អានតួអត្ថបទ
កម្ពុជា

កុមារ​អាយុ​​៨​​ឆ្នាំ​ម្នាក់​ ស្លាប់​ដោយសារ​ជំងឺ​ផ្តាសាយ​បក្សី​ នៅ​ខេត្ត​ក្រចេះ​

ជំងឺផ្តាសាយបក្សី​បានចាប់ផ្តើម​ផ្ទុះឡើង​សាជាថ្មី​ទៀតហើយ នា​ឆ្នាំ ២០១៤នេះ។ កុមារ​ម្នាក់​អាយុ៨ ឆ្នាំ នៅ​ខេត្តក្រចេះ បាន​ស្លាប់​កាលពី២ថ្ងៃមុន​ដោយសារតែ​ជម្ងឺ​នេះ។ ក្នុង​ដើមឆ្នាំ២០១៤នេះ កម្ពុជា​ជួបប្រទះ​នឹង​ជំងឺផ្តាសាយបក្សី​ចំនួន២ ករណី​ហើយ។ នេះ​បើតាម​លោក លី សូ​វ៉ាន់ អនុប្រធាននាយកដ្ឋាន​ប្រយុទ្ធប្រឆាំង​ជម្ងឺឆ្លង​នៃ​ក្រសួងសុខាភិបាល។

ជំងឺផ្តាសាយបក្សីចាប់ផ្តើមផ្ទុះឡើង
ជំងឺផ្តាសាយបក្សីចាប់ផ្តើមផ្ទុះឡើង REUTERS
ផ្សាយពាណិជ្ជកម្ម

 

កុមារ​ម្នាក់​អាយុ៨ឆ្នាំ ដែល​ស្លាប់​ដោយសារ​ជំងឺ​ផ្តាសាយ​បក្សីកាលពី​ថ្ងៃទី៩ កុម្ភៈ​នេះ គឺជា​ករណី​ទី២ ក្នុង​ឆ្នាំ២០១៤នេះ។ មូល​ហេតុដែល​បណ្តាលអោយ​កុមារ​នេះ​ស្លាប់ គឺ​មកពី​អ្នក​ជម្ងឺ​មិន​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ទាន់ពេលវេលា ពោលគឺ នៅពេល​ទៅដល់​មន្ទីរពេទ្យ​សភាព​ជម្ងឺ​បាន​ធ្លាក់​ធ្ងន់ធ្ងរ​ទៅហើយ។ នេះ​បើតាម​លោក លី សូ​វ៉ាន់ អនុប្រធាននាយកដ្ឋាន​ប្រយុទ្ធប្រឆាំង​ជម្ងឺឆ្លង​នៃ​ក្រសួងសុខាភិបាល។ លោក បន្ត​អោយដឹងថា ករណី​ទី១ ដែល​កើត​លើ​កុមារ​អាយុ៦ឆ្នាំ​ម្នាក់​មកពី​ខេត្តកំពង់ធំ​តាំងពីដើម​ខែមករា​នោះ  នៅពេលនេះ កំពុងតែបន្ត​សំរាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​នៅឡើយ។

លោក លី សូ​វ៉ាន់ បាន​បញ្ជាក់ថា ជាទូទៅ ជម្ងឺផ្តាសាយបក្សី​នេះ​តែងតែ​ផ្ទុះឡើង​ពី​អំឡុង​ខែមករា រហូតដល់​ខែមេសា។ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ ក្នុងអំឡុង​ពេលនេះ អាជ្ញាធរ​តែងតែ​ចុះទៅ អប់រំ​ប្រជាពលរដ្ឋ និង​ចុះទៅ​ស្វែងរក​ករណី​ផ្សេងទៀត​នៅក្នុង​ភូមិ​ដែល​អ្នកជំងឺ​រស់នៅ ព្រមទាំង​ស្វែងរក​ករណី​ដែល​អាច​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស។ យ៉ាងណាក៏ដោយ មកទល់ពេលនេះ មិនទាន់មាន​ករណី​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​នោះទេ។

លោក អនុប្រធាននាយកដ្ឋាន​ប្រយុទ្ធ ប្រឆាំង​ជំងឺឆ្លង​រូបនេះ ក៏បាន​អំពាវនាវ​ផងដែរ ថា ជំងឺផ្តាសាយបក្សី មិនទាន់​ទៅណា​នោះទេ។ វា​កំពុងតែ​រាតត្បាត​នៅលើ​សត្វ​បក្សី ហើយ ឆ្លង​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ។ រហូតមកទល់​ពេល មាន​ខេត្ត​ចំនួន១៤ហើយ​ក្នុងប្រទេស​កម្ពុជា​ដែល​ធ្លាប់មាន​ករណី​ឆ្លង​ជំងឺផ្តាសាយបក្សី។

ដូច្នេះ​លោក អំពាវនាវ​ថា ប្រជាពលរដ្ឋ​គ្រប់រូប​ដាច់ខាត​មិនត្រូវ​បរិភោគ​មាន់​ទា​ដែល​ឈឺ​ឬ​ងាប់​ទេ ហើយ​ត្រូវតែ​រាយការណ៍​មក​អាជ្ញាធរ​មន្ត្រី​ជំនាញ​ជាបន្ទាន់​ប្រសិនបើ​មាន​ករណី​មាន់​ទា​ឈឺ​ឬ​ងាប់។
 

យោងតាម​របាយការណ៍​របស់​នាយកដ្ឋាន​ប្រយុទ្ធ ប្រឆាំង​ជំងឺឆ្លង នៅ​ឆ្នាំ២០១៣ ជំងឺផ្តាសាយបក្សី​មាន​ចំនួន២៦ករណី ភាគច្រើន​កើត​លើ​កុមារ ហើយ​ក្នុងនោះ១២ករណី​បាន​បាត់បង់​ជីវិត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ