rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ព្រឹទ្ធសភា នយោបាយ រដ្ឋសភា

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

សមាជិក​ព្រឹទ្ធសភា​២​រូប​ជ្រើស​តាំង​ដោយ​រដ្ឋសភា អាច​ចេញ​មក​ពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច

media
កិច្ច​ប្រជុំ​នៅ​រដ្ឋសភា @សហការី

គណៈកម្មាធិការ​អចិន្រ្តៃយ៍​នៃ​រដ្ឋសភា នឹង​បើក​កិច្ច​ប្រជុំ​មួយ នៅ​ថ្ងៃ​ទី ៣ មេសា ដើម្បី​ជ្រើស​រើស​បេក្ខជន​ពីរ​រូប​ក្នុង​ចំណោម​បេក្ខជន​១៣​រូប ដែល​បាន​ដាក់​ពាក្យ​សុំ​ធ្វើ​ជា​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៤។ ក្នុង​ចំណោម​បេក្ខជន​ទាំង​១៣​រូប​នោះ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​ចាត់​តាំង​សមាជិក​២​រូប ហើយ​ដែល​គេ​រំពឹង​ថា នឹង​ក្លាយ​ជា​សមាជិក​ព្រឹទ្ធសភា​ថ្មី​នេះ។


បើ​គ្មាន​ការ​ប្រែ​ប្រួល​ទេ គណៈកម្មាធិការ​អចិន្រ្តៃយ៍​នៃ​រដ្ឋសភា នឹង​បើក​កិច្ច​ប្រជុំ នៅ​ថ្ងៃ​ទី ៣ មេសា ដើម្បី​ជ្រើស​រើស​ឥស្សរជន​ពីរ​រូប ឲ្យ​ធ្វើ​ជា​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៤ តាម​រយៈ​ការ​បោះ​ឆ្នោត​ពី​សមាជិក​រដ្ឋសភា។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក ឡេង ប៉េងឡុង អគ្គលេខាធិការ​និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋសភា​ជាតិ។

គួរ​ជំរាប​ជូន​ថា ចាប់​ពី​ថ្ងៃ​ទី ១៥ មីនា​មក អគ្គលេខាធិការ​ដ្ឋាន​នៃ​រដ្ឋសភា បាន​ប្រកាស​ជ្រើស​រើស​ឥស្សរជន​ពីរ​រូប ដែល​មាន​អាយុ​យ៉ាង​តិច​៤០​ឆ្នាំ មាន​សញ្ជាតិ​ខ្មែរ​តាំង​ពី​កំណើត ឲ្យ​ដាក់​ពាក្យ​សុំ​ធ្វើ​ជា​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៤។ ក្នុង​នោះ មាន​បេក្ខជន​តែ​១៣​រូប​ប៉ុណ្ណោះ ដែល​បាន​ដាក់​ពាក្យ​មក​កាន់​អគ្គលេខាធិការ​ដ្ឋាន​នៃ​រដ្ឋសភា។ ហើយ​ក្នុង​ចំណោម​បេក្ខជន​ទាំង​១៣​រូប​នោះ មាន​បេក្ខជន​២​រូប ត្រូវ​បាន​ចាត់​តាំង​ដោយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ហើយ​ដែល​គេ​រំពឹង​ខ្ពស់​ថា នឹង​ក្លាយ​ជា​សមាជិក​ព្រឹទ្ធសភា​ថ្មី​នេះ។ លោក ញ៉េប ប៊ុនជិន អ្នក​នាំ​ពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​ថ្លែង​ថា បន្ទាប់​ពី​មាន​កិច្ច​ប្រជុំ​មួយ​កាល​ពី​ថ្ងៃ​ទី ១ មេសា គណបក្ស​បាន​សម្រេច​ចាត់​តាំង​បេក្ខជន​២​រូប​ឲ្យ​ឈរ​ឈ្មោះ​ជា​សមាជិក​ព្រឹទ្ធសភា។ តែ​លោក​មិន​ទាន់​បញ្ជាក់​ទេ​ថា តើ​បេក្ខជន​ទាំង​ពីរ​រូប​នេះ ជា​នរណា។

សូម​បញ្ជាក់​ថា ព្រឹទ្ធសភា​នីតិកាល​ទី​៤ មាន​សមាជិក​សរុប​៦២​រូប ក្នុង​នោះ​៥៨​រូប កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​ជា​អសកល ២​រូប​ចាត់​តាំង​ដោយ​ព្រះ​មហាក្សត្រ និង​២​រូប​ទៀត ត្រូវ​ជ្រើស​តាំង​ដោយ​សមាជិក​រដ្ឋសភា​ក្នុង​សំឡេង​ភាគ​ច្រើន​ដាច់​ខាត។ គិត​មក​ទល់​នឹង​ពេល​នេះ គេ​បាន​ដឹង ថា ព្រឹទ្ធសភា​នីតិកាល​ទី​៤ ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់​គ្រង​៥៨​អាសនៈ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៤ ដែល​ធ្វើ​ឡើង​ក្រោម​ការ​រិះគន់ កាល​ពី​ថ្ងៃ​ទី ២៥ កុម្ភៈ ដោយ​សារ​តែ​អវត្តមាន​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ​នៅ​កម្ពុជា។ ចំណែក​ឯ​សមាជិក​ព្រឹទ្ធសភា​២​រូប​ទៀត​តែង​តាំង​ដោយ​ព្រះ​មហាក្សត្រ ត្រូវ​បាន​គេ​ស្គាល់​ថា គឺ​សម្តេច​រាជបុត្រី​ព្រះ​អនុជ នរោត្តម អរណុរស្មី និង​លោក​ស្រី អ៊ុំ សូម៉ានីន។

គួរ​ជំរាប​ជូន​ដែរ​ថា បើ​គ្មាន​ការ​​ប្រែ​ប្រួល​ទេ ព្រឹទ្ធសភា​នីតិកាល​ទី​៤ នឹង​បើក​សម័យ​ប្រជុំ​លើក​ដំបូង​របស់​ខ្លួន នៅ​ព្រឹក​ថ្ងៃ​ទី ២៣ មេសា ក្រោម​ព្រះ​រាជា​ធិបតី​ភាព​របស់​អង្គ​ព្រះ​មហាក្សត្រ៕