rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា សង្គម ច្បាប់

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

​អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល មិន​ភ្ញាក់​ផ្អើល ដែល​មន្ត្រី​រដ្ឋា​ភិបាល​មាន​ប្រាក់​ច្រើន ដើម្បី​ទទួល​បាន​សញ្ជាតិ​លើស​ពី​១​

media
អ្នកនាំពាក្យរដ្ឋាភិបាល មិនភ្ញាក់ផ្អើល ដែលមន្ត្រីរដ្ឋាភិបាលមានប្រាក់ច្រើន ដើម្បីទទួលបានសញ្ជាតិលើសពី ១ @សហការី

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក​ ផៃ ស៊ីផាន យល់ថា​ ការ​មាន​សញ្ជាតិ ២ របស់​មន្ត្រី​ជាន់ខ្ពស់រ​ដ្ឋាភិបាលកម្ពុជា មិន​មាន​រឿងអ្វីគួរឲ្យ​ភ្ញាក់ផ្អើលនោះទេ ព្រោះថាកម្ពុជា គ្មាន​ច្បាប់​ រឹតត្បិត​នរណាម្នាក់ មិន​ឲ្យ​មាន​សញ្ជាតិ ២នោះឡើយ​។ ការ​លើកឡើង​របស់លោក​ផៃ ស៊ីផាន នេះ គឺបន្ទាប់​ពីមានការចុះផ្សាយ​របស់​សារព័ត៌មានអង់គ្លេស Reuters ថាសែស្រឡាយ​​លោក​នាយករដ្ឋមន្ត្រីហ៊ុន សែន និង​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាលមួយ​ចំនួន​ កំពុង​មាន​សញ្ជាតិ​ ២ និង​កំពុង​បន្ត​ដំណើរការ​សុំសញ្ជាតិនោះ ពីប្រទេសស៊ីប (Cyprus)។ 


លោក​ ផៃ ស៊ីផាន បានប្រាប់វិទ្យុបារាំងអន្តរជាតិ នៅថ្ងៃសុក្រនេះថា ការ​មានសញ្ជាតិ ២របស់​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា និង​សាច់ញាតិ​របស់លោក​នាយករដ្ឋមន្ត្រីហ៊ុន សែន គឺ​មិន​មែន​ជារឿង​អ្វី​ធំដុំ គួរយក​មក​កកូរកកាយ​ទេ ព្រោះថា​សញ្ជាតិ ២ គឺជាផល​ប្រយោជន៍របស់​ប្រទេសនីមួយៗ។

លោក​ផៃ ស៊ីផាន ដែលមាន​សញ្ជាតិ​ខ្មែរ និង​អាមេរិកផងនោះ បាន​បន្ត​ថា ការ​មាន​សញ្ជាតិ​ ២ របស់​បុគ្គលម្នាក់ៗ គឺអាចផ្តល់​លទ្ធភាព​សម្រាប់ការបន្តាក់ទុន ភាពងាយ​ស្រួល​ក្នុងការ​រស់នៅ ឬ ​ការសិក្សា ដែលជាទិសដៅសេដ្ឋកិច្ចសុទ្ធសាធ មិនមែនជាទិសដៅនយោបាយ​នោះទេ។

សូម​រម្លឹកជូនថា កាល​ពី​សប្តាហ៍​មុន ទីភ្នាក់ងារព័ត៌មានអង់គ្លេស Reuters បាន​ចុះផ្សាយ​អត្ថបទ​បែបស៊ើបអង្កេតយ៉ាងវែងមួយ​ថា ក្មួយ​ស្រី​របស់​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន គឺ​លោកស្រី ហ៊ុន គីមឡេង ដែល​ជា​អ្នក​ជំនួញ​ម្នាក់ ​នៅ​កម្ពុជា បាន​ទទួល​សញ្ជាតិ​ស៊ីប។ ហើយ​កូន​ស្រី និងស្វាមី​របស់​លោក​ស្រី គឺ​លោក ​នេត សាវឿន អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​ កំពុង​ស្នើ​សុំ​សញ្ជាតិ​នេះ​ដូច​គ្នា។ ចំណែក​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធ​មុនីរ័ត្ន ​បាន​ស្នើ​សុំ​សញ្ជាតិ ខណៈ​ដែល​លោក​ឧកញ៉ា ឡៅ ម៉េងឃីន ​ព្រឹទ្ធ​សមាជិក​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​អ្នក​ជំនួញ​ដ៏​ល្បី​ឈ្មោះ​មួយ​រូប និង​ភរិយា​របស់​លោក ក៏​បានទទួល​សញ្ជាតិ​ពី​សាធារណរដ្ឋ​ស៊ីប​នេះ​ផង​ដែរ។

តាំងពីឆ្នាំ ២០១៣មក ប្រទេសស៊ីប បាន​កំណត់​ផ្តល់​សញ្ជាតិ​ដល់ពលរដ្ឋ​បរទេស ដែលបាន​វិនិយោគក្នុងប្រទេសនេះ ក្រោម​ទំហំ​ទឹកប្រាក់​យ៉ាងតិចបំផុត ២លានអឺរូ ឬ ប្រមាណ ២,២លានដុល្លារអាមេរិក ដើម្បីទទួលសញ្ជាតិ​ស៊ីប។ ​​លិខិតឆ្លងដែនរបស់​ពលរដ្ឋ​ស៊ីប ​មាន​ឥទ្ធិពល​លើ​​ទិដ្ឋាការ​ចេញ​ចូល​ដោយ​សេរី ​ក្នុង​ប្រទេសចំនួន ១៧៣លើពិភពលោក ដោយ​ក្នុងនោះ រួមមាន​ទាំងចក្រភពអង់គ្លេស និង​សហភាពអឺរុបទៀត​ផង។

នៅពេល​សួរ​ថា តើ​ការ​មាន​ប្រាក់​យ៉ាងសម្បើម​ដើម្បីដោះដូរនឹង​សញ្ជាតិ ២នេះ មានន័យ​យ៉ាងណា? លោក​ផៃ ស៊ីផាន បាន​តប​ថា ប្រទេសកម្ពុជាមានទីផ្សារសេរី និង​សេដ្ឋកិច្ច​ទូលំទូលាយ ដូច្នេះការមានប្រាក់​កាស​ច្រើន​របស់​បុគ្គលម្នាក់ៗ មិនគួរជារឿង​ចម្លែកនោះឡើយ។

យ៉ាងណាមិញ បន្ទាប់​ពី​ការ​ចុះ​ផ្សាយ​របស់​ ​Reuters គណបក្ស​ប្រឆាំង​នៅ​ប្រទេស​ស៊ីប បាន​អំពាវនាវ​ឲ្យ​មាន​ការ​ពន្យល់​ពី​រដ្ឋាភិបាលស៊ីប ​ទៅ​លើ​ការ​ផ្តល់​សញ្ជាតិ​ ដល់​សែស្រឡាយ​របស់​ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជា​នេះ។ ហើយ​មក​ដល់​ពេលនេះ វិទ្យុបារាំងអន្តរជាតិ នៅពុំទាន់អាចទាក់ទងសុំការបំភ្លឺពីលោក នេត សាវឿន អគ្គស្នងការ​នគរបាលជាតិ ដែល Reuters បាន​ចុះផ្សាយ​ថាកំពុងស្នើសុំ​សញ្ជាតិស៊ីបនៅឡើយទេ៕