rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា តុលាការខ្មែរក្រហម នួន ជា

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

សំណុំ​រឿង​០០២​វគ្គ១​៖ ​តុលាការ​កំពូល​គ្រោង​ប្រើ​អំណាច​ច្បាប់​ដើម្បី​អោយ​សវនការ​បន្ត​ទៅ​មុខ​

media
អង្គជនុំជម្រះ​ ក្នុងសាលាក្តី​ខ្មែរក្រហម RFI

តុលាការ​កំពូល​នៃ​សាលាក្តី​ខ្មែរក្រហម គ្រោង​ប្រើ​វិធានការ​ចាប់បង្ខំ​តាម​អំណាចច្បាប់ ដើម្បី​ពន្លឿន​ដំនើរការ​ស្វែងរក​ការពិត។ សវនាការ​បណ្តឹង​សារទុក្ខ​នៃ​សំណុំរឿង០០២វគ្គ១ ដែល​គ្រោង​ធ្វើឡើង​រយៈពេល៣ថ្ងៃនោះ បាន​ផ្អាក​ទៅវិញ​ដោយ​លើក ទៅ​ពេល​ក្រោយ បន្ទាប់ពី លោក នួន ជា បដិសេធ​មិន​ចូលរួម​និង​បាន​បង្គាប់​អោយ​មេធាវី​របស់ខ្លួន មិនត្រូវ​ចូលរួម​នៅក្នុង​ដំនើរការ​សវនាការ។ ដូច្នេះ​វា​បាន​បង្អាក់​ដំណើរការ​សវនាការ ដែល​ទើបតែ​ចាប់ផ្តើម​កាលពី​ថ្ងៃទី១៧ខែវិច្ឆិកា ។


 

ដើម្បី​ផលប្រយោជន៍​នៃ​យុត្តិធម៌ និង​កុំអោយ​សវនាការ​ចេះតែ​ជាប់គាំង​បែបនេះ តុលាការ​កំពូល​នៃ​សាលាក្តី​ខ្មែរក្រហម​បានសំរេច​ស្នើសុំ អង្គភាព​គាំពារ​ការការពារ​ក្តី​អោយ​រក​មេធាវី​បំរុង ប្រសិន​បើ​មេធាវី​ចាស់ របស់លោក​នួន ជា នៅតែ​បន្ត​បដិសេធ​មិន​ចូលរួម​នៅក្នុង​ដំណើរការ​សវនាការ។​នេះ​បើតាម លោក ឌឹម សុវណ្ណារុំ ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​របស់​សាលាក្តី​ខ្មែរក្រហម ដែល​បាន​បញ្ជាក់ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​។

លោក ប្រធាន​អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម​រូប​នេះ​បានបញ្ជាក់​ទៀតថា ក្នុងករណី​ដែល នួន ជា នៅតែ​បង្គាប់​មិនអោយ​មេធាវី​បំរុង​ចូល​សវនាការ​ទៀត​នោះ តុលាការ​នឹង​ប្រើ​អំណាចច្បាប់ បញ្ជា​អោយ​មេធាវី​ត្រូវ​តែ​មាន​វត្តមាន​នៅក្នុង​សវនាការ។សវនាការ​បទឧក្រិដ្ឋ ​នឹង​មិនអាច​ប្រព្រឹត្តិទៅបាន​ទេ ប្រសិនបើ​គ្មាន វត្តមាន​មេធាវី​ជនជាប់ចោទ។

ក៏ប៉ុន្តែ​ផ្ទុយទៅវិញ លោក មេធាវី សុន អរុណ ដែល​ការពារ នួន ជា  បានបញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​នៅ​ព្រឹក​ថ្ងៃទី១៨ ខែវិច្ឆិកា​ដែរ​នេះ​ថា នៅក្នុង​សវនាការ​កាលពី​ថ្ងៃទី១៧ខែវិច្ឆិកា ​បន្ទាប់ពី​ការ​សំរាក  បើ​ទោះ​កូនក្តី​របស់​លោក​មិន​អោយ​លោក​ចូលរួម  តែ​ក្រោម​ការបង្ខំ​របស់​តុលាការ​ និង​ដើម្បី​ការពារ​ផលប្រយោជន៍​កូនក្តី  លោក​បានសម្រេច ចូល​មក​ក្នុង​បន្ទប់​សវនការ​វិញ ប៉ុន្តែ​មិនបាន​ឆ្លងឆ្លើយ​អ្វី​ជាមួយ​អង្គ​សវនាការ​កាល​ពី​ម្សិលម៉ិញ​នោះទេ។ លោក​បាន​បន្ត​បញ្ជាក់​ថា នៅក្នុង​សវនាការ​លើក​ក្រោយ លោក​នឹង​ទៅ​ចូលរួម ហើយ​ថា​តើ​ត្រូវ​ឆ្លើយឆ្លង ឬក៏​អត់​នោះ  លោក​នឹង​សំរេច​ទៅតាម​ការណែនាំ​របស់​កូនក្តី និង​តាម​ការ​ជំនុំ​ជាមួយ​ក្រុមអ្នកច្បាប់​របស់​លោក។

នៅក្នុង​សវនាការ​កាលពី​ថ្ងៃទី១៧ ខែ វិច្ឆិកា លោក នួន ជា បាន​អះអាង​ទទួលខុសត្រូវ​ផ្នែក​សីលធម៌​ចំពោះ​រឿងរ៉ាវ​ដែល​បានកើត​មាននៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។ ក៏ប៉ុន្តែ​លោក បានបង្ហាញ​ការពេញចិត្ត​ចំពោះ​ដំណើរការ​នៃ​សវនាការ ដោយ​ចោទថា តុលាការ​នេះ​មិនដែល​ចង់រក​ការពិត​នោះទេ ហើយ​តុលាការ​នេះ​ឋិត​ក្រោម​អំណាច​របស់​ជន​មួយចំនួន។

បើតាម​លោក មេធាវី សុន អរុណ  ចំនុច​រសើប​បំផុត  ដែល​ធ្វើអោយ​ជនជាប់ចោទ​រូបនេះ  មិន​ចូលរួម​ដំនើរការ​សវនាការ និង​បាន​បង្គាប់​អោយ​មេធាវី​របស់ខ្លួន​មិន​ចូលរួម​ដែរនោះ  គឺ ​ការបដិសេធ​របស់​តុលាការ ចំពោះ​សំណើរ​សុំ​របស់​ជនជាប់ចោទ ដែល​សុំអោយ​កោះហៅ​សាក្សី​មួយចំនួន​ដែល​បច្ចុប្បន្ន​ឋិត​នៅក្នុង​ជួរ​ថា្នក់​ដឹកនាំ​រដ្ឋាភិបាល។

សូមបញ្ជាក់ថា​នៅក្នុង​បណ្តឹង​សារទុក្ខ​តុលាការ​កំពូល​នៃ​សំណុំរឿង ០០២វគ្គ១នេះ​មាន​ជនជាប់ចោទ​ពីររូប​គឺ​នួន​ជា និង​ខៀវ​សំផន ហើយ​អ្នក​ទាំងពីរ​ត្រូវ​បាន​សាលាដំបូង​កាត់ទោស​អោយ​ជាប់ពន្ធនាគា​អស់​មួយជីវិត៕