rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

គុណភាពដី​ធ្លាក់ចុះ​ខ្លាំង​គួរ​ឲ្យបារម្ភ ជីវិត​មនុស្ស​ជាតិ និង​ជីវចំរុះ ​អាច​នឹង​ជួប​គ្រោះថ្នាក់

ដោយ ម៉ម ពិសី

​កាលពីសប្តាហ៍មុន ក្រុមអ្នកស្រាវជ្រាវនៃបណ្តាប្រទេស ប្រមាណជា១២៨ប្រទេស បានជួបជុំគ្នា ក្នុង​ក្របខណ្ឌនៃ​មហាសន្និបាទលើកទី៦ របស់មូលនិធិអន្តររដ្ឋាភិបាលដើម្បីជីវចំរុះ ហៅកាត់ថា IPBES ដើម្បី​​ពិ​​​​​​ភាក្សាស្តីពីស្ថានភាពនៃជីវចំរុះ នៅលើភពផែនដី ដែលកាន់តែហិនហោច អាច​ប្រឈមមុខ​នឹង​ការ​ផុតពូជ។ នៅថ្ងៃចន្ទទី២៦ មីនានេះ មូលនិធិនេះ ទើបតែបានចេញរបាយការណ៍ មួយ​ស្តីពី គុណភាពដី ដែល​កាន់តែធ្លាក់ចុះ គួរឲ្យព្រួយបារម្ភបំផុត។ ដីគឺជាប្រភពនៃការដាំដុះ ការ​ផលិត​ចំណី​អាហារ​សម្រាប់​មនុស្សជាតិ ហើយ​ក៏ជាជង្រុកការពារ​នូវ​ប្រព័ន្ធជីវចំរុះទាំងមូល។ តើដីដែលកាន់តែខូចខាត សិក​រិចរិល​នេះ នឹង​ជះឥទ្ធិពលអាក្រក់ យ៉ាងណាខ្លះ មកលើជីវិតមនុស្សសត្វ លើភពផែនដីយើង?

របាយការណ៍នេះ គឺជាលទ្ធផលនៃការស្រាវជ្រាវ វិភាគ​អស់រយៈ​ពេល​៣ឆ្នាំ ដោយមានការចូលរួម ពីអ្នក​ជំនាញ​ផ្នែក​កសិកម្ម ក្សេត្រសាស្ត្រ និង​អ្នក​វិទ្យាសាស្រ្ត​ផ្នែក​ធរណីវិទ្យា​ ទូទាំងពិភាពលោក សរុប​ប្រមាណ​ជា​១២០​ប្រទេស។ របាយការណ៍នេះ ធ្វើឡើង ដោយមានការសំណូមពរ ពីអង្គការសហប្រជាជាតិ ក្នុង​ក្រប​ខណ្ឌ ​នៃមូលនិធិមួយ ដែលមានឈ្មោះថា វេទិកាវិទ្យាសាស្ត្រ និងនយោបាយ អន្តររដ្ឋាភិបាល ដើម្បី​ការ​ការពារ​ប្រព័ន្ធ​​ជីវចំរុះ ហៅកាត់ថា IPBES

គេបាន​​ផ្តួចផ្តើម​គំនិត ស្រាវជ្រាវ​ទូទាំងពិភពលោក ស្តីពីគុណភាពដីនេះ ដោយសារគេគិតថា វា​មាន​សារៈសំខាន់​​​បំផុត សម្រាប់ជីវិតមនុស្សជាតិ និងប្រព័ន្ធជីវចំរុះទាំងមូល។ ដឹងពីស្ថានភាពដី អាច​ឲ្យ​យើង​ទាំងអស់​​គ្នា មិនថាក្នុងក្របខណ្ឌរដ្ឋាភិបាល ឬក្រមខណ្ឌអន្តរជាតិទាំងមូល អាចកំណត់ទិសដៅ និង​គោល​​នយោបាយ ដើម្បីការពារថែររក្សាដី ឲ្យមានគុណភាពប្រសើរឡើងវិញ។ របាយការណ៍​ស្តីពី​គុណភាព​​​ដី​​ទូទាំង​ពិភព​លោកនេះ វាគឺជាលើកទីមួយហើយ ដែលអ្នកវិទ្យាសាស្ត្របានរួមគ្នាធ្វើវា

១ភាគ៣នៃផ្ទៃដី ខូចគុណភាពធ្ងន់ធ្ងរ

អ្វី​ដែលជាការសន្និដ្ឋាន នៃការស្រាវជ្រាវ៣ឆ្នាំមកនេះ គឺ បានបង្ហាញ​ថា​ ផ្ទៃ​ដីប្រមាណ​ជា​១ភាគ៣ នៅ​ទូទាំង​​ពិភពលោក គឺបានខូចគុណភាព​យ៉ាងធ្ងន់ធ្ងរ មិនធ្វើកសិកម្ម ដាំដុះអ្វីបានទេ។ បន្ថែមពីនេះ បើ​និយាយ​​ជារួម​ ផ្ទៃដីប្រមាណ​ជា​៦០% ជាទូទៅគឺមានគុណភាពអន់ ខ្សោះ ខ្វះជីវជាតិ​ ស្ថិតក្នុង​ស្ថានភាព​ភាព​មួយ គួរឲ្យ​ព្រួយបារម្ភខ្លាំង។

ដូចយើងដឹងហើយ ថាផែនដីយើង មានកំរាស់ច្រើនស្រទាប់ តែពាក្យថាដីខូចគុណភាពនេះ គឺ​ជា​ទូទៅ គេសំដៅទៅលើផ្ទៃដី ដែលនៅស្រោបពីខាងលើបង្អស់ ដែលមានកំរាស់ជាទូទៅ១ម៉ែត្រ ទៅ​២ម៉ែត្រ។ គឺផ្ទៃស្រទាប់ដីនេះហើយ ដែលជាអ្នកផ្តល់ទឹក ផ្តល់ជីវជាតិ ដល់រុក្ខជាតិ ដំណាំដាំដុះទាំងពួង។

អ្នកវិទ្យាសាស្ត្រ​ចាត់ទុកការខូចគុណភាពដី ជា៤ប្រភេទ។ ទីមួយ គឺខូចបែបសំណឹក ដែល​បណ្តាល​មកពី​ការ​​ហូរច្រោះ​​របស់​ទឹក។ ទី២ គឺខូចបែពសំណឹកដែរ តែជាសំណឹកបណ្តាលមកពីខ្យល់បក់។ ទី៣ គឺ​ខូច​គុណភាព​ បែបធាតុគីមី ពោលគឺជាការបាត់បង់ជីវជាតិ លែងផ្តល់ផល ឬក៏ដីឡើងប្រៃ និង​មាន​ជាតិ​អាស៊ីត​ កាន់តែខ្លាំងជាដើម។ ចុងក្រោយទី៤ គឺដីខូច បែបរូបរាង្គ មានន័យថា ដីទៅជាហាប់ណែន រឹង ឬ​ក្លាយ​​​​ទៅ​​​ជា​ខ្សាច់​ម៉ដ្ឋ​ជាដើម។ សរុបជារួម ប្រមាណ៨៣% គឺជាការខូចគុណភាពបែបសំណឹក។ ក្រៅ​ពី​នេះ​​​ មាន១២% ជាការខូចគុណភាពបែបធាតុគីមី និងមាន៥% ជាការខូចរូបរាង្គ។

មូលហេតុ ដែលដីខូចគុណភាពនេះ អាចមានច្រើនយ៉ាងណាស់។ យើងអាចរៀបរាប់ត្រួសៗបាន មាន​ដូចជា ​​ការធ្វើសកម្មភាពកសិកម្មដាំដុះ នោះច្រើនជ្រុលហួសហេតុ  ការកាប់បំផ្លាញព្រៃឈើ ធ្វើឲ្យ​ដី​ត្រូវ​ប្រឈមមុខ​នឹង​សំណឹក​កាន់តែខ្លាំង ហើយជាចុងក្រោយ នឹងគ្រោះថ្នាក់បំផុតនោះ គឺ​ការ​ប្រើប្រាស់​សារធាតុ​​គីមី ក្នុង​ការ​ធ្វើកសិកម្ម ដែល​ការនេះ ធ្វើ​ឲ្យដីខូច ងាប់សារធាតុបំរុង ហើយឡើងខ្សោះ ឬ​ហិរជាដើម។

មនុស្សជាតិ ជាអ្នករងគ្រោះមុនគេ

សួរថាដីខូចគុណភាព មានផលវិបាកអ្វីខ្លះ ? យើងត្រូវដឹងថា ៩៥%​ នៃ​ចំណី​អាហារ​ដែល​មនុស្ស​យើង​បរិភោគ គឺបានមកពីដីទាំងអស់ ដោយផ្ទាល់ និងដោយប្រយោល។ នេះបើយោងតាមតួលេខ របស់​អង្គការ​ស្បៀង​អាហារពិភពលោក។ ដូច្នេះ បើដីខូចគុណភាព ខ្សោះ គ្មានជីវជាតិ មាន​ន័យថា​ ​ទិន្នផល​នៃ​ការ​ដាំដុះ​ គឺជា​អ្នករងគ្រោះដំបូងគេបង្អស់។ ដីខូចគុណភាពកាន់តែច្រើន មានន័យថា ផ្ទៃដី​ដែល​ធ្វើ​កសិកម្ម​​​បាន ក៏កាន់តែរួញខើចដែរ។ បូកបន្ថែមជាមួយនឹងសកម្មភាពសាងសង់អាគារ ការចាក់បេតុង ការ​​ពង្រីក​​​តំបន់​ទីក្រុង​ទី​ប្រជុំជន​ផងនោះ គឺធ្វើឲ្យដីចំការ ដីស្រែ មានកាន់តែតិចទៅៗ។

នៅ​រវាង​ឆ្នាំ​២០៥០ មនុស្ស​លោកយើង នឹងឡើងចំនួនដល់ទៅ៩ពាន់លាននាក់។ សួរថា មនុស្ស​កាន់​តែច្រើន ផ្ទៃដី​ធ្វើកសិកម្មកាន់តែតិច ហើយមានគុណភាពអន់ទៅទៀត តើ​ដល់​ពេលនោះ មនុស្ស​បាន​អ្វីបរិភោគ ? មិនចាំបាច់ដល់ពេលនោះទេ បច្ចុប្បន្ននេះ គឺយើង​កំពុងតែ​ស្ថិតក្នុង​ស្ថានភាព ​ខ្វះ​ស្បៀង​អាហារ​នេះទៅហើយ។

លោក Robert Watson អ្នកវិទ្យាសាស្ត្រដែលបានចូលរួមក្នុងរបាយការណ៍នេះ បាន​មាន​ប្រសាសន៍​ថា ការខូចគុណភាពដី គឺ​មិនមែន​ជា​បញ្ហា​របស់តំបន់ណាមួយ តែម្នាក់ឯងនោះទេ។ គឺ​តំបន់​ណា ក៏​ជួប​បញ្ហា​នេះ​ដែរ​គ្រាន់តែតិចនឹងច្រើន។ ដី​ខូច​គុណភាព គឺវាប៉ះពាល់ទៅដល់គុណភាពទឹក ហើយ​និង​ធ្វើឲ្យ​ខូច​ទិន្នផលកសិកម្ម។ ដូច្នេះកាលណាដី ដាំដុះអ្វីលែងកើត លែង​មាន​ប្រភពទឹក ​នោះ​ប្រជាជន​នឹង​ត្រូវតែ​បង្ខំ​ចិត្ត​ធ្វើ​ចំណាកស្រុក។ បញ្ហា​នេះគឺ​ជា​បញ្ហា​ដែល​ចៀសមិនរួច។

បញ្ហានេះ យើងកំពុងជួបប្រទះហើយ រាល់ថ្ងៃ ជាមួយ​នឹង​ការ​ធ្វើ​ចំណាក​ស្រុក​ របស់​ប្រជាជន​នៅទ្វីប​អាហ្វ្រិករាប់សែននាក់ ដែលនាំគ្នាហែលឆ្លងគ្រោះថ្នាក់ មកសុំសិទ្ធិជ្រកកោណនៅអឺរ៉ុប។ ដី​កសិកម្ម​រួញខើច ក៏​គឺ​ជាប្រភពមួយនៃជម្លោះ ដណ្តើមដី កើតជាជម្លោះជាតិសាសន៍ និងសង្រ្គាមទៀងផង។ ដីខូចគុណភាព មិនមែនប៉ះពាល់តែជីវិតមនុស្សទេ គឺវាប៉ះពាល់ ដល់ប្រព័ន្ធជីវចំរុះ របស់​ផែនដី​យើង​តែម្តង។ ដី គឺជាជម្រកនៃជីវចំរុះប្រមាណជា២៥% ជុំវិញផែនដី ក្នុងនោះមានសត្វល្អិត សត្វល្មូន បាក់តេរី និង​ផ្សិត​ជាដើម។ ជីវចំរុះក្នុងដីនេះហើយ ដែលចូលរួមធ្វើឲ្យដីល្អ ហើយហុចផលទៅឲ្យការដាំដុះ តែ​បើដីខូច ជីវចំរុះនេះក៏ហិនហោច ពោលគឺវាវិលជុំចុះឡើង។ ចុងក្រោយ អ្នកដែលអាចផុតពូជ គឺ​មនុស្ស​យើ​ងនេះ​ឯង។

ត្រូវមានគោលនយោបាយ ផ្លាស់ប្តូរទំលាប់ទាំងស្រុង

លោកស្រី Hélène Soubelet អគ្គនាយកIPBES បានលើកឡើងថា ដំណាក់កាលនេះ គឺជា​ដំណាក់​កាល​ចុងក្រោយ និងអាសន្នបំផុត។ បើគ្មានការភ្ញាក់រលឹក ផ្លាស់ប្តូរទាំងស្រុងទេ នឹងគ្មានលទ្ធផលឡើយ។ បញ្ហា​ដីខូចគុណភាពនេះ វានឹងបន្ថែមពីការកើនឡើងនូវកំដៅផែនដី ដែលធ្វើឲ្យភ្លៀង ធ្លាក់មិនទៀតទាត់ គ្រោះ​រាំងស្ងួត គ្រោះ​ទឹកជំនន់ និងគ្រោះធម្មជាតិធ្ងន់ធ្ងរផ្សេងៗទៀត​ជាដើម។

ការ​ផ្លាស់ប្តូរ​ទាំងស្រុង នៃទំលាប់នេះ គឺលោកស្រីសំដៅទៅដល់ការផ្លាស់ប្តូរ ពីរបៀបប្រើប្រាស់ដី ពី​របៀប​​​ធ្វើ​​កសិកម្ម។ លោកស្រី បានលើកឡើងជាឧទាហរណ៍ថា ដូចជាការភ្ជួររាស់ដី ដែល​ប្រជាជន​ទូទៅ​តែងតែ​​ធ្វើតាម​ទំលាប់។ តាមពិតការភ្ជួរដី គឺជា​រឿង​មួយ​មិនល្អ មិន​គួរធ្វើទេ ព្រោះ​វា​នឹង​ធ្វើឲ្យ​ប្រព័ន្ធ​ជីវចំរុះ​នៅក្នុង​ដី​ងាប់ទាំងអស់។ ប្រព័ន្ធជីវចំរុះនេះហើយ ដែលចូលរួម ធ្វើឲ្យដីមានដង្ហើម មានជីវជាតិ​ បើយើងភ្ជួរកំទេចវា គឺយើងចូលរួមធ្វើឲ្យដីខូចគុណភាព។

វេទិការអន្តររដ្ឋាភិបាល ដែលដឹកនាំការស្រាវជ្រាវនេះ នឹងដាក់ចុះជាអនុសាសន៍ ទៅកាន់រដ្ឋាភិបាល ឲ្យ​មាន​ការស្វែងយល់ ដើម្បីឈានទៅកំណត់ទិសដៅនយោបាយ ផ្សព្វផ្សាយបណ្តុះបណ្តាល ដល់​កសិករ ក្នុងការ​ជួយលើកកំពស់គុណភាពដី។ ការកាប់បំផ្លាញ់ព្រៃ ការ​ទប់ស្កាប់​ការ​រួញ​ខើច​ នៃដីស្រែចំការ ក៏គឺ​ជា​តួនាទី​របស់រដ្ឋាភិបាល។

ការពង្រឹកផ្នែកស្រាវជ្រាវវិទ្យាសាស្ត្រ ក៏គឺជាមធ្យោបាយមួយដែរ ដើម្បីសិស្សា ស្វែងយល់ ស្រាវជ្រាវ រកដំណោះស្រាយល្អៗ។ ជាក់ស្តែង ការស្រាវជ្រាវជាច្រើន បានផ្តោតទៅលើការរបៀបដាំដុះ ដែល​លាយ​បញ្ចូលគ្នា នូវរុក្ខជាតិជាច្រើនប្រភេទ ក្នុងរង្វង់ដីតែមួយ។​ យោងតាមអ្នកវិទ្យាសាស្រ្ត ការដាំដុះប្រភេទនេះ អាចផ្តល់ទិន្នផលខ្ពស់ មិនបង្កឲ្យដីខ្សោះរិចរិល ព្រោះរុក្ខជាតិផ្សេងពីគ្នា អាច​ជួយ​ជ្រោមជ្រែង​គ្នា​ទៅវិញ​ទៅមក។ ចំណែកដំណាំកសិកម្ម តែមួយមុខ អាចផ្តល់ផលច្រើន តែក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ ក៏​ប៉ុន្តែ ដើម្បីអាចលាយរុក្ខជាតិច្រើនមុខបាន អ្នកដាំ​ត្រូវដឹងថា រុក្ខជាតិប្រភេទណា អាច​ដុះក្បែរ​រុក្ខជាតិ​មួយណា​ដែរ។ ដែលត្រង់នេះហើយ គឺយើងត្រូវការចំណេះដឹងស្រាវជ្រាវផ្នែលរុក្ខជាតិ ឲ្យ​បានច្បាស់លាស់ និងទូលំទូលាយ៕

តើ​លទ្ធផល​នៃ​ជំនួប​រវាង​កូរ៉េ​ទាំងពីរ​អាច​ជួយ​ផ្តល់​សន្ទុះ​កិច្ចចរចា​រវាង​អាមេរិក និង​កូរ៉េខាងជើង​ដែរ​ឬ​ទេ?

លោកដូណាល់ ត្រាំ ដំឡើងពន្ធ​១០ភាគរយ លើ​ពាក់កណ្តាល​នៃ​ទំនិញចិន នាំចូល​អាមេរិក

រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​ទៅ​ម៉ាសេដ្វាន ដើម្បី​ទប់ស្កាត់​ឥទ្ធិពល​រុស្ស៊ី

ប្រធាន​ក្រុមហ៊ុន​សាំស៊ុង និង​ហ៊ីយុនដាយ នឹង​អមដំណើរ​លោក​មូនចៃអ៊ីន ទៅ​ព្យុងយ៉ាង

សង្គ្រាមពាណិជ្ជកម្ម​ ​តម្រូវ​ឲ្យ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ត្រូវ​​ធ្វើ​​កំណែទម្រង់

តើ​ក្នុង​លក្ខខណ្ឌ និង​កំហុសឆ្គង​បែប​ណា​ដែល​ជំរុញ​អឺរ៉ុប​ឲ្យ​ប្រើ​មាត្រាទី៧ ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​សមាជិក?

កិច្ចប្រជុំស្តីពីអាកាសធាតុ ប្រឈម​នឹង​ការ​ខ្វះ​ឆន្ទៈនយោបាយ​និង​ថវិកា

រុស្ស៊ី​បាន​បង្ហាញ​អានុភាព​យោធា​តាម​រយៈ​មហាសមយុទ្ធ​មិន​ធ្លាប់​មាន​ចាប់ពី​ក្រោយ​សង្រ្គាមត្រជាក់

សំណុំរឿងអ៊ុយហ្គួរ៖ អង្គការក្រៅរដ្ឋាភិបាល អំពាវនាវឲ្យ សហគមន៍អន្តរជាតិ មានចាត់ការចិន

បោះឆ្នោត​សភា​នៅ​ស៊ុយអែត៖​ហេតុអ្វី​បាន​ជា​គណបក្ស​ស្តាំនិយមជ្រុល​កំពុង​ឡើង​សម្លេង​ខ្លាំង?

កម្ពុជា​ជា​ប្រទេសកិត្តិយស​ក្នុង​មហោស្រព​ខ្លែង​អន្តរជាតិ

សង្រ្គាម​នៅ​ស៊ីរី៖​ជោគវាសនា​ទីក្រុង​អ៊ីដឡិប​កំពុង​ស្ថិត​លើ​កិច្ចប្រជុំ​ក្នុង​ទីក្រុង​តេហេរ៉ង់ និង​ទីក្រុង​ញូយ៉ក

ឥណ្ឌា៖ តុលាការកំពូល​លុបចោល​ទោស​ព្រហ្មទណ្ឌ លើ​ទំនាក់ទំនង​ផ្លូវភេទ​រវាង​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា

ប្រតិភូ​ជាន់ខ្ពស់​កូរ៉េខាងត្បូងទៅព្យុងយ៉ាង​ដើម្បី​ផ្តល់​​សន្ទុះថ្មី​ដល់​កា​រចរចា

បី​ឆ្នាំក្រោយមក កិច្ចព្រមព្រៀង​ស្តីពី​អាកាសធាតុ​មានតែនៅលើ​ក្រដាស

វេទិកា​នៃ​កិច្ចសហប្រតិបត្តិការ​​ចិន​-អាហ្វ្រិក​​ចាប់​បើក​នៅ​ប៉េកាំង

ប្រធានាធិបតីហ្វីលីពីន ឌុយទែរតឺ ​បំពេញ​ទស្សនកិច្ច​លើក​ដំបូង នៅ​អ៊ីស្រាអែល

អាមេរិក​ឈប់​ផ្តល់​ជំនួយ​ដល់​ភ្នាក់ងារ​អ.ស.ប.​សម្រាប់​ជន​ភៀសខ្លួន​ប៉ាឡេស្ទីន

សង្រ្គាមពាណិជ្ជកម្ម៖​ហេតុអ្វី​បាន​ជា​លោកដូណាល់ ត្រាំ​គំរាម​ដក​អាមេរិក​ចេញ​អង្គការ​ពាណិជ្ជកម្មពិភពលោក?

​នុយក្លេអ៊ែរ​កូរ៉េខាងជើង៖ តើ​ចិន​កំពុង​ទទួល​ថ្មបាក់​ពី​​បរាជ័យ​របស់លោកដូណាល់ ត្រាំ?