អានតួអត្ថបទ
កម្ពុជា

ជំងឺផ្តាសាយបក្សី H5N1 ឆ្លងលើកុមារ ២នាក់ទៀត

កុមារ​ពីរ​នាក់​ទៀត បាន​ឆ្លង​ជំងឺផ្តាសាយបក្សី H5N1។ កុមារី​ម្នាក់ អាយុ ៥ ឆ្នាំ រស់នៅ​ស្រុក​ស្អាង ខេត្តកណ្តាល និង​កុមារា​ម្នាក់ទៀត អាយុ ៩ ឆ្នាំ រស់នៅ​ខេត្តបាត់ដំបង បាន​ឆ្លង​ជំងឺផ្តាសាយបក្សី ដែល​ត្រូវបាន​រកឃើញ​កាលពី​ថ្ងៃទី៩ និង​ថ្ងៃទី១០សីហា។ កុមារ​រងគ្រោះ​ទាំងពីរ កំពុង​ត្រូវបាន​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា នៅ​ភ្នំពេញ និង​ម្នាក់ទៀត នៅ​ខេត្តសៀមរាប។

REUTERS
ផ្សាយពាណិជ្ជកម្ម

 

លោក​វេជ្ជបណ្ឌិត សុខ ទូច ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង​របស់​ក្រសួងសុខាភិបាល បាន​ប្រាប់​វិទ្យុ​បារាំង នៅ​ព្រឹក​ថ្ងៃទី១៣សីហា​ថា កុមារ​ទាំងពីរ​នាក់ ត្រូវបាន​ក្រុមគ្រូពេទ្យ​ជំនាញ រកឃើញថា មាន​ផ្ទុក​ជំងឺផ្តាសាយបក្សី H5N1 កាលពី​ថ្ងៃទី៩ និង​ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៣ តាមរយៈ​ការបញ្ជាក់​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ។ មកដល់​ព្រឹក​ថ្ងៃទី១៣សីហា​នេះ ស្ថានភាព​ជំងឺ​របស់​កុមារ​ទាំងពីរ កំពុងស្ថិត​ក្នុង​គ្រោះថ្នាក់​នៅឡើយ។ កុមារ​រងគ្រោះ មាន​បញ្ហា​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ ក្តៅខ្លួន​ខ្លាំង ក្អក និង​ក្អួតចង្អោរ។

លោក​វេជ្ជបណ្ឌិត សុខ ទូច បាន​បន្តថា ក្រុមគ្រូពេទ្យ កំពុង​តាមដាន​ស្ថានភាព​ជំងឺ​កុមារ​ទាំងពីរ ព្រមទាំង​ចុះទៅ​កាន់​ផ្ទះ​របស់​កុមារ​រងគ្រោះ នៅ​ស្រុក​ស្អាង ខេត្តកណ្តាល និង​នៅ​បាត់ដំបង ដើម្បី​ពិនិត្យ និង​យក​សំណាក​នានា ពី​មាន់​ទា យកទៅ​វិភាគ។ មាន់​ទា ជា​ភ្នាក់ងារចម្លងមេរោគ​ជំងឺផ្តាសាយបក្សី H5N1 មកកាន់​មនុស្ស។

យ៉ាងណាក៏ដោយ លោក​វេជ្ជបណ្ឌិត សុខ ទូច បាន​បញ្ជាក់ថា  មកដល់ពេលនេះ នៅ​កម្ពុជា មិនទាន់មាន​ករណី​ឆ្លង​ជំងឺផ្តាសាយបក្សី​ពី​មនុស្ស ទៅ​មនុស្ស ដែលជា​ប្រភេទ​ជំងឺ H7N9 ដូច​នៅ​ប្រទេស​ចិន នៅឡើយ​ទេ។

ជាការ​កត់សម្គាល់ ចាប់តាំងពី​ឆ្នាំ២០០៥ នៅ​កម្ពុជា កើតមាន​ជំងឺផ្តាសាយបក្សី ចំនួន ៣៧ករណី។ ក្នុងនោះ មាន​អ្នកស្លាប់​យ៉ាងហោចណាស់ ២៧ នាក់។ បើ​គិត​ត្រឹមតែ​ដើមឆ្នាំ២០១៣ មកដល់ពេលនេះ ជំងឺផ្តាសាយបក្សី នៅ​កម្ពុជា កើតមាន ១៦ ករណី និង​បានសម្លាប់​មនុស្ស ៩ នាក់។ អ្នកជំងឺ​ស្ទើរតែ​ទាំងអស់ ជា​កុមារ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ