អានតួអត្ថបទ
កម្ពុជា

សង្គ្រាម​ប្រឆាំង​បទ​ល្មើស​នេសាទ​លើ​ផ្ទៃ​បឹង​ទន្លេសាប​ចាប់​ផ្តើម​

ដូច​​ការ​​គ្រោង​ទុក​​យុទ្ធនាការ​​ទ្រង់ទ្រាយ​​ធំ​​ដើម្បី​​បង្ក្រាប​​ភាព​​ អនាធិបតេយ្យ​​ក្នុង​​ដែន​​នេសាទ​​បឹង​ទន្លេសាប​​បាន​​ចាប់ផ្តើម​​ហើយ​​នៅ​​ព្រឹក​​ថ្ងៃ​ ​អាទិត្យ​​នេះ។ ​សង្គ្រាម​​នៅ​​លើ​​ផ្ទៃ​​បឹង​​ទន្លេ​សាប ​បាន​ផ្តើម​​ឡើង​​នៅ​​ក្នុង​​ខេត្ត​​សៀមរាប​​ ដោយ​​ប្រើ​ប្រាស់​​កម្លាំង​​ចម្រុះ​​និង​​គ្រឿង​ចក្រ​ ​សាឡង់​​តូច​​ធំ​ ចុះ​ដល់​​កន្លែង​​គោលដៅ​​ដែល​​បាន​​គ្រោង​ទុក។​ ​យុទ្ធនាការ​​អនុវត្ត​​ដាវ​​អាជ្ញាសឹក​​របស់​​នាយក​រដ្ឋមន្ត្រី​​បាន​​ចាប់​ផ្តើម​​ ភ្លាមៗ​​មិន​​បង្អង់​​យូរ​​ ក្រោយ​ពេល​​ដែល​​ឱសានវាទ​​បាន​​ផុត​​កំណត់​​នៅ​​ថ្ងៃ​​ អាទិត្យ​​នេះ។ ​ប៉ុន្តែ​ ​នៅ​​មិន​​ទាន់​​មាន​​របាយការណ៍​​អំពី​​លទ្ធផល​​ជាក់ស្តែង​​នៅ​​ឡើយ​​ទេ។

លោក​លឹម​ គានហោ​ រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក​ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​បឹង​ទន្លេសាប។
លោក​លឹម​ គានហោ​ រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក​ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​បឹង​ទន្លេសាប។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

 

ប្រតិបត្តិការ​នៅ​ថ្ងៃ​នេះ​បាន​ចាប់​ផ្តើម​ពី​ខេត្ត​សៀមរាប​ឆ្ពោះ​ទៅ​ខេត្ត​កំពង់ធំ​ និង​កំពង់ឆ្នាំង​ក្រោម​ការ​បញ្ជា​ផ្ទាល់​ដោយ​លោក​លឹម គានហោ ​រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក​ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​បឹង​ទន្លេសាប​ដោយ​មាន​កម្លាំង​ចម្រុះ​ជា​ច្រើន​នាក់​អម​ជាមួយ។ សម្រាស់​ ព្រួល​ និង​ធ្នស់​មួយ​ចំនួន​ដែល​នៅ​សេស​សល់​ត្រូវ​បាន​រុះរើ។ រហូត​មក​ទល់​នឹង​រសៀល​ថ្ងៃ​អាទិត្យ​នេះ​នៅ​មិន​ទាន់​មាន​របាយការណ៍​ច្បាស់​លាស់​អំពី​លទ្ធផល​នៃ​យុទ្ធនាការ​ថ្ងៃ​ដំបូង​នៅ​ឡើយ​ទេ។ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​គឺ​ម្ចាស់​ទីតាំង​នេសាទ​ល្មើស​ច្បាប់​ភាគ​ច្រើន​បាន​រុះរើ​អស់​ទៅ​ហើយ​នៅ​មុន​កម្លាំង​ចម្រុះ​ចុះ​ដល់។

លោក​នាយក​រដ្ឋមន្ត្រី​បាន​ចេញ​បទ​បញ្ជា​លេខ​០១​ចុះ​ថ្ងៃ​ទី​២២​ឧសភា​ដោយ​បញ្ជា​ឲ្យ​លុប​បំបាត់​ឲ្យ​អស់​នូវ​ភាព​អនាធិបតេយ្យ​នៅ​តាម​ដង​ស្ទឹង​ បឹងបួរ​ ព្រែក ​និង​ទន្លេ​នៅ​តាម​បណ្តា​ខេត្ត​ចំនួន​៨​ដែល​ពាក់ពន្ធ័​នឹង​បឹង​ទន្លេសាប។ ​ខេត្ត​ទាំង​៨​នោះ​រួម​មាន​ ខេត្ត​កំពង់ឆ្នាំង​ ពោធិសាត់​ បាត់ដំបង​ បន្ទាយមានជ័យ ​សៀមរាប ​កំពង់ធំ ​កំពង់ចាម ​និង​ខេត្ត​កណ្តាល។ ​បទបញ្ជា​នេះ​សំដៅ​បោស​សម្អាត​សម្រាស់ ​ព្រួល ​ធ្នស់​ និង​ឧបករណ៍​ផ្សេង​ទៀត​ដែល​គេ​ដាក់​ដោយ​ខុស​ច្បាប់​នៅ​ក្នុង​ដែន​នេសាទ​នៃ​តំបន់​បឹង​ទន្លេសាប។ រដ្ឋាភិបាល​បាន​ទុក​រយៈពេល​ពីរ​សប្តាហ៍​ឲ្យ​ម្ចាស់​ដែន​នេសាទ​ទាំង​នោះ​រុះរើ​ដោយ​ខ្លួន​ឯង​មុន​នឹង​ចាប់​ផ្តើម​យុទ្ធនាការ​បោស​សម្អាត​ទ្រង់​ទ្រាយ​ធំ​នៅ​ថ្ងៃ​នេះ។ ​លោក​លឹម គានហោ ​បាន​ប្រកាស​ឲ្យ​ដឹង​ក្នុង​សន្និសីទ​កាសែត​កាលពី​ថ្ងៃ​សុក្រ​ថា ​ឧបករណ៍​នេសាទ​ខុស​ច្បាប់​​ប្រហែល​៨០​ភាគ​រយ​ក្នុង​ចំណោម​៥៩២​ទីតាំង​ដែល​គោលដៅ​នៃ​ការ​បង្ក្រាប​ត្រូវ​បាន​រុះរើ​រួច​រាល់​ហើយ​នៅ​មុន​ការ​ផុត​កំណត់​នៃ​ឱសានវាទ។
សូម​បញ្ជាក់​ថា ​បឹង​ទន្លេសាប​ជា​សម្បត្តិ​មហាសាល​មួយ​របស់​ប្រទេស​កម្ពុជា។ ​បឹង​នេះ​មិន​ត្រឹម​តែ​ជា​ជង្រុក​ត្រី​និង​ជីវៈចម្រុះ​ដ៏​សម្បូរ​បែប​ប៉ុណ្ណោះ​ទេ ​តែ​វា​ក៏​ជា​អាង​ស្តុក​ទឹក​ដ៏​ធំមួយ​ដែល​អាច​កាត់​បន្ថយ​ទឹក​ជំនន់​ទន្ល​មេគង្គ​យ៉ាង​សំខាន់​ផង​ដែរ។ ​បឹង​ទន្លេសាប​មាន​បណ្តាញ​ជា​ស្ទឹង​ បឹង ព្រែក ​ចំនួន​ ១៩ ​ដែល​ហូរ​ចាក់​ចូល​ទៅ​ទីនោះ។ ​លោក​លឹម គានហោ ​ឲ្យ​ដឹង​ថា​ ប្រសិន​បើ​គ្មាន​ការ​ទប់​ស្កាត់​ភាព​អនាធិបតេយ្យ​ក្នុង​ដែន​បឹងទន្លេសាប​ទេ​នោះ​ ក្នុង​រយៈ​ពេល​៣​ឆ្នាំ​ទៀត​ត្រី​ក្នុង​បឹង​ទន្លេសាប​នឹង​ផុត​ពូជ​ជា​មិន​ខាន។

យ៉ាង​ណា​ក៏ដោយ​ ទន្ទឹម​នឹង​ការ​សាទរ​ចំពោះ​ចំណាត់ការ​របស់​រដ្ឋាភិបាល​ ក៏​មាន​ការ​ស្តី​បន្ទោស​​ដែរ​ថា​ វា​ហាក់​ដូច​ជា​ចង់​ជ្រុល​ពេល​បន្តិច​ទៅ​ហើយ​ទម្រាំ​តែ​មាន​វិធានការ​បែប​នេះ ហើយ​គេ​ក៏​នៅ​មិន​ទាន់​ដឹង​ថា ​ដាវ​អាជ្ញាសឹក​របស់​លោក​នាយករ​ដ្ឋមន្ត្រី​នឹង​មាន​ប្រសិទ្ធភាព​និង​និរន្តរភាព​ប៉ុណ្ណា​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ