អានតួអត្ថបទ
កម្ពុជា-អាស៊ាន

មក​ដល់​ឆ្នាំ​២០១៨​នេះ កម្ពុជា​បាន​ចូល​ជា​សមាជិក​អាស៊ាន​១៩​ឆ្នាំ​ហើយ

នៅ​ថ្ងៃ​ចន្ទ​ទី​៣០ មេសា​នេះ គឺ​ជា​ខួប​រយៈ​ពេល​១៩​ឆ្នាំ​ដែល​កម្ពុជា​បាន​ចូល​ជា​សមាជិក​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហៅ​កាត់​ថា អាស៊ាន។ ឆ្លៀត​ឱកាស​នេះ វណ្ណ សុគន្ធា សូម​រំឮក​ជូន​លោក​អ្នក​ស្តាប់​ឡើង​វិញ​អំពី​ប្រវត្តិ​នៃ​ការ​ឈាន​ជើង ចូល​ក្នុង​អាស៊ាន​របស់​កម្ពុជា និង​សមិទ្ធផល​នានា​ដែល​កម្ពុជា​ទទួល​បាន​អាស៊ាន​នេះ។

រូបភាព​តំណាង៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៣១
រូបភាព​តំណាង៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៣១ @Samdech Hun Sen, Cambodian Prime Minister
ផ្សាយពាណិជ្ជកម្ម

កម្ពុជា បាន​ចូល​ជា​សមាជិក​អាស៊ាន​កាល​ពី​ថ្ងៃ​ទី​៣០ ​ខែ​មេសា ឆ្នាំ​១៩៩៩។ គិត​មក​ដល់​ពេល​នេះ កម្ពុជា​បាន​ក្លាយ​ជា​សមាជិក​ទី​១០​របស់​អាស៊ាន​រយៈ​ពេល​១៩​ឆ្នាំ​ហើយ។ ការ​សម្រេច​ចូល​ជា​សមាជិក​អាស៊ាន​របស់​កម្ពុជា​នា​ពេល​នោះ គឺ​កម្ពុជា​សំអាង​លើ​មូលហេតុ​សំខាន់ៗ​ចំនួន​៤ ចំណុច គឺ​ទី អាស៊ាន​មាន​គោលការណ៍​មិន​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​នៃ​ប្រទេស​ដែល​ជា​សមាជិក​របស់​ខ្លួន។ ទី​២ គឺ​អាស៊ាន​មាន​ស្មារតី​សហគមន៍ បាន​ន័យ​ថា រាល់​ការ​សម្រេច​លើ​បញ្ហា​អ្វី​មួយ គឺ​ផ្អែក​តាម​គោលការណ៍​កុង​សង់ស៊ីស​ដោយ​មិន​ឲ្យ​មាន​ការ​បោះ​ឆ្នោត​នោះ​ឡើយ​ដែល​អាច​នាំ​ឲ្យ​មាន​ការ​បែក​បាក់​អាស៊ាន។ ចំណុច​ទី​៣ គឺ​ពាក់​ព័ន្ធ​នឹង​សមាហរណកម្ម​អាស៊ាន។ សមាហរណកម្ម​អាស៊ាន​នេះ​ធ្វើ​ឲ្យ​កម្ពុជា​ទទួល​បាន​ផល​ប្រយោជន៍​យ៉ាង​ច្រើន​លើ​ការ​អភិវឌ្ឍ។ ចំណែក​ចំណុច​ទី​៤ គឺ​ទាក់​ទង​ទៅ​នឹង​ច្រក​ទ្វារ​ចេញ​នៃ​ការ​ទូត​របស់​កម្ពុជា មាន​ន័យ​ថា កម្ពុជា​អាច​នឹង​ជា​ដៃ​គូ​នៅ​ក្រៅ​ប្រទេស​ច្រើន​តាម​រយៈ​អាស៊ាន។

នៅ​ក្នុង​រយៈ​ពេល​១៩​ឆ្នាំ​នៃ​សមាជិក​ភាព​របស់​អាស៊ាន​នេះ កម្ពុជា​ធ្លាប់​ធ្វើ​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ចំនួន​ពីរ​លើក​ គឺ​លើក​ទី​១​នៅ​ក្នុង​ឆ្នាំ​២០០២ និង​លើក​ទី​២​នៅ​ក្នុង​ឆ្នាំ​២០១២។ នៅ​ក្នុង​ឆ្នាំ​២០០២ ក្នុង​នាម​ជា​ប្រធាន​អាស៊ាន កម្ពុជា​បាន​ចូល​រួម​ចំណែក​ក្នុង​ការ​សម្រេច​បាន​នូវ​កិច្ច​ព្រម​ព្រៀង​មួយ​ចំនួន​ក្នុង​នោះ ក៏​មាន​ដែរ​សេចក្តី​ថ្លែងការណ៍​ស្តី​ពីការ​ប្រតិបត្តិ​របស់​ភាគី​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​ហៅ​កាត់​ថា​ DOC។

ក៏​ប៉ុន្តែ​នៅ​ក្នុង​ឆ្នាំ​២០១២​វិញ មាន​បញ្ហា​គួរ​ឲ្យ​កត់​សម្គាល់​មួយ​បាន​កើត​ឡើង នោះ​គឺ​សេចក្តី​ថ្លែងការណ៍​រួម​របស់​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​នៅ​ទីក្រុង​ភ្នំពេញ​មិន​អាច​ចេញ​បាន ដោយ​សារ​តែ​ប្រទេស​សមាជិក​ទាំង​អស់​មិន​ចុះ​សម្រុង​គ្នា​ស្តី​ពី​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង។ ទោះ​ជា​បែប​នេះ​ក្តី កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ដែល​កម្ពុជា​ជា​អ្នក​ដឹក​នាំ​នា​ពេល​នោះ ក៏​បាន​សម្រេច​ចេញ​នូវ​ឯកសារ​ភាព​ជា​ដៃ​គូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​ផង​ដែរ។

បើ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​អ្នក​វិភាគ​មួយ​ចំនួន​នៅ​តែ​មើល​ឃើញ​ថា នា​រយៈ​ពេល​កន្លង​មក​នេះ កម្ពុជា​បាន​ទាញ​យក​ផល​ប្រយោជន៍​ច្រើន​ពី​សមាគម​អាស៊ាន​នេះ​ទាំង​ផ្នែក​សន្តិសុខ ការ​ទូត និង​ផ្នែក​សេដ្ឋកិច្ច។ កាល​ពី​ដំណាច់​ឆ្នាំ​២០១៥​កន្លង​ទៅ អាស៊ាន​បាន​សម្រេច​បង្កើត​បាន​នូវ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ដែល​ជា​ការ​រួម​បញ្ចូល​គ្នា​ក្នុង​ទីផ្សារ​សេរី និង​មូលដ្ឋាន​ផលិតកម្ម​តែ​មួយ។ សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នេះ ក៏​ត្រូវ​បាន​ក្រុម​អ្នក​វិភាគ​អះអាង​ថា ផ្តល់​អត្ថប្រយោជន៏​ច្រើន​ដល់​កម្ពុជា​ផង​ដែរ។

សូម​បញ្ជាក់​ថា សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហៅ​កាត់​ថា អាស៊ាន​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី​៨ សីហា ១៩៦៧។ ប្រទេស​៥ គឺ​ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន និង​ប្រទេស​សឹង្ហបុរី ​គឺ​ជា​ស្ថាបនិក​នៃ​អង្គការ​អន្តររដ្ឋាភិបាល​ថ្នាក់​តំបន់​មួយ​នេះ។ បច្ចុប្បន្ន​នេះ អាស៊ាន​មាន​សមាជិក​ចំនួន​១០ ប្រទេស ហើយ​ប្រទេស​ទីម័រ​ខាង​កើត​ក៏​កំពុង​តែ​ស្នើ​សុំ​ចូល​ជា​សមាជិក​ទី​១១​នៃ​សមាគម​អាស៊ាន​នេះ​ផង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ