អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

តើ​ការ​ចាយ​លុយ​ដុល្លារ អាច​បង្ក​នូវ​ផល​វិបាក​អ្វី​ខ្លះ ដល់​សេដ្ឋកិច្ច​ខ្មែរ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការបាត់បង់​ទំនុកចិត្ត​លើ​លុយរៀល បាន​ធ្វើ​ឲ្យ​ដុល្លារ​អាមេរិក​ក្លាយ​ទៅជា​រូបិយប័ណ្ណ​ ដែល​ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​បំផុត នៅ​ក្នុង​ប្រទេស​កម្ពុជា ពោលគឺ ត្រូវបាន​គេ​ប្រើច្រើន​ជាង​លុយរៀល ដែល​ជា​រូបិយប័ណ្ណ​​ជាតិទៅទៀត។ តើ​ការ​ចាយលុយ​ដុល្លារ​យ៉ាងទូលំទូលាយ​បែបនេះ​អាច​បង្ក​នូវ​ផលវិបាក​អ្វីខ្លះ?

រូបិយប័ណ្ឌដុល្លា ដែល​ចរាចរណ៍ ក្នុង​ប្រទេសកម្ពុជា។
រូបិយប័ណ្ឌដុល្លា ដែល​ចរាចរណ៍ ក្នុង​ប្រទេសកម្ពុជា។ RFI
ផ្សាយពាណិជ្ជកម្ម

នៅ​កម្ពុជា ដុល្លារ​អាមេរិក ​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​​ជា​មធ្យោបាយ​​​សម្រាប់​កំណត់​តម្លៃ សម្រាប់​​ទូទាត់ និងសម្រាប់​សន្សំ ពោលគឺ តួនាទី​សំខាន់ៗ​ទាំង៣​ នៃ​រូបិយប័ណ្ណ។ តម្លៃ​ទំនិញ​ភាគច្រើន​ត្រូវ​គិត​ជា​ដុល្លារ ការទិញដូរ​ភាគច្រើន​ត្រូវ​ទូទាត់​ដោយ​ប្រើ​លុយដុល្លារ ហើយ​ការ​ដាក់​លុយ​សន្សំ​នៅ​ធនាគារ ភាគច្រើន​ត្រូវ​ដាក់​ជា​ដុល្លារ។

យោងតាម​មូលនិធិ​​រូបិយវត្ថុ​អន្តរជាតិ (IMF) នៅ​កម្ពុជា​ ដុល្លារ​ត្រូវ​បានប្រើប្រាស់​រហូត​ទៅដល់​ប្រមាណ​ជា ៨០% នៃ​បរិមាណ​សាច់ប្រាក់​សរុប ដែល​ចរាចរ​នៅលើ​ទីផ្សារ ហើយ​ខុស​ពី​ប្រទេស​ជិតខាង ដូចជា ប្រទេស​ឡាវ​ ជាដើម ដែល​ការ​ប្រើ​លុយដុល្លារ​មាន​ការ​ថយចុះ​ធៀប​នឹង​លុយជាតិ ​​និន្នាការ​នៃ​ការប្រើ​លុយដុល្លារ​នៅ​កម្ពុជាវិញ​​មិនមាន​ការ​ថយចុះ​ទាល់តែ​សោះ បើទោះបីជា​កម្ពុជា​មាន​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ហើយ​​​មាន​អត្រា​អតិផរណា​មិន​ខ្ពស់​ហួសហេតុ​​ក៏ដោយ។

ការអនុញ្ញាត​ឲ្យ​ចាយលុយដុល្លារ​យ៉ាង​ទូលំទូលាយ​​បែបនេះ​អាច​ផ្តល់​នូវ​គុណប្រយោជន៍​មួយចំនួន ក៏ប៉ុន្តែ ក៏អាច​​បង្ក​នូវ​ផលវិបាក​អវិជ្ជមាន​​ច្រើន​ផងដែរ​​ដល់​សេដ្ឋកិច្ច​ខ្មែរ។

គុណប្រយោជន៍នៃ​ដុល្លារូបនីយកម្ម
 
គុណប្រយោជន៍ គឺ​នៅត្រង់ថា នៅ​ក្នុងពេល​ដែល​សាធារណជន​មិនមាន​ទំនុកចិត្ត​លើ​លុយរៀល ការ​អនុញ្ញាត​ឲ្យ​ចាយលុយដុល្លារ​ អាច​បញ្ចៀស​កុំ​ឲ្យ​កម្ពុជា​ត្រូវ​ប្រឈមមុខ​នឹង​​ចលនា​ហូរចេញ​​មូលធន​ទៅក្រៅប្រទេស។

ដោយសារតែ​មិនមាន​​ទំនុកចិត្ត​លើ​លុយរៀល អ្នកមាន​លុយ​មិនចង់​រក្សា​ទុក​លុយរៀលច្រើន​ ហើយ​នាំគ្នា​ស្វះស្វែង​រក​កន្លែង​ទុក​លុយ​ជា​ដុល្លារ ឬ​លុយ​បរទេស​ផ្សេងទៀត​ ដែល​គេ​គិត​ថា​មាន​ហានិភ័យ​តិច​ជាង។ ប្រសិន​បើ​នៅ​កម្ពុជា​ ដុល្លារ​មិនត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​ចរាចរ​យ៉ាង​ទូលំទូលាយ​ដូច​សព្វថ្ងៃ​នេះ​ទេ ដើម្បី​អាច​ទុក​លុយ​ជា​ដុល្លារ គេ​ប្រាកដ​ជា​​ត្រូវ​យក​លុយទៅទុក​នៅ​ក្នុង​ធនាគារ​ឯ​ក្រៅ​ប្រទេស ហើយ​មូលធន​ដែល​​ជា​កត្តា​សំខាន់​សំរាប់​កំណើន​សេដ្ឋកិច្ច​ជាតិ​ នឹង​ត្រូវ​ហូរ​ចេញ​ទៅ​ក្រៅ​ប្រទេស។

ឬ​ក្នុង​ករណី​ខ្លះ​ទៀត អ្នកមាន​លុយ​ ដែល​មិន​ចង់​ទុក​ជា​លុយ​រៀល ហើយ​ក៏​មិន​អាច​ទុក​​ជា​ដុល្លារ​នៅ​ក្នុង​ប្រទេស​បាន អាច​នាំ​គ្នា​យក​លុយ​ទៅទិញ​មាសទុក​ជំនួស​វិញ។ ការទុក​លុយ​ជាមាស​នេះ ក៏​មិនខុស​ពី​ការ​យក​លុយ​ទៅ​ទុក​នៅ​ឯ​ធនាគារ​បរទេស​ដែរ គឺ​វា​នាំ​ឲ្យ​​​កម្ពុជា​ត្រូវ​បាត់បង់​មូលធន សម្រាប់​ជំរុញ​កំណើន​សេដ្ឋកិច្ច។

គុណប្រយោជន៍​មួយ​ទៀត នៃ​ការ​ចាយលុយ​ដុល្លារ គឺ​វា​ជួយ​សម្រួល​ដល់​កម្ពុជា ក្នុងការ​ធ្វើ​សមាហរណកម្ម ក្នុង​ពាណិជ្ជកម្ម​អន្តរជាតិ។ ដុល្លារ​អាមេរិក ដែល​ជា​រូបិយប័ណ្ណ​​​ដ៏​មាន​ស្ថិរភាព​​បាន​ជួយ​កម្ពុជា​ឲ្យ​មាន​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និងបង្កើត​បរិយាកាស​ដែល​មាន​អំណោយ​ផល សម្រាប់​ការ​ធ្វើ​ជំនួញ។ ការចាយលុយ​ដុល្លារ​​ធ្វើ​ឲ្យ​អ្នក​ជំនួញ​​អាច​កាត់បន្ថយ​ការចំណាយ​ទៅលើ​ការ​ប្តូរ​ប្រាក់ រវាង​លុយរៀល និង​លុយដុល្លារ ហើយ​ហានិភ័យ​នៃ​អត្រា​ប្តូរប្រាក់​ក៏​ត្រូវ​កាត់បន្ថយ​ច្រើន​ផងដែរ។ ទាំងនេះ​គឺ​ជា​កត្តា​សំខាន់​មួយ ដែល​ជំរុញ​ឲ្យ​មាន​វិនិយោគ​បរទេស​នៅ​ក្នុង​ប្រទេស​កម្ពុជា ជាពិសេស នៅ​ក្នុង​វិស័យ​កាត់ដេរ។
 
គុណវិបត្តិ​នៃ​ដុល្លារូបនីយកម្ម
 
ទន្ទឹម​នឹង​គុណប្រយោជន៍​អស់ទាំងនេះ ការ​ចាយលុយ​ដុល្លារ​ក៏​មាន​គុណវិបត្តិ​ច្រើន​ផងដែរ។ គុណវិបត្តិ​ធំជាងគេ គឺ​កម្ពុជា​ត្រូវ​បាត់បង់​អាវុធ​ដ៏​សំខាន់​មួយ នៅ​ក្នុង​នយោបាយ​ម៉ាក្រូសេដ្ឋកិច្ច គឺ​នយោបាយ​រូបិយវត្ថុ។ ការ​ចាយលុយ​ដុល្លារ​អាមេរិក​យ៉ាង​ទូលំទូលាយ​ដូច​ជា​ពេល​បច្ចុប្បន្ន​នេះ មានន័យថា ទោះចង់មិនចង់ មួយផ្នែកធំ​នៃ​នយោបាយ​រូបិយវត្ថុ​របស់​កម្ពុជា​ត្រូវ​បាន​ផ្ទេរ​ទៅ​ឲ្យ​ធនាគារ​កណ្តាល​អាមេរិក​ជា​អ្នក​ចាត់ចែង​ជំនួស​ធនាគារ​ជាតិ​កម្ពុជា​វិញ។

គេ​អាច​និយាយ​ថា អាមេរិក​ជា​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក ហើយ​ធនាគារ​កណ្តាល​អាមេរិក​​ជា​ស្ថាប័ន​ដែលមាន​សមត្ថភាព​ខ្ពស់​ និង​ដែល​គួរ​ឲ្យ​គេ​ទុកចិត្ត​។ ដូច្នេះ បើ​ឲ្យ​​អាមេរិក​ជា​អ្នក​ចាត់ចែង​នយោបាយ​រូបិយវត្ថុ​ជំនួយ​ធនាគារ​ជាតិ​កម្ពុជា វា​ក៏​គួរជា​រឿង​ល្អដែរ។ ក៏ប៉ុន្តែ គេ​មិនគួរ​ភ្លេចទេថា ប្រទេស​នីមួយៗ​មាន​លក្ខណៈពិសេស​រៀងៗ​ខ្លួន និង​មាន​ស្ថានភាព​សេដ្ឋកិច្ច​ខុសៗគ្នា ហើយ​​ពេល​ខ្លះ​​ចាំបាច់​ត្រូវមាន​នយោបាយ​សេដ្ឋកិច្ច​ខុសគ្នា ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​សេដ្ឋកិច្ច​រៀងៗ​ខ្លួន។

ម្យ៉ាងទៀត រូបិយប័ណ្ណ​ជាតិ​ គឺ​ជា​និមិត្តរូប​ដ៏សំខាន់​មួយ​នៃ​អធិបតេយ្យ​​ជាតិ។ ដូច្នេះ ការ​ចាយលុយរៀល ដែល​ជា​រូបិយប័ណ្ណ​ជាតិ និង​ការ​គ្រប់គ្រង​នយោបាយ​រូបិយវត្ថុ​យ៉ាងពេញលេញ​ដោយ​ខ្លួនឯង វា​មិនត្រឹមតែ​ផ្តល់​ផលប្រយោជន៍​ដល់​សេដ្ឋកិច្ច​ជាតិ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជា​​មោទនភាព​របស់​ជាតិ​ខ្មែរ​ទាំងមូល​ផងដែរ។ ក៏ប៉ុន្តែ ដើម្បី​ឲ្យ​លុយរៀល​ត្រូវ​បាន​គេ​ប្រើប្រាស់​ច្រើន និង​ជា​មោទនភាព​របស់​ជាតិ​ខ្មែរ​បាន រដ្ឋាភិបាល​កម្ពុជា​ចាំបាច់​ត្រូវ​តែ​ដាក់ចេញ​នូវ​នយោបាយ ដើម្បី​ស្តារ​ទំនុកចិត្ត​លើ​លុយរៀល​ឡើងវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ