អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក សម រង្ស៊ី ៖រដ្ឋាភិបាល​ខ្ចី​លុយ​បរទេស​មក​ចាយ​ដោយ​ខ្ជះ​ខ្ជាយ

លោក សម រង្ស៊ី ដែល​កំពុង​ស្ថិត​នៅ​សហរដ្ឋអាមេរិក​បាន​រិះគន់​រដ្ឋាភិបាលកម្ពុជា​ថា ខ្ចីលុយ​បរទេស​មក​ចាយ​ដោយ​ខ្ជះខ្ជាយ​តាម​រយៈ​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ។ ការ​រិះ​គន់​ត្រូវបាន​ធ្វើ​ឡើង​នៅ​ក្នុង​បទ​សម្ភាស​ជាមួយ​វិទ្យុ​អន្តរ​ជាតិ​ដែល​មាន​ផ្សព្វផ្សាយ​ក្នុង​ទំព័រ​ហ្វេសប៊ុក​លោក សម រង្ស៊ី នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ថា ការ​លើកឡើង​របស់​លោក សម រង្ស៊ី មិន​មែន​ជា​រឿង​ថ្មី។

លោក សម រង្ស៊ី​ ប្រ​ធាន​គណបក្ស សង្គ្រោះ​ជាតិ កំ​ពុង​ថ្លែង​ទៅ​កាន់​អ្នក​គាំ​ទ្រ​យ៉ាង​ច្រើន​កុះ​ករ​ នៅ​ទី​លាន​ប្រជា​ធិបតេយ្យ​ នៅ​ថ្ងៃទី៧ ខែ​កញ្ញា ឆ្នាំ​២០១៣។​
លោក សម រង្ស៊ី​ ប្រ​ធាន​គណបក្ស សង្គ្រោះ​ជាតិ កំ​ពុង​ថ្លែង​ទៅ​កាន់​អ្នក​គាំ​ទ្រ​យ៉ាង​ច្រើន​កុះ​ករ​ នៅ​ទី​លាន​ប្រជា​ធិបតេយ្យ​ នៅ​ថ្ងៃទី៧ ខែ​កញ្ញា ឆ្នាំ​២០១៣។​ RFI/Im Rachna
ផ្សាយពាណិជ្ជកម្ម

លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​បាន​កត់​សម្គាល់​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា​ខ្ចីលុយ​បរទេស​រាប់​ពាន់​លាន​ដុល្លារ​មិន​ដែល​សួរ​យោបល់​ប្រជារាស្ត្រ​ថា លុយ​ទាំង​នោះយក​មក​ចាយ​វាយ​បែប​ណា​នោះ​ទេ។ ប្រជារាស្ត្រ​ដែល​លោក សម រង្ស៊ី សំដៅ​ដល់​នោះគឺ​តំណាង​រាស្ត្រ​សភា។ លោកថា ភាព​ខ្ជះ​ខ្ជាយ​របស់​រដ្ឋាភិបាល​នៅ​ក្នុង​ការ​ប្រើ​ប្រាស់លុយ​ដែល​ខ្ចី​ពី​បរទេស​នេះ គឺ​បន្សល់​ទុក​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​ជា​អ្នក​សង​ជំនួស។ ដែល​ចំណុច​នេះ​លោក ចាត់ ទុកថា ជា​រឿង​អយុត្តិធម៌។

 
លោក សម រង្ស៊ី ដែល​ធ្លាប់​ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ជា​អ្នក​ជំនាញ​សេដ្ឋកិច្ចផង​នោះ បាន​ប្រមើល​ទុក​ថា ដំណើរ​ទស្សនកិច្ច​លោក ស៊ី ជីងពីង ប្រធានាធិបតី​ចិន នៅ​ខែ​តុលា​គឺ​រដ្ឋាភិបាល​កម្ពុជា​ប្រាកដ​ជា​មាន​ការ​ខ្ចី​លុយ​ពី​ប្រទេស​ចិន។ លោក​បន្ថែមថា វា​ជា​ការ​រំលោភ​ទៅ​លើ​រដ្ឋធម្មនុញ្ញ​ពី​ព្រោះ​ការ​ខ្ចី​លុយ​ដែល​ពលរដ្ឋ​ជា​អ្នក​សង​ជំនួស​រដ្ឋាភិបាល​នេះ​គឺ​គេ​ត្រូវ​សួរ​យោបល់​អ្នក​តំណាង​រាស្ត្រ។ លោក​នឹង​ទាមទារ​ឲ្យ​បង្ហាញតម្លាភាព​ពី​ចំនួន​លុយ​ខ្ចី​ពី​បរទេស​នៅ​ពេល​រដ្ឋាភិបាល​ថ្មី​បង្កើត​ឡើង។ ទាក់​ទង​រឿងជំនួយ​នេះ​ដែរ លោក សម រង្ស៊ី បាន​ថ្លែង​ការពារ​ថា លោក​គ្មាន​ឥទ្ធិលពល​ណា​ជំរុញ​ឲ្យបរទេស​ផ្ដាច់​ជំនួយ​ផ្ដល់​មក​កម្ពុជា​នោះ​ទេ។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី​បាន​ហៅ​ការ​លើក​ឡើង​របស់លោក​សម រង្ស៊ី ជា​រឿង​ដដែល​ដោយ​លោក​ធ្លាប់​សម្ដី​នេះ តាំង​ពី​អាណត្តិ​ទី១ របស់​រដ្ឋាភិបាល​មក​ម្លេះ។
លោក ផៃ ស៊ីផាន បាន​ការ​ពារ​ថា ការ​ចាយ​ទៅ​លើ​លុយ​ដែល​ខ្ចី​មក​ពី​បរទេស​របស់​រដ្ឋាភិបាល​ធ្វើ​ឡើង​ដោយ​ប្រយ័ត្ន​ប្រយែង​បំផុត។ ហើយ​ការ​ប្រើ​ប្រាស់​លុយ​ខ្ចី​បរទេស​ក៏ដើម្បី​ឆ្លើយ​នឹង​តម្រូវ​ការ​របស់​មហាជន​ដូចជាៈផ្លូវ ថ្នល់ ស្ពាន។ លោក​បន្ថែម​ថា ទាំងការ​ខ្ចី​និង​សម្បទាន​លុយ​គឺ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រុមហ៊ុន​បរទេស​ដដែលទេ។

សូមបញ្ជាក់ថា ចិន​គឺ​ជា​ប្រទេស​មួយ​ដែល​នាំ​គេ​ក្នុង​ការ​ផ្ដល់​ជំនួយ​និង​ឲ្យ​លុយ​មក​កម្ពុជា​ខ្ចី។ គ្រាន់តែនៅ​​ឆ្នាំ២០១៦​​នេះ រដ្ឋាភិបាល​ក្រុង​ប៉េកាំង ផ្តល់​ជំនួយ​ប្រមាណ​៦០០លាន​ដុល្លារ​​​។ នៅ​ក្នុង​ផ្នែក​ពាណិជ្ជកម្ម​និង​វិនិយោគ​ចិន​នៅ​កម្ពុជា​វិញ គឺមាន​ជាង​៤ពាន់​៣រ​យ​លាន​ដុល្លារ​​សម្រាប់​ឆ្នាំ​២០១៦ ហើយ​នៅ​ឆ្នាំ​២០១៧ ​នឹងកើន​ទៅដល់​ជាង​៥ពាន់​លាន​ដុល្លារ៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ