អានតួអត្ថបទ
កម្ពុជា-សង្គម

ខួប​លើក​ទី​១៥៥៖ កាក​បាទ​ក្រហម​កម្ពុជា​ប្រមូល​បាន​ថវិកា​ជាង​១៨​លាន​ដុល្លារ​អាមេរិក

ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី ៨ ឧសភា ឆ្នាំ​២០១៨​នេះ បាន​ប្រារព្ធ​ទិវា​កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម ខួប​លើក​ទី​១៥៥ ក្រោម​ប្រធាន​បទ “កាក​បាទ​ក្រហម​កម្ពុជា​មាន​គ្រប់​ទី​កន្លែង សម្រាប់​គ្រប់ៗ​គ្នា-មិន​ទុក​នរណា​ម្នាក់​ចោល” ដោយ​មាន​ការ​ចូល​រួម​ពី​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន។ ដូច​រៀង​រាល់​ឆ្នាំ​ដែរ ទិវា​កាក​បាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម គឺ​ជា​ឱកាស​នៃ​ការ​ទទួល​ការ​បរិច្ចាគ​ថវិកា​ពី​សប្បុរសជន។ នៅ​ថ្ងៃ​នេះ កាក​បាទ​ក្រហម​កម្ពុជា ប្រមូល​បាន​ថវិកា​ជាង​១៨​លាន​ដុល្លារ​សហរដ្ឋអាមេរិក។

ទិវា​កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម ខួប​លើក​ទី​១៥៥
ទិវា​កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម ខួប​លើក​ទី​១៥៥ @Samdech Hun Sen, Cambodian Prime Minister
ផ្សាយពាណិជ្ជកម្ម

ដូច​ជា​រៀង​រាល់​ឆ្នាំ​ដែរ ទិវា​កាក​បាទ​ក្រហម​និង​អឌ្ឍចន្ទ​ក្រហម​នៅ​កម្ពុជា គឺ​ជា​ឱកាស​ដែល​សមាគម​ជាតិ​ក្រៅ​រដ្ឋាភិបាល​មួយ​នេះ បាន​ទទួល​ការ​បរិច្ចាគ​ថវិកា​ជា​ច្រើន​សន្ធឹក​សន្ធាប់ ដើម្បី​ជួយ​ទ្រទ្រង់​ដល់​សកម្មភាព​មនុស្ស​ធម៌​នៅ​ក្នុង​ប្រទេស​កម្ពុជា។ គិត​ត្រឹម​ព្រឹក ថ្ងៃ​ទី ៨ ឧសភា​នេះ កាកបាទ​ក្រហម​កម្ពុជា ដែល​មាន​ភរិយា​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ជា​ប្រធាន​នោះ ប្រមូល​ថវិកា​បាន​ជាង​១៨​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។ ចំនួន​នេះ មាន​ការ​កើន​ឡើង​៥​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក បើ​ប្រៀប​ធៀប​កាល​ពី​ឆ្នាំ​មុន ហើយ​ក្នុង​នោះ លោក​ឧកញ៉ា ហុង ពីវ សេដ្ឋី​ផ្នែក​អចលនទ្រព្យ បាន​ឈរ​លំដាប់​ទី​១​ក្នុង​ចំណោម​សប្បុរស​ជន​ជាតិ និង​អន្តរជាតិ ដែល​បាន​បរិច្ចាគ​ថវិកា​ច្រើន​ជាង​គេ រហូត​ដល់​១​លាន​២​សែន​៨​ម៉ឺន​ដុល្លារ​អាមេរិក។

របាយការណ៍​ដែល​អាន​ដោយ​ប្រធាន​កាកបាទ​ក្រហម​កម្ពុជា លោក​ស្រី ប៊ុនរ៉ានី ហ៊ុន សែន បង្ហាញ​ថា គិត​ចាប់​ពី​ឆ្នាំ​២០១៧ ដល់​ខែ​មេសា​ឆ្នាំ​២០១៨​នេះ កាកបាទ​ក្រហម​កម្ពុជា បាន​សម្រេច​បាន​សមិទ្ធផល​សំខាន់ៗ​មួយ​ចំនួន​រួម​មាន៖ ជួយ​ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​ទី​ជន​បទ​ដាច់​ស្រយាល​ជាង​១​ម៉ឺន​គ្រួសារ​ឲ្យ​ទទួល​បាន​អណ្តូង​ទឹក​ស្អាត​ចំនួន​៤៣៣ និង​ស្រះ​ទឹក​សហគមន៍​ចំនួន​៧។ ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​ងាយ​រង​គ្រោះ ដូច​ជា ចាស់​ជរា​ឥត​ទី​ពឹង កុមារ​កំព្រា កុមារ​ខ្សោយ​សតិ​បញ្ញា ស្រ្តី​មេម៉ាយ ជន​ពិការ អ្នក​រស់​នៅ​ជាមួយ​មេរោគ​អេដស៍ និង​អ្នក​មាន​ជម្ងឺ​រុំារ៉ៃ ជាង​១០​ម៉ឺន​គ្រួសារ ដោយ​ទទួល​បាន​ការ​ជួយ​ឧបត្ថម្ភ ជា​ស្បៀង​អាហារ សំភារៈ និង​ថវិកា។

ក្រៅ​ពី​​សមិទ្ធផល​ខាង​លើ កាក​បាទ​ក្រហម​កម្ពុជា ក៏​បាន​ឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ឆា​ចំនួន ១​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ ចាប់​តាំង​ពី​ឆ្នាំ​២០១២​មក និង​បាន​ជួយ​សាង​សង់ និង​ជួស​ជុល​លំនៅឋាន​រាប់​រយ​ខ្នង ធ្វើ​បង្គន់​អនាម័យ​រាប់​ពាន់​បន្ទប់ ផ្តល់​ស៊ីទែន​ទឹក និង​ធុង​ចម្រោះ​ទឹក ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​ខេត្ត​នានា និង​បាន​ជួយ​ស្វែង​រក​គ្រួសារ​ដែល​បែក​គ្នា​ដោយ​សារ​សង្គ្រាម​ជាង​៤០​ឆ្នាំ ឱ្យ​បាន​ជួប​គ្នា​ឡើង​វិញ។ ជាមួយ​នឹង​សមិទ្ធិផល​ខាង​លើ​នេះ កាកបាទ​ក្រហម​កម្ពុជា ក៏​បាន​ប្រកាស​បន្ត​អនុវត្ត​យុទ្ធសាស្ត្រ ឆ្នាំ​២០១១-២០២០ របស់​ខ្លួន ដោយ​ផ្តោត​លើ​វិស័យ​ស្នូល​ចំនួន​៤ ទី​១.គ្រប់​គ្រង​គ្រោះ​មហន្តរាយ ទី​២.អប់រំ ថែទាំ​សុខភាព​តាម​សហគមន៍ ទី​៣.លើក​កម្ពស់​តម្លៃ​មនុស្ស​ធម៌ និង​ទី​៤ គឺ​អភិវឌ្ឍ​ស្ថាប័ន។បច្ចុប្បន្ន​នេះ កាកបាទ​ក្រហម​កម្ពុជា មាន​បុគ្គលិក​ស្ម័គ្រចិត្ត​ប្រមាណ​ជា​៤​ម៉ឺន​នាក់​នៅ​តាម​សាខា និង​អនុសាខា​នៅ​ទូទាំង​ប្រទេស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ