សាលាក្ដីខ្មែរក្រហមបន្តសវនាការលើបណ្ដឹងសារទុក្ខជនជាប់ចោទ នួន ជា និងខៀវ សំផន
តុលាការកំពូលនៃសាលាក្ដីខ្មែរក្រហមនៅព្រឹកថ្ងៃទី១៦កុម្ភៈនេះ បានបន្តសវនាការលើបណ្ដឹងសារទុក្ខក្នុងសំណុំរឿង០០២វគ្គ០១ ប្ដឹងដោយជនជាប់ចោទ នួន ជា និងខៀវ សំផន។ ជាបណ្ដឹងធ្វើឡើងបន្ទាប់ពីអង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដី ខ្មែរក្រហមសម្រេចដាក់ពន្ធនាគារ ជនជាប់ចោទទាំងពីរ អស់មួយជីវិត កាលពីថ្ងៃទី៧ខែសីហាឆ្នាំ២០១៤។ សូមបញ្ជាក់ថា ការបន្តសវនាការលើបណ្ដឹងសារទុក្ខនៅថ្ងៃទី១៦កុម្ភៈនេះ ធ្វើឡើងបន្ទាប់សវនាការបានខកខានកាលពីខែវិច្ឆិកាឆ្នាំ២០១៥ ដោយសារតែមេធាវីជាតិរបស់ នួន ជា ដើរចេញពីបន្ទប់សវនាការខណៈ មេធាវីការពារក្ដីអន្តរជាតិមិនបានចូលរួមសវនាការ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:១២
នៅក្នុងរយៈពេលបីថ្ងៃនៃសប្ដាហ៍នេះ អង្គជំនុំជម្រះតុលាការកំពូលមានគម្រោងស្ដាប់សារណាផ្ទាល់មាត់ លើបញ្ហានានាដែលបានលើកឡើងនៅក្នុងបណ្ដឹងសារទុក្ខធ្វើឡើងដោយភាគីពាក់ព័ន្ធនានា។ ជាក់ស្ដែងសវនាការនៅព្រឹកថ្ងៃទី១៦កុម្ភៈនេះ ដំណើរការដោយបានស្ដាប់ទឡ្ហីករណ៍នៃបណ្ដឹងសារទុក្ខរៀងៗខ្លួនរបស់មេធាវីការពារក្ដីជនជាប់ចោទនិងភាគីតុលាការ។
តាមរយៈសវនាការពេញមួយព្រឹកនេះ សហមេធាវីការពារក្ដីជនជាប់ចោទនៅតែបន្តចោទប្រកាន់រាល់ការជំនុំជម្រះរបស់សាលាដំបូងនៃសាលាក្ដីខ្មែរក្រហមថា មានភាពលម្អៀងនិងមានការជ្រៀតជ្រែកពីអ្នកមានអំណាច។ ទន្ទឹមនឹងការចោទប្រកាន់នេះ តំណាងតុលាការក៏នៅតែបន្តច្រានចោលរាល់ការលើកឡើង របស់សហមេធាវីជនជាប់ចោទទាំងពីរដោយបានចាត់ទុករាល់ការចោទប្រកាន់របស់ នួន ជា មកលើតុលាការថា ជាការគេចវេះបញ្ហា។
សូមបញ្ជាក់ថា នួន ជា ខៀវ សំផន ដែលត្រូវបានតុលាការសាលាដំបូងនៃសាលាក្ដីខ្មែរក្រហមសម្រេចដាក់ពន្ធនាគារអស់មួយជីវិតលើបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ដែលរងការចោទប្រកាន់ក្នុងអំឡុងពេលជម្លៀសប្រជាជនពីទីក្រុងភ្នំពេញក្នុងខែមេសាឆ្នាំ១៩៧៥និងការផ្លាស់ទីដោយបង្ខំជាបន្តបន្ទាប់ពីតំបន់ដទៃទៀត រួមទាំងការកាប់សម្លាប់ដែលរងការចោទប្រកាន់នៅទួលពោលជ្រៃក្នុងខេត្តពោធិ៍សាត់។
លោក នេត្រ ភ័ក្ត្រា មន្ត្រីអ្នកនាំពាក្យសាលាក្ដីខ្មែរក្រហមឲ្យដឹងថា បណ្ដឹងសាទុក្ខនេះមានទំហំធំធេងនិងស្មុគស្មាញប្រសិនបើប្រៀបធៀបនឹងកិច្ចដំណើរការនីតិវិធីដទៃទៀតពាក់ព័ន្ធទៅនឹងអំពើឃោរឃៅដ៏ធ្ងន់ធ្ងរដែលរងការចោទប្រកាន់នោះ។
ដោយឡែកចំពោះករណីមេធាវី នួន ជា ដើរចេញពីបន្ទប់សវនាការ កាលពី ខែ វិច្ឆិកា ឆ្នាំ២០១៥ តុលាការបានជ្រើសតាំងមេធាវី ផាត់ ពៅស៊ាង អតីតសហមេធាវីការពារក្ដីឲ្យលោកស្រី អៀង ធីរិទ្ធ ធ្វើជាសហមេធាវីការពារក្ដីត្រៀមបម្រុងសម្រាប់ នួន ជា។ ក្នុងន័យនេះតួនាទីរបស់ លោក ផាត់ ពៅស៊ាង ពុំមែនជំនួសតួនាទីរបស់មេធាវីការពារក្ដី នួន ជា ដែលត្រូវបានជ្រើសតាំងរួចហើយនោះទេ ប៉ុន្តែគ្រាន់តែមានតួនាទីសម្រាប់ផ្ដល់ជំនួយផ្នែកច្បាប់សមស្របដល់ នួន ជា ក្នុងអំឡុងពេលសវនាការ ក្នុងករណីដែលសហមេធាវី នួន ជា អវត្តមានក្នុងបន្ទប់សវនាការ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ