rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
នាទីសុខភាពនិងអនាម័យ
rss itunes

តើឫស​ជា​ជំងឺ​អ្វី ?

ដោយ អៀង សុខម៉ិញ

ឫស​ មាន​ទម្រង់​ដូច​ជា​ដំបៅ​សើរ​ស្បែកតូច​ ស្រាល ដែលបង្ក​ឡើង​ដោយ​​​វីរ៉ុស។ ឫសអាច​កើត​​នៅ​ម្រាម​ដៃ ម្រាមជើង ​បាតជើង លើ​មុខ ឬ​នៅ​ក នៅ​ឃ្លៀក ជួន​ឈឺ​ខ្លាំង ជួន​ឈឺ​តិច។ ឫស​ជា​ជំងឺ​ស្រាល អាចជា​សះ​បាត់​ទៅ​វិញ ដោយគ្មាន​បន្សល់​ទុក​​នូវ​ផលវិបាក​ធ្ងន់ធ្ងរ​អ្វី​ទាំង​អស់។ តែអាច​ចម្លង​ទៅ​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត ឬ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត​នៃ​ខ្លួន​ប្រាណ ដោយ​ផ្ទាល់​និង​ដោយមិន​ផ្ទាល់។

ឫស​លេច​ឡើង​ក្នុង​ទម្រង់​ជា​ដំបៅ​សើរ​ស្បែក ដែល​បណ្តាល​មក​ពី​ការ​ឆ្លង​វីរ៉ុស​ម្យ៉ាង​ឈ្មោះ​ថា"Human Papillomavirus" (HPV)  យូមែន ប៉ាពីឡូម៉ាវីរ៉ុស។ វីរ៉ុស​នេះ​បាន​ចម្លង​ចូល​តាម​ស្បែក​ និង​សំងំ​យ៉ាង​យូររាប់​ខែ មុន​លេច​ធ្លាយ​ជា​ដំបៅ​ឫស​ឡើង។

ការ​វិវឌ្ឍន៍​របស់​ឫស​គ្មាន​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ ប៉ះពាល់​ដល់​សុខភាព​មនុស្ស​ទេ។ ថ្វី​ត្បិត​តែ​ឫស​បង្ក​ឡើង​ដោយ​វីរ៉ុស"Human Papillomavirus" HPV មែន​ ប៉ុន្តែ​វីរ៉ុស​នេះ​មិន​មែន​ជា​​ភ្នាក់ងារ​បង្ក​ឱ្យ​មាន​ជំងឺ​មហារីក​ស្បែក​ឡើយ។ ជា​ពពួក​តែ​មួយ និង​មាន​ឈ្មោះ​ដូច​គ្នា​មែន តែ papillomavirus ​បង្កឫស ខុស​ពី papillomavirus ដែលកើត​និ​ងចម្លង​នៅ​​​​លើ​តំបន់​ភ្នាស និង ​ដែល​ជា​ភ្នាក់ងារ​បង្ក​ជំងឺ​មហារីក​មាត់​ស្បូន។ ឫសភាគ​ច្រើន នឹង​ត្រូវ​ជា​ ដោយ​ខ្លួន​​ឯងទៅ​វិញ នៅ​រវាង​ពីរ​បី​ខែ​ក្រោយ ប៉ុន្តែ​ឬ​ស​ខ្លះ​រឹង​ក្បាល អាច​នៅ​ទល់​​រាប់​ឆ្នាំ​ក៏​មាន។ ប្រការ​គួរ​ឱ្យ​កត់​សម្គាល់​មួយ​ទៀត គឺ​ឬ​ស​ជា​ជំងឺ​លាប់ ជា​បាត់​ទៅ​ហើយ រំលង​បាន​បន្តិច​ក៏​កើត​ជា​ថ្មី​ទៀត ជា​ញឹកញយ។

 

ប្រភេទ​ឫស

 

ឫស​មាន​ច្រើន​ប្រភេទ​ និង​ច្រើន​ទម្រង់​ណាស់ !

ឫស​រួម​ ៖ ឫស​ដែល​គេសង្កេត​ឃើញ​មាន​កើត​ឡើង​ច្រើន​ និង​មាន​លក្ខណៈទូទៅ​ខ្លាំង គឺ​ជា​ឫស​មូល ទល់​ខ្ពស់​ចេញ​ផុតពី​ស្បែក​។ ជា​ឫស​តែ​មួយ​ឯកា ឬ​ ច្រើន មាន​ទំហំ​ប្រមាណ​ពីរ​បី​មីល្លីម៉ែត្រ ហើយ​ច្រើន​កើត​នៅ​លើ​ម្រាម​ដៃ និង​ខ្នង​ដៃ។ ម្តង​ម្តាល​គេ​ឃើញ​ឫស​ប្រភេទ​នេះ កើត​នៅ​ក្រោម​ក្រចក និង​តំបន់​ជុំ​វិញ​ក្រចក ដែល​ក្នុង​ករណី​នេះ ឫស​អាច​បង្ក​ការ​ឈឺ​ចុក​ចាប់​ខ្លាំង ព្រម​ទាំង​ធ្វើ​ឱ្យ​ខូច​ទម្រង់​ក្រចក ឬ​របើក​ក្រចកផង។

 

ឫស​អាច​មាន​រាង​ទ្រវែង។ ឬ​សប្រភេទ​នេះ ច្រើន​កើត​នៅ​លើ​មុខ ជាពិសេស​នៅ​តំបន់​ជុំ​វិញ​មាត់ ឬ​តំបន់​មាន​រោម​កោរ ចំពោះ​បុរស។

 

ឫសរាប ៖ ឫសប្រភេទ​នេះ​ច្រើនកើត​នៅ​លើ​មុខ និង​ខ្នង​ដៃ។ មាន​ទម្រង់​មិន​ច្បាស់​លាស់ ច្រើន​ជ្រុង​ រាប​ស្មើ​នឹង​ស្បែក មាន​ពណ៌​ស្រដៀង​នឹងស្បែក​ឬ​ដុត​ជាង​បន្តិច​

ឫសបាតជើង ៖ ឫស​នៅ​បាត​ជើង ចែក​ជា​ពីរ​ប្រភេទ​ទៀត។ ឫសទោល ច្រើន​តែ​ចាក់​ជ្រៅ​ក្នុង​សាច់ មាន​វ័ន​​​ដូច​រង្វង់​កង ដោយស្បែក​រឹង​ព័ទ្ធ​ជុំវិញ។ នៅ​កណ្តាល​ឬ​ស មាន​ចំណុច​ខ្មៅៗ ដែលគ្មាន​អ្វី​ក្រៅ​ពី​ជា​​សរសៃឈាម​តូចៗ​។ ហេតុដូច្នេះ​ហើយ​បាន​ជា​ពេល​ខ្លះ គេ​ឃើញ​មាន​ចេញ​ឈាម និង​ធ្វើ​ឱ្យ​មាន​ការ​ឈឺចាប់​ខ្លាំង​ នៅ​ពេល​ដើរ ព្រោះ​ត្រូវ​សង្កត់​លើ​វា។ ប្រសិន​បើ​ជា​ករណី​ពហុ​ឫស​វិញ ឫសនោះ​ច្រើន​តែ​ដុះ​សើរៗ​លើ​ស្បែក តូចៗ​ផ្តុំ​គ្នា​ និង​មិន​សូវឈឺ ដូច​ឫសទោលទេ។

 

តើ​ឫស​នេះ​ដុះ​ឡើង​យ៉ាង​ដូចម្តេច ?

 

ឫស​អាច​ដុះ​និងលេច​ឡើង​នៅ​លើ​ស្បែក ក្រោយ​ពីវីរ៉ុសPapillomavirus បាន​ជ្រៀត​​ចូលដល់​​ស្រទាប់​ខាង​ក្នុងនៃ​​ស្បែក​ ដោយ​សារ​តែ​មាន​ការ​​រលាត់ដាច់ ឬ​មាន​ដំបៅ​ លែង​អាចដើរ​តួនាទី​ជា​រនាំង​បាំង​វីរ៉ុស​មក​ពីក្រៅ​បាន។ Papillomavirus ជាវីរ៉ុស​ឆ្លង អាច​ចម្លង​ ដោយ​ផ្ទាល់ និង​ដោយ​មិន​ផ្ទាល់។

 

ការ​ចម្លង​ដោយ​ផ្ទាល់ គឺជា​ការ​ស្វ័យ​ចម្លង។ ​វីរ៉ុស​ក្នុង​កោសិកាឫស​ ខ្ទាត​រាយ​ប៉ាយ​​នៅ​លើ​ស្បែក ដោយ​សារ​ការ​អេះ។ វត្តមាន​វីរ៉ុស​បែប​នេះ អាច​បង្កបង្កើត​ឱ្យ​មាន​ឫស​​មួយ​កន្លែង​ផ្សេង​ទៀត។ វីរ៉ុស​ក៏​អាច​ចម្លង​មនុស្ស​ម្នាក់​ផ្សេង​ទៀត​ ដោយ​សារ​បាន​​ប៉ះពាល់​ដោយ​ផ្ទាល់​វីរ៉ុស​នោះ។

 

ការ​ចម្លង​មិន​ផ្ទាល់ គឺវីរ៉ុស​ស្ថិតលើ​ផ្ទៃដែល​ងាយ​ចម្លង  ហើយ​ជ្រៀត​ចូលតាម​ស្បែក​បាន​ តាម​រយៈ​ការ​ប៉ះពាល់​ ឬ​ជាន់​ដោយ​​មិន​ដឹង​ខ្លួន ព្រោះ​ស្បែក​ក្រៅ​រលាត់​ ដាច់ ឬ​មុត​។ អ្នក​កាប់​គោ/ជ្រូក​ អ្នក​លក់​សាច់ អ្នក​លក់​ត្រី ឬ​គ្រូពេទ្យ​សត្វ ច្រើន​តែ​មាន​ឫស​នៅ​ដៃ។ អ្នក​កីឡា អ្នក​ចូល​ចិត្ត​អាង​ហែល​ទឹក​ ឬ​ត្រាំ​ទឹកក្តៅរួម ច្រើន​ងាយ​កើត​ឫស​នៅ​ជើង ព្រោះ​នៅ​ពេល​សើម និង​ត្រូវ​ទឹក​ ស្រទាប់​ស្បែក​ទន់ ផ្ទៃ​រដិបរដុប​នៅអាង​ងាយ​ធ្វើ​ឱ្យ​ស្បែក​ដាច់​រលាត់ ដែល​ជា​ឱកាស​សម្រាប់​វីរ៉ុសចូល​ទៅ​សំងំ​ក្នុង​ស្បែក​ រួច​​ផ្តុំ​ជា​ឫស​នៅ​ពេល​ក្រោយ។

 

តើ​ត្រូវ​ធ្វើ​ដូចម្តេច​ដើម្បី​កម្ចាត់​ឫស​ និង​តើពេលណា​ត្រូវ​ទៅ​ជួប​ពេទ្យ ?

 

ឫស​ជា​ជំងឺ​សើរ​ស្បែក​ស្រាល​បំផុត ! ត្រូវ​ការ​ការ​ប្រយ័ត្ន​ប្រយែង​បន្តិច​ក៏​អាច​ទប់​ស្កាត់​ការ​ចម្លង​បាន​យ៉ាង​ងាយ ហើយ​ការ​ព្យាបាល​ទៀត​សោត​ក៏​មិន​ពិបាក។ គេ​អាច​រក​ថ្នាំ​ព្យាបាល​ បាន​ដោយ​សេរី នៅ​តាម​ឱសថស្ថាន ឬ ក្បួន​ចាស់​បូរាណ​ក៏​បាន តែ​សូម​ប្រយ័ត្ន​តែ​ម្យ៉ាង​ គឺ​កុំ​ឱ្យ​ប៉ះពាល់​រលាក​ដល់​ស្បែក​ជុំ​វិញ។​ កុំ​សាកល្បង ចៀ​រ​អារ​ឫស ឬ​ផ្តាច់​ឫស​ដោយ​កំរោល​ អាច​មាន​ករណីឫស​ ធ្ងន់ធ្ងរ​ដល់​ថ្នាក់រក​​ពេទ្យជួយ និង​ធ្វើ​ការ​វះកាត់​យក​ចេញ តែ​ជា​ប្រការ​កម្រ​បំផុត !

 

ខាង​ក្រោម​នេះ​ជា​វិធី​ងាយ នៃ​ការ​ព្យាបាល​ឬ​ស​ដោយ​ខ្លួនឯង ៖

លាប​ថ្នាំ​សម្លាប់​ឫស ដែល​មាន​លក់​ដោយ​សេរី នៅឱសថស្ថាន ឱ្យ​ចំ​លើ​ឫស ជា​រៀង​រាល់​ថ្ងៃ។ ថ្នាំនោះនឹង​ទៅ​បំផ្លាញ​ឫស​ បន្តិច​ម្តងៗ​រហូត​របូតដាច់​ចេញ​ពី​ស្បែក។ តែ​សូម​កុំ​ប្រើ​ថ្នាំ​នេះ​ ព្យាបាល​ឫស​នៅ​លើ​មុខ​និង​ប្រដាប់​ភេទ។

 

ប្រើ​បង់​បិទ​ដំបៅ​ មិន​ជ្រៀប​ទឹក​និងខ្យល់ ដើម្បី​យក​ទៅ​បិទ​បន្ថប់​ឫស​ ឱ្យ​ទាល់​តែ​ងាប់។ វិធី​នេះ​ត្រូវ​បើក​ពេល​យូរ​ ហើយ​ក៏​មិន​អាច​អនុវត្តបាន​ចំពោះ​ឫស​នៅ​មុខ និង​ក្រចក​ដៃ​ទេ។

ប្រើផលិតផល​ត្រជាក់​ បាញ់​លើ​ឫស​ ដើម្បី​បង្ក​ក​ឫស​ឱ្យ​ងាប់​។ ឬ​វិធី​ដុត​ តាម​បែប​បូរាណ​ខ្មែរក៏​បាន។

 

សញ្ញា​បន្ទាន់​

 

ថ្វី​បើ​ឬ​ស​មិន​មែន​ជា​ជំងឺ​សើរ​ស្បែក​ធ្ងន់ធ្ងរ ​ការ​រាតត្បាត​របស់​វីរ៉ុស មិន​មែន​ជា​ភ្នាក់ងារ​បង្ក​ជំងឺ​មហារីក​ស្បែក​មែន ប៉ុន្តែលោក​អ្នក​ត្រូវ​ប្រុង​ប្រយ័ត្ន និង​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ​ប្រសិន​បើ​អ្នក​សង្កេត​ឃើញ​មាន​សញ្ញា​មួយ​ចំនួន​ដូច​ខាង​ក្រោម ៖

អ្នក​មាន​ឫស​មួយ​ឬ​ច្រើន នៅ​លើ​មុខ

ឫស​ បង្ក​ឱ្យ​មាន​អាការៈ​ឈឺ​ចាប់​ខ្លាំង និង​បង្កើន​បរិមាណ​ឫស​ផង ប្តូរ​ពណ៌​ផង ឬ​ប្តូរ​ទម្រង់

ឫស​ប្រែ​ជា​ដំបៅ

ឫស​ចេញ​ឈាម

អ្នក​មាន​ជំងឺខ្សោយ​ប្រព័ន្ធ​ការពារ​ខ្លួន មាន​ជំងឺ​ទឹក​នោម​ផ្អែម ឬ​បញ្ហា​សរសៃ​ឈាម​​នៅជើង

 

វិធីការពារ​កុំ​ឱ្យ​កើត​ឫស

 

ឫស​បង្ក​ឡើង​ដោយ​វីរ៉ុស ! ដោយការ​ប៉ះពាល់​​ផ្ទាល់​និង​ដោយ​មិន​ផ្ទាល់។ ប៉ុន្តែ​ការ​ចម្លង​នេះ​គ្មាន​លក្ខណៈ​រាត​ត្បាត គួរ​ឱ្យ​ព្រួយ​បារម្ភ រហូត​បង្ឃាំង​ខ្លួននោះ​ឡើយ។ ​គោរពក្បួន​​អនាម័យ​ ចាំបាច់​មួយ​ចំនួន អាច​បញ្ចៀស​កុំ​ឱ្យ​កើត​ឫស​បាន​ហើយ ៖

កុំ​ប៉ះ ឬស្ទាបអេះ ឬស​របស់​គេ

កុំប្រើ​កន្សែង​ ឬ​ ក្រណាត់​ដុះ​ខ្លួន​រួម ជាមួយ​អ្នក​មានឬស

កុំប្រើ​សោមជើង​ ឬ​ស្បែក​ជើង​រួម​ជាមួយ​អ្នក​មាន​ឬស

កុំដើរ​ជើង​ទទេ​ ក្នុង​ទី​សាធារណៈ

ជូត​ជើង ជូត​ដៃ​ឱ្យ​បាន​ស្ងួត ក្រោយ​ពី​មុជ​ទឹក ឬ​ត្រាំ​ លេង​ទឹក​ ក្នុង​អាង​រួម​ ព្រោះ​វីរ៉ុស​អាច​ជ្រៀត​ចូល​ក្នុង​ស្បែក​សើម​បាន​យ៉ាង​ងាយស្រួល៕

 

រដ្ឋមន្ត្រី​បារាំង​ម្នាក់​លាលែង​ពីតំណែង ដោយមានរឿង​អាស្រូវ​ចាយ​វាយ​ហ៊ឺហា

គ្រុនឈាម ជាជំងឺ គ្មានថ្នាំព្យាបាល និងថ្នាំបង្ការ

តើគួរ ទទួល​ទាន​ផ្លែឈើ ឬ ទឹក​ផ្លែឈើ ?

​បត់​ជើង​តូច​ញឹកញាប់​ ជា​សញ្ញា​គួរ​ឱ្យ​ព្រួយ​បារម្ភ​ទេ ?

តើ​រលាក​ក្រពះ​ជា​ជំងឺ​អ្វី មាន​ផលវិបាក​យ៉ាងណា ?

ពន្លឺភ្លើង LED អាច​ធ្វើ​ឱ្យ​ឆាប់​ខូច​ភ្នែក និង​គេង​មិន​លក់ !

វិធី​សម្រាលកូន​ដោយ​គ្មាន​ការ​ឈឺ​ចាប់

ជំងឺគ្រុនចាញ់ ៖ ថ្នាំបង្ការ​ថ្មី​មាន​ប្រសិទ្ធ​ភាព​ខ្ពស់ខ្លាំង ផ្តើម​ចាក់​សាកល្បង​នៅ​អាហ្វ្រិក

អាកាសធាតុក្តៅខ្លាំង និងផលវិបាកចំពោះសរីរាង្គកាយ

កីឡាជាថ្នាំព្យាបាលជំងឺរ៉ាំរ៉ៃ

គ្រឿងក្នុងជាអាហារដ៏ល្អ ចំពោះសុខភាព ?

ហេតុអ្វីបានជាអាជ្ញាធរបារាំង ណែនាំមិនឱ្យទារកប្រើថ្នាំ Smecta ?

តើត្រូវចាក់ថ្នាំ បង្ការជំងឺឆ្កែឆ្កួត នៅពេលណា ?

ម៉ាស្សា មាន​គុណប្រយោជន៍​ចំពោះសុខភាព​យ៉ាងណា ?