត​ផល​បំបាត់​ក្លិនក្លៀក

ភ្នាក់ងារ​ជាតិ​បារាំង បាន​ទាមទារ​តាំង​ពី​ឆ្នាំ​២០១១​មក ក្រោម​គោលការណ៍​ការពារ​ប្រសើរ​ជាង​ព្យាបាល ឱ្យ​មាន​ការ​កំរិត​​កំហាប់​សារធាតុ​អាលុយមីញ៉ូម​ក្នុង​ផលិត​ផល​បំបាត់​ក្លិន​ក្លៀក ត្រឹម ០,៦%។ ប៉ុន្តែ​ អ្នក​គ្មាន​លទ្ធភាព​ដឹង​បាន​ឡើយ​ថា​តើ​ផលិតផល​ជា​ទី​ពេញ​និយម​ដែល​អ្នក​ប្រើ​រាល់​ថ្ងៃ​ មាន​ផ្ទុក​កំរិត​អាលុយមីញ៉ូម​ប៉ុណ្ណា ព្រោះ​គេ​គ្មាន​សរសេរ​លម្អិត​អំពី​កំរិត​សារធាតុ​គីមី​មួយ​នេះ នៅ​លើ​កញ្ចប់​ផង។ ហើយ​ជាង​នេះ​ទៅ​ទៀត បើ​ជា​ផលិតផល​នៅ​អឺរ៉ុប គណៈកម្មការ​អឺរ៉ុប​មិន​ទាន់​បាន​ចេញ​ច្បាប់​កំរិត​​ក្រុមហ៊ុន​គ្រឿង​សំអាង​ទាំង​នោះ​គោរព​បរិមាណ​ជាតិ​បន្សំ​​ផង។ បើតាម​ខ្ញុំ​ដឹង​មាន​ផលិតផល​ខ្លះ​មាន​ផ្ទុក​សារធាតុ​អំបិល​អាលុយមនីញ៉ូម​នេះ​ដល់​ទៅ​៥%​ឯ​ណោះ។

ជា​គោលការណ៍ យើង​គួរ​តែ​ចេះ​ប្រុង​ប្រយ័ត្ន​ ដោយ​ត្រូវ​ជ្រើសរើស​ផលិត​ផល​បែប​ធម្មជាតិ ឬ​ផលិត​ផល​ណា​ដែល​គ្មាន​​ជាតិ​អាលុយមីញ៉ូម​ ដែល​អាច​ជួយ​បំបាត់​ក្លិន តែ​មិន​បិទបង្រួម​​រន្ធ​បង្ហូរ​ញើស​។ ប៉ុន្តែ​សូម​កុំ​ប្រហែស Pierre d’alun ជា​ផលិតផល​ធម្មជាតិ​ដែរ តែ​ក៏​មានផ្ទុក​សារធាតុ​អំបិល​អាលុយមីញ៉ូម​ដែរ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ