អានតួអត្ថបទ
កម្ពជា

រដ្ឋាភិបាល​​កែ​​សម្រួល​​សមាសភាព​​ថ្មី​​នៃ​​គណៈកម្មការ​​បោះ​​បង្គោល​​ព្រំដែន​​គោក​​កម្ពុជា-វៀតណាម

រដ្ឋាភិបាល​កម្ពុជា​បាន​កែ​សម្រួល​សមាសភាព​ថ្មី​នៃ គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក​កម្ពុជា-វៀតណាម ដែល​មាន​សមាសភាព​ចំនួន​៣៣​រូប។  ក្នុង​នោះ​លោក​ វ៉ា គឹម​ហុង ដែល​ជា​ប្រធាន​គណៈកម្មការ​ព្រំដែន​កម្ពុជា​ធ្វើ​ជា​ប្រធាន លោក ឡុង វីសាលោ រដ្ឋលេខា​ធិការ​ក្រសួង​ការ​បរទេស និង​លោក នាង ផាត រដ្ឋ​លេខាធិការ​ក្រសួង​ការ​ពារ​ជាតិ ជា​អនុ​ប្រធាន។ ក្រៅ​ពី​នេះ អភិបាល​ខេត្ត​ទាំង​៩​ដែល​ជាប់​នឹង​ព្រំដែន​ជា​មួយ​វៀតណាម មេ​បញ្ជាការភូមិ​ភាគ និងមន្រ្តី​រដ្ឋាភិបាល​ជា​ច្រើន​រូប​ទៀត​ជា​សមាជិក។ 

លោក​ស្រី ​កុយ ពិសី(ស្តាំ) ​អនុប្រធាន​គណៈ​កម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​របស់​រដ្ឋាភិបាល​កម្ពុជា។​
លោក​ស្រី ​កុយ ពិសី(ស្តាំ) ​អនុប្រធាន​គណៈ​កម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​របស់​រដ្ឋាភិបាល​កម្ពុជា។​ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

ភារកិច្ច​សំខាន់​មួយ​របស់​គណៈកម្មការ​ថ្មី​នេះ គឺ​ចរចា​ជាមួយ​ភាគី​វៀតណាម ដើម្បី​ដោះ​ស្រាយនូវ​រាល់​បញ្ហា​ទាក់​ទង​នឹង​ការ​កំណត់​ខណ្ឌ​សីមា​និង​ការ​បោះ​បង្គោល​ព្រំ​ដែន​កម្ពុជា-វៀតណាមខណៈ​ដែល​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា-វៀត​ណាម បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​២៦ ធ្នូ ចង់​ឲ្យ​បញ្ចប់ការ​បោះ​បង្គោល​ព្រំដែន​គោក​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​បាន​ឆាប់ ហើយ​បន្ត​កំណត់​ព្រំដែន​ទឹក​ថែមទៀត។

យោង​តាម​សេចក្ដី​សម្រេច​ស្ដីពី​ការ​បង្កើត​គណៈកម្មការ​ចម្រុះ​ខណ្ឌ​សីមា​និង​បោះបង្គោល​ព្រំដែនគោក​កម្ពុជា វៀតណាម ចុះ​ថ្ងៃ​ទី​១៧​ធ្នូ ឲ្យ​ដឹង​ថា គណៈកម្មការ​ថ្មី​មាន​ភារៈកិច្ច​បន្ថែម​ទៀត​គឺរៀប​ចំ​ចាត់​ចែង និង បច្ចេកទេស​សម្រាប់​ការងារ​កំណត់​ខណ្ឌ​សីមា និង បោះ​បង្គោល​ព្រំដែន។ ធ្វើ​ការ​ត្រួត​ពិនិត្យ​និង​ដោះ​ស្រាយ​បញ្ហា​ដែល​ជួប​ប្រទះ​នៅ​ពេល​ប្រតិបត្តិការ​ការងារ​ជាក់​ស្ដែង។ គណៈ​កម្មការ​នេះ​សិទ្ធិ​ចូល​រួម​កំណត់​ការ​បើក​និង​តម្លើង​ច្រក​ព្រំដែន​កម្ពុជា-វៀតណាម។

ហើយ​គណៈកម្មការ​ចម្រុះ​ខណ្ឌ​សីមា​និង​បោះ​បង្គោល​ព្រំដែន​គោក​កម្ពុជា-វៀតណាម​នេះ មាន​ទីស្នាក់​ការ​នៅ​ទី​ស្ដី​ការ​គណៈរដ្ឋមន្រ្តី​និង​មាន​សិទ្ធិ​ប្រើប្រាស់​ត្រា​របស់​ទីស្ដី​ការ​គណៈរដ្ឋមន្ត្រី។ គណៈកម្មការ​នេះ​អាច​បង្កើត​អនុ​គណៈកម្មការ​និង​ក្រុម​ការងារ​មួយ​ចំនួន​ជា​ជំនួយ​ការ​តាម​ការចាំ​បាច់ ។ បន្ថែម​ពី​លើ​នេះ​ទៀត​សេចក្ដី​សម្រេច​លេខ​១៤​ចុះ​ថ្ងៃ​ទី​២៥​ខែ​មេសា​ឆ្នាំ​២០០៦​ស្ដី​ពី​ការបង្កើត​គណៈកម្មការ​ចម្រុះ​ខណ្ឌ​សីមា​និង​បោះ​បង្គោល​ព្រំដែន​គោក​កម្ពុជា វៀតណាម និង​បទប្បញ្ញាត្តិ​ទាំង​ឡាយ​ដែល​ផ្ទុយ​នឹង​សេចក្ដី​សម្រេច​ថ្មី​របស់​រដ្ឋាភិបាល​នេះ​ត្រូវ​ទុក​ជា​និរាករណ៍។

ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​RFI នៅ​ថ្ងៃ​អាទិត្យ​ទី​២៧​ធ្នូ លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មការ​ព្រំដែន​ឲ្យ​ដឹង​ថា គណៈកម្មការ​នេះ​បង្កើត​ឡើង​ដើម្បី​កែ​ប្រែ​សមាសភាព​ថ្មី។ ព្រោះ​សមាសភាព​ក្នុង​គណៈកម្មការ​ចាស់​មាន​មន្ត្រី​ខ្លះ​ទទួល​មរណភាព ហើយ​ក្នុង​នោះ​តំណែង​មន្ត្រី​មួយចំនួន​ក៏​មាន​ការ​ប្រែ​ប្រួល​ដែរ។ បើ​តាម​លោក វ៉ា គឹមហុង រយៈ​ពេល​ជិត​១០​ឆ្នាំ​មក​ហើយ​ដែល រដ្ឋាភិបាល​សម្រេច​កែ​ប្រែ​សមាសភាព​គណៈកម្មការ​ថ្មី​នេះ។

សូម​បញ្ជាក់​ថា កិច្ច​ការងារ​បោះ​បង្គោល​ព្រំដែន​គោក រវាង​កម្ពុជា​និង​វៀតណាម​ត្រូវ​បាន​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​អះអាង​ថា​នៅ​សល់​តែ​ជាង​១៦​ភាគរ​យ​ទៀត​ប៉ុណ្ណោះ។ជាងនេះ​ទៅ​ទៀត លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​បញ្ជាក់​ថា កម្ពុជា-វៀត​ណាម នឹង​បន្ត​បោះបង្គោល​ព្រំដែន​ទឹក​ថែម​ទៀត នៅ​ពេល​ដែល​ប្រទេស​ទាំង​ពីរ បាន​បញ្ចប់​ការ​បោះ​បង្គោល​ព្រំដែនគោក៕

 
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ