អានតួអត្ថបទ
កម្ពុជា-នយោបាយ

បក្ស​នយោបាយ​ចំនួន​១៨​ជួប​គ្នា​ដើម្បី​ប្រកួត​កម្មវិធី​នយោបាយ​ទាក់​ទាញ​អ្នក​បោះ​ឆ្នោត​ក្នុង​ខែ​កក្កដា

នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​ចាប់​ផ្តើម​រៀប​ចំ​វេទិកា​តុ​មូល​មួយ ដើម្បី​ឲ្យ​គណបក្ស​នយោបាយ​នានា បង្ហាញ​កម្មវិធី​នយោបាយ​របស់​ខ្លួន សម្រាប់​ចូល​រួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​ក្នុង​ខែ​កក្កដា។ គណបក្ស​នយោបាយ​ទាំង​ថ្មី ទាំង​ចាស់ ចំនួន​១៨​បាន​ចូល​រួម​ក្នុង​វេទិកា​តុ​មូល​នេះ។​ ប៉ុន្តែ​គណបក្ស​ពីរ គឺ​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ និង​បក្ស​ខ្មែរ​ឈប់​ក្រ មិន​បាន​ចូល​រួម​នោះ​ទេ។

កិច្ច​ពិភាក្សា​តុ​មូល​ស្តី​ពី «កម្មវិធី​គោល​នយោបាយ​របស់​គណបក្ស​នយោបាយ» នៅ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា
កិច្ច​ពិភាក្សា​តុ​មូល​ស្តី​ពី «កម្មវិធី​គោល​នយោបាយ​របស់​គណបក្ស​នយោបាយ» នៅ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា @facebook/RAC
ផ្សាយពាណិជ្ជកម្ម

នេះ​គឺ​ជា​លើក​ទី​មួយ​ហើយ ដែល​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​របស់​លោក​បណ្ឌិត​សុខ ទូច បាន​រៀប​ចំ​ឲ្យ​មាន​វេទិកា​ប្រកួត​ប្រជែង​កម្មវិធី​នយោបាយ​របស់​គណបក្ស​នយោបាយ​នានា នៅ​មុន​ការ​បោះ​ឆ្នោត​ជាតិ​នា​ថ្ងៃ​ទី​២៩ កក្កដា ខាង​មុខ​នេះ។ វេទិកា​តុ​មូល​ស្តី​ពី​«កម្មវិធី​នយោបាយ​របស់​គណបក្ស​នយោបាយ»​នេះ​រៀប​ចំ​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​២៨ ឧសភា​នេះ រហូត​ដល់​ថ្ងៃ​ទី​០៤ មិថុនា ខែ​ក្រោយ។ ​

សម្រាប់​ថ្ងៃ​ដំបូង​នៃ​វេទិកា​ពិភាក្សា​នេះ រាជ​បណ្ឌិត្យ​សភា​កម្ពុជា​បាន​អនុញ្ញាត​ឲ្យ​តំណាង​គណបក្ស​នយោបាយ​នីមួយៗ​លើក​ឡើង​ពី​កម្មវិធី​នយោបាយ​របស់​ខ្លួន សម្រាប់​ចូល​រួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​ក្នុង​ខែ​កក្កដា។ ចំណែក​ចាប់​ពី​ថ្ងៃ​ទី​២៩ ឧសភា និង​ថ្ងៃ​បន្ត​បន្ទាប់​ទៀត គណបក្ស​នយោបាយ​នីមួយៗ​នឹង​ពិភាក្សា​ដេញ​ដោល​គ្នា​ពី​​កម្មវិធី​នយោបាយ​របស់​ខ្លួន ហើយ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា ក៏​នឹង​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ ដែល​ជា​ម្ចាស់​ឆ្នោត​ចូល​រួម​សួរ​សំណួរ​ទៅ​កាន់​តំណាង​គណបក្ស​នយោបាយ​នីមួយៗ​ផង​ដែរ។

លោក​បណ្ឌិតសុខ ទូច ប្រធាន​រាជ​បណ្ឌិត្យ​សភា​កម្ពុជា ដែល​ជា​អ្នក​សម្រប​សម្រួល​ផ្ទាល់​នៅ​ក្នុង​វេទិកា​នេះ បាន​អះអាង​ថា វេទិកា​នេះ​នឹង​ជា​ឱកាស​មួយ​សម្រាប់​ឲ្យ​គណបក្ស​នយោបាយ​នីមួយៗ បាន​បង្ហាញ​ពី​កម្មវិធី​នយោបាយ​របស់​ខ្លួន​ទៅ​កាន់​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ឆ្នោត។ តាម​លោក​បណ្ឌិត សុខ ទូច វេទិកា​នេះ​ក៏​ផ្តល់​ជា​ជម្រើស​មួយ​ដល់​ពលរដ្ឋ ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ក្នុង​ការ​បោះ​ឆ្នោត​ផង​ដែរ។ លោក​បណ្ឌិត សុខ ទូច បាន​ប្រាប់​ឲ្យ​តំណាង​គណបក្ស​នយោបាយ​នានា មាន​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​លើក​ឡើង​ពី​កម្មវិធី​នយោបាយ​របស់​ខ្លួន ព្រោះ​ថា​រាល់​ការ​លើក​ឡើង​ក៏​ដូច​ជា​ឯកសារ​កម្មវិធី​នយោបាយ​នានា នឹង​ត្រូវ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​កត់​ត្រា​និង​តម្កល់​ទុក ដើម្បី​ផ្ទៀង​ផ្ទាត់​សកម្មភាព​ក្រោយ​ជាប់​ឆ្នោត​របស់​គណបក្ស សម្រាប់​បង្ហាញ​ដល់​ពលរដ្ឋ។

គួរ​បញ្ជាក់​ថា វេទិកា​តុ​មូល​ស្តី​ពី​«កម្មវិធី​នយោបាយ​របស់​គណបក្ស​នយោបាយ»​របស់​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​មាន​ការ​ចូល​រួម​ពី​គណបក្ស​ចំនួន​១៨ ដែល​បាន​ចុះ​បញ្ជី​ផ្លូវ​ការ​ចូល​រួម​ការ​បោះ​ឆ្នោត​ក្នុង​ខែ​កក្កដា។ ប៉ុន្តែ​ជាមួយ​គ្នា​នេះ​ក៏​មាន​គណបក្ស​២​ដែរ ដែល​បាន​បដិសេធ​ចូល​រួម​ក្នុង​វេទិកា​នេះ គឺ​គណបក្ស​ខ្មែរ​ឈប់​ក្រ​របស់​លោក​ក្រវ៉ាញ ដារ៉ន និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​របស់​លោក​ខឹម វាសនា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ