rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

សង្គម សព្វាវុធ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ពិធី​រំឭក​ខួប​ដល់​អ្នក​ស្លាប់​ដោយ​ការ​គប់​គ្រាប់​បែក​ឆ្នាំ​១៩៩៧ ប្រព្រឹត្ត​ទៅ​យ៉ាង​ស្ងប់​ស្ងាត់

media
រូបភាព​ចាស់៖ ពិធីបុណ្យបង្សុកូលឧទ្ទិសកុសល ដល់វិញ្ញាណក្ខន្ធបាតុករស្លាប់ឆ្នាំ១៩៩៧នៅចេតិយ មុខអតីតមន្ទីររដ្ឋសភា ខាងត្បូង ជាប់នឹងព្រះបរមរាជវាំងនា​ពេល​កន្លង​មក

នៅ​ថ្ងៃ​សុក្រ​នេះ គណបក្ស​ភ្លើង​ទៀន​ ដែល​ប្តូរ​ឈ្មោះ មក​ពី​គណបក្ស សម ​រង្ស៊ី បាន​ប្រារព្ធ​ពិធី​រំឭក​វិញ្ញាណក្ខន្ធ​ដល់​ជន​រងគ្រោះ​ដែល​បាន​ស្លាប់​ដោយ​សារ​ការ​គប់​គ្រាប់​បែក​​កាលពី​ឆ្នាំ ១៩៩៧ ​មុខ​អតីត​រដ្ឋសភា។​​ ជា​ការ​កត់​សម្គាល់ ពិធី​រំឭក​ខួប​លើក​ទី​២១​នៃ​ហេតុការណ៍​នេះ ប្រព្រឹត្ត​ធ្វើ​ទៅ​យ៉ាង​ស្ងប់​ស្ងាត់​ បន្ទាប់​ពី​មេ​ដឹក​នាំ​អតីត​គណបក្ស​ប្រឆាំង​ខ្លះ​ដែល​តែង​តែ​ចូល​រួម​ពិធី​នេះ ​កំពុង​ត្រូវ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ និង​ខ្លះ​ទៀត​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស។


ភាព​ស្ងប់​ស្ងាត់​នៃ​ពិធី​រំឭក​ខួប​២១​ឆ្នាំ​នៃព្រឹត្តិការណ៍​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​ដៃ​ទៅ​លើ​ហ្វូង​បាតុ​​ករ​ដែល​ដឹក​នាំ​ដោយ​លោក សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី​៣០​ខែ​មីនា ឆ្នាំ​១៩៩៧ គឺ​កើត​ឡើង​ដោយ​សារ​តែ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ដាក់​លក្ខខណ្ឌ។ លក្ខខណ្ឌ​នោះ គឺ​អាជ្ញាធរ​បាន​ហាម​មិន​ឲ្យ​គណបក្ស​ភ្លើង​ទៀន​ដែល​ប្តូរ​ឈ្មោះ​មក​ពី​គណបក្ស សម ​រង្ស៊ី ថ្លែង​សារ​នយោបាយ​វាយ​ប្រហារ​លើ​រដ្ឋាភិបាល​កម្ពុជា​តាម​មេក្រូ ឬ​លើក​បដា​ទាម​ទារ​អ្វី​នោះ​ក៏​ទេ​ដែរ។ ចំណែក ​អ្នក​ចូល​រួម​វិញ អាជ្ញាធរ​បាន​អនុញ្ញាត​ឲ្យ​មាន​ចំនួន​ត្រឹម​តែ​១០០​នាក់​ប៉ុណ្ណោះ។

សូម​ជម្រាប​ថា ការ​រំលឹក​ខួប​ព្រឹត្តិការណ៍​គប់​គ្រាប់​បែក​ដៃ​នៅ​មុខ​អតីត​មន្ទីរ​រដ្ឋសភា​នា​ថ្ងៃ​សុក្រ​នេះ បាន​ប្រព្រឹត្តិ​ទៅ​មុខ​ស្តូប​រំឭក​វិញ្ញាណក្ខន្ធ​ជន​រង​គ្រោះ ​លើ​សួន​ច្បារ​មុខ​វត្ត​បទុមវត្តី តាម​បែប​ពិធី​សាសនា។

គួរ​រំឭក​ថា នៅ​ថ្ងៃ​ទី​៣០​មីនា​ឆ្នាំ​១៩៩៧ គ្រាប់​បែក​ចំនួន​៤​គ្រាប់​ត្រូវ​បាន​គប់​ចូល​ទៅ​ក្នុង​ហ្វូង​ក្រុម​អ្នក​គាំទ្រ​គណបក្ស​ជាតិ​ខ្មែរ ដែល​កាល​ពី​ពេល​នោះ​ដឹក​នាំ​ដោយ​លោក សម រង្ស៊ី​។ ព្រឹត្តិការណ៍​នោះ​​បាន​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់ ១៦ នាក់​ស្លាប់ និង​ជាង​ ១២០ នាក់​ទៀត​​រងរបួស​ ​រួមទាំង​លោក សម រង្ស៊ី អតីត​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​ផង​ដែរ​។ ជាង​២០​ឆ្នាំ​កន្លង​ផុត​ទៅ នៅ​មិន​ទាន់​អ្នក​ណា​ម្នាក់​ចេញ​មុខ​ទទួល​ខុស​ត្រូវ​លើ​ការ​គប់​គ្រាប់​បែក​នេះ​ទេ ខណៈ​រដ្ឋាភិបាល​អះអាង​ថា ការ​ស៊ើប​អង្កេត​នៅ​តែ​បន្ត មិន​ទាន់​បិទ​បញ្ចប់​នៅ​ឡើយ។

​លោក សម រង្ស៊ី ដែល​កំពុង​នៅ​ក្រៅ​ប្រទេស បាន​សរសេរ​នៅ​លើ​ហ្វេស​ប៊ុក​របស់​លោក​ដោយ​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​ទៅ​លើ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ចំពោះ​ព្រឹត្តិការណ៍​គប់​គ្រប់​បែក​លើ​ហ្វូង​បាតុករ​នោះ។ ប៉ុន្តែ​លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ថា លោក សម រង្ស៊ី ធ្លាប់​សរសេរ​លិខិត​សុំ​ទោស​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ម្តង​ហើយ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ។

ទោះ​ជា​យ៉ាង​ណា លោក អំ សំអាត ប្រធាន​ផ្នែក​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​ លីកាដូ នៅ​តែ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ពន្លឿន​ការ​ស៊ើប​អង្កេត​លើ​ករណី​នេះ ដើម្បី​បង្ហាញ​ជំនឿ​ទុក​ចិត្ត​របស់​ពលរដ្ឋ​ទៅ​លើ​រដ្ឋាភិបាល​ក្នុង​ការ​ស្វែង​រក​យុត្តិធម៌​ឲ្យ​ជន​រង​គ្រោះ៕