អានតួអត្ថបទ
កម្ពុជា

កម្ពុជា ឡាវ និង​វៀតណាម កំពុង​ពិភាក្សា​គ្នា​ពី​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម

តំណាង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ឡាវ និង​វៀតណាម​បាន​កំពុង​ពិភាក្សា​គ្នា​ពី​កិច្ច​ព្រមពៀង​ជំរុញ និង​សម្រួល​ពាណិជ្ជកម្ម នៅ​ក្នុង​ខេត្ត Dak Lak ប្រទេស​វៀតណាម។ កិច្ច​ប្រជុំ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ចាប់​តាំង​ពី​ថ្ងៃ​ចន្ទ ទី ១៨ មេសា​ម្សិលមិញ និង​បន្ត​រហូត​ដល់​ថ្ងៃ​ពុធ​ទី ២០ មេសា​។ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​រំពឹង​ថា កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​នេះ នឹង​អាច​ឈាន​ទៅ​បញ្ចប់ និង​ចុះ​ហត្ថលេខា​បាន នៅ​ចុង​ឆ្នាំ​២០១៦​នេះ។

ផ្សាយពាណិជ្ជកម្ម

 

កម្ពុជា ឡាវ និង​វៀតណាម បាន​កំពុង​តែ​រៀបចំ​កិច្ច​ពិភាក្សា​ស្តីពី​កិច្ច​ព្រម​ព្រៀង​ជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​នៅ​ក្នុង​តំបន់​ត្រីកោណ​រវាង​ប្រទេស​ទាំង​បី Cambodia- Laos-Vietnam (CLV) Development Triangle Area នៅ​ក្នុង​ខេត្ត​ Lak Dak របស់​វៀតណាម។ កិច្ច​ពិភាក្សា​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ជំរុញ​ និង​ដោះស្រាយ​រាល់​បញ្ហា​នានា និង​ព្យាយាម​ធ្វើ​យ៉ាង​ណា​ពន្លឿន​ឲ្យ​មាន​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ការ​អភិវឌ្ឍ​ពាណិជ្ជកម្ម​នៅ​ក្នុង​តំបន់​ត្រីកោណ​រវាង​ប្រទេស​ទាំង​បី​នេះ ដែល​ជា​តំបន់​មួយ​សំបូរ​ទៅ​ដោយ​ប្រជាពលរដ្ឋ​ក្រីក្រ​រស់នៅ។

លោក ណុប សោភ័ណតារា ប្រធាន​នាយកដ្ឋាន​អាស៊ី​បាស៊ី​ហ្វិក​នៃ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ថា​កិច្ច​ពិភាក្សា​នៅ​ពេល​នេះ​ គឺ​ជា​កិច្ច​ពិភាក្សា​លើក​ទី​៥​ហើយ។ ហើយ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ជំរុញ និង​សម្រួល​ការ​អភិវឌ្ឍ​នៅ​ក្នុង​តំបន់​ត្រីកោណ​នេះ​។ លោក​បាន​បន្ត​ថា កិច្ច​ពិភាក្សា​នេះ​នឹង​ព្យាយាម​ធ្វើ​យ៉ាង​ណា​សម្រួល​ឲ្យ​មាន​ការ​ឆ្លង​កាត់​ងាយ​ស្រួល និង​ព្យាយាម​ទាក់ទាញ​ទាំង​វិនិយោគិន​ក្នុង​ស្រុក និង​ក្រៅ​ស្រុក មក​កាន់​តំបន់​ត្រីកោណ​នេះ ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ទៅ​រួច។

គួរ​ជម្រាប​ជូន​ថា តំបន់​ត្រីកោណ​រវាង​ប្រទេស​ទាំង​បី​មាន​ខេត្ត​ចំនួន ១៣ ដែល​នៅ​ក្នុង​នោះ​កម្ពុជា​មាន​ខេត្ត រតនៈគិរី ស្ទឹងត្រែង មណ្ឌលគិរី និងក្រចេះ។ ប្រទេស​ឡាវ​មាន​ខេត្ត Attapeu, Salavan, Sekong, និង​ខេត្ត Champasak ។ រី​ឯ​នៅ​វៀតណាម​វិញ​ គឺ​មាន​ខេត្ត Kon Tum, Gia Lai, Dak Lak, Dak Nong និង​ខេត្ត Binh Phuoc។ ពាណិជ្ជកម្ម​ដែល​ឆ្លង​កាត់​តំបន់​នេះ​ភាគ​ច្រើន​ គឺ​ជា​ពាណិជ្ជកម្ម​កសិ​ឧស្សាហកម្ម។

លោក​ណុប សោភ័ណតារា បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា កិច្ច​ភិភាក្សា​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​រយៈ​ពេល​៥​ដង​មក​ហើយ។ ហើយ​នៅ​លើក​ទី​៦ កិច្ច​ពិភាក្ស​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុង​ទឹកដី​អង្គរ​សៀមរាប ចាប់​ពី​ថ្ងៃ​ទី ១៦ ដល់ ១៨ សីហា ឆ្នាំ២០១៦​ខាង​មុខ​នេះ។ កន្លង​មក​រដ្ឋាភិបាល​ជប៉ុន​ធ្លាប់​បាន​ផ្តល់​ប្រាក់​ជំនួយ​ដើម្បី​ធ្វើ​ការ​អភិវឌ្ឍ​តំបន់​ត្រីកោណ​នេះ ប្រមាណ​ជា​ ២០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​សម្រាប់​ប្រទេស​ទាំង​បី។ កម្ពុជា​ទទួល​បាន​ទឹក​ប្រាក់ ៥ ទៅ ៦ លាន​ដុល្លារ​​ពី​ជំនួយ​នេះ ហើយ​បាន​យក​ទៅ​អភិវឌ្ឍន៍​ផ្លូវ​ថ្នល់ អគារ​សិក្សា និង​គម្រោង​អភិវឌ្ឍន៍​តូច​ៗ ជា​ច្រើន​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់​ទាំងអស់​នោះ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ណុប សោភ័ណតារា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ