អានតួអត្ថបទ
កម្ពុជា

បណ្ដាញ​ព្រះ​សង្ឃ​ឯករាជ្យ​តស៊ូ​មតិ​តាម​ហ្វេសប៊ុក​ដើម្បី​ជួយ​សមាជិក​ខ្លួន​ដែល​ត្រូវ​ចាប់​ផ្សឹក​និង​ឃុំ​ខ្លួន

បណ្ដាញ​ព្រះ​សង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម បាន​អះអាង​ថា​នឹង​​បើក​យុទ្ធនាការ​​តស៊ូ​មតិ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដើម្បី​ជួយ​សមាជិក​ខ្លួន​ម្នាក់​ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ផ្សឹក ចោទ​ប្រកាន់ និង​ឃុំ​ខ្លួន ពាក់ព័ន្ធ​នឹង​រឿង​កាំភ្លើង​ជ័រ​មួយ​ដើម​​​​។ ​ការ​តស៊ូ​មតិ​តាម​ហ្វេសប៊ុក​​ដូច្នេះ ត្រូវ​បាន​ ព្រះ​អង្គ ប៊ុត ប៊ុនតិញ​ ស្ថាបនិក​បណ្ដាញ​ព្រះ​សង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម​បញ្ជាក់​ថា មាន​ប្រសិទ្ធភាព​ជាង​ការ​តវ៉ា​តាម​ដង​ផ្លូវ​។

ព្រះតេជគុណ ប៊ុត ប៊ុនតិញ ស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម។
ព្រះតេជគុណ ប៊ុត ប៊ុនតិញ ស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម។ @បណ្តាណសង្គម
ផ្សាយពាណិជ្ជកម្ម

យុទ្ធនាការ​តស៊ូ​មតិ​តាម​ហ្វេសប៊ុក របស់​បណ្ដាញ​ព្រះ​សង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម ធ្វើ​ឡើង​បន្ទាប់​ពី​ការ​តវ៉ា​នៅ​មុខ​សាលា​ដំបូង​ខេត្ត​បាត់ដំបង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍គ្មាន​លទ្ធផល ដោយ​តុលាការ​នៅ​តែ​សម្រេច​ចោទ​ប្រកាន់​សមាជិក​បណ្ដាញ​ព្រះ​សង្ឃ​ឯករាជ្យ ឈ្មោះ ហន សុផាន្នី ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាថិ៍ និង​កាន់​កាប់​រក្សា​ទុក​អាវុធ​ខុស​ច្បាប់​។

បើ​តាម​ព្រះតេជគុណ ប៊ុត ប៊ុនតិញ ស្ថាបនិក​បណ្ដាញ​ព្រះ​សង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម ការ​តស៊ូ​មតិ​តាមហ្វេសប៊ុក​នោះ នឹង​ត្រូវ​ធ្វើ​ឡើង​ដើម្បី​ពន្យល់​ដល់​ពុទ្ធបរិស័ទ អំពី​ចំណាត់ការ​របស់​អាជ្ញាធរ​និង​តុលាការ​ខេត្ត​បាត់ដំបង ទៅ​លើ​អតីត​ព្រះ​សង្ឃ ហន សុផាន្នី​។ ជា​ចំណាត់ការ​ដែល​ព្រះ​អង្គ ប៊ុត ប៊ុនតិញ យល់​ឃើញ​ថា គ្មាន​ការ​ស្រាវ​ជ្រាវ​ស៊ើប​អង្កេត​ច្បាស់​លាស់ និង​រំលោភដែន​​សមត្ថកិច្ច​របស់​មន្ដ្រី​សង្ឃ​។ សម្រាប់​ព្រះអង្គ ប៊ុត ប៊ុនតិញ ការ​ចាប់​ព្រះ​សង្ឃ​ផ្សឹក និង​ឃុំ​ខ្លួន​ ​ គឺ​ជា​ចំណាត់ការ​ធ្ងន់ធ្ងរ​ពេក សម្រាប់​កំហុស​លេង​កាំភ្លើង​ជ័រ​។

ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​ព្រះ​អង្គ ប៊ុន ប៊ុនតិញ អយ្យការ​អម​សាលាដំបូង​ខេត្ត​បាត់ដំបង បាន​សង្កត់​ធ្ងន់​ថា សមត្ថកិច្ច​បាន​រក​ឃើញ​ភស្តុតាង​ដាក់​បន្ទុក​ដែល​អតីត​សង្ឃ ហន សុផាន្នី បង្ហាញ​សកម្មភាព​និង​សារ​ញុះញង់​បង្ក​បទ​ឧក្រិដ្ឋ​លើ​ហ្វេសប៊ុក​នា​ពេល​កន្លង​មក​។ ចំពោះ​ការ​ឃុំ​ខ្លួន​អតីត​សង្ឃ ហន សុផាន្នី វិញ តុលាការ​ពន្យល់​ថា ធ្វើ​ឡើង​ដើម្បី​សម្រួលដល់​ការ​ស៊ើប​អង្កេត​ក្នុង​រឿង​ក្ដី​។

ជា​ការ​កត់​សម្គាល់ ក្រៅ​ពី​យុទ្ធនាការ​តស៊ូ​មតិ​តាម​ហ្វេសប៊ុក បណ្ដាញ​ព្រះ​សង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម​ក៏​បាន​ស្វែង​រក​ជំនួយ​តាម​ផ្លូវ​ច្បាប់​ និង​មេធាវី​ការពារ​ក្ដី​សម្រាប់​អតីត​ព្រះ​សង្ឃ ហន សុផាន្នី ផង​ដែរ​។ ហើយ​មេធាវី នឹង​ធ្វើ​កិច្ចការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​តុលាការ ទៅ​តាម​លទ្ធភាពនិង​ការងារ​ចាំ​បាច់​នានា​​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ