អានតួអត្ថបទ
កម្ពុជា-សង្គម

ប្រ​មុខ​រដ្ឋាភិ​បាល​ថា​បុណ្យ​អុំ​ទូក​ឆ្នាំ​នេះ​អាច​ផ្អាក​ បើ​ទឹក​មិន​ស្រក​

ពិធី​​បុណ្យ​​អុំទូក​ឆ្នាំ​នេះ​នឹង​ត្រូវ​ផ្អាក​ ប្រសិន​បើ​​កម្ពស់​ទឹក​ទន្លេ​មេគង្គ​នៅមាន​កម្រិត​កម្ពស់​ ចន្លោះ​ពី​​ ៨,៥​ ម៉ែ​ត្រ​ ទៅ ​៩ម៉ែត្រ ​គឺ​មិន​អាច​អុំ​ទូក​បាន​ទេ​។​ នេះ​ជា​ការ​​ប្រកាស​របស់​​លោក​​នាយក​​រដ្ឋមន្រ្តី ​ហ៊ុន​ សែន​ នៅ​ថ្ងៃ​ពុធ​នេះ​។​ ចំណែក​​ក្រសួង​ធន​ធាន​ទឹក​ ក៏​នៅ​មិន​​ប្រាក​ដ​ដែរ​​ថា ​តើ​​ទឹក​​ទន្លេ​នឹង​​ស្រក​​ដល់​​កម្រិត​ណា ​នៅ​ពេល​បុណ្យ​​អុំទូក​​មកដល់​នោះ​។

ពិធីបុណ្យ​អុំទូក​នៅចតុមុខ​រាជធានី​ភ្នំពេញ​កាលពីឆ្នាំកន្លងទៅ
ពិធីបុណ្យ​អុំទូក​នៅចតុមុខ​រាជធានី​ភ្នំពេញ​កាលពីឆ្នាំកន្លងទៅ © សុវណ្ណរ៉ា
ផ្សាយពាណិជ្ជកម្ម

ក្នុងពិធីជួបសំណេះសំណាល ជាមួយកម្មករ​ នៅខណ្ឌពោធិ៍សែនជ័យ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ លោក​នាយ​ករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា ឥឡូវនេះមិនដឹងថា តើទឹកទន្លេមេគង្គ នឹង​បន្ត​ឡើ​ង ឬយ៉ាងណានៅពេលបុណ្យភ្ជុំបិណ្ឌ ហើយក៏​មិន​ទាន់​ប្រាកដថា ទឹកឡើងលើក​ទីមួយ​វា​ខ្ពស់ ឬឡើងលើកទីពីរវាខ្ពស់ជាង ឬក៏​ទាប​ជាង​នោះ​ទេ។ ផ្អែក​លើ​ស្ថានភាព​ប្រែប្រួលនេះ លោក​ប្រមុខ​រដ្ឋាភិបាល បញ្ជាក់ថា គឺត្រូវ​ពិនិត្យ​មើល​ដែរ សម្រាប់ពិធីបុណ្យអុំទូក បើសិនជាទឹកនៅទន្លេមេគង្គ នៅសល់កម្ពស់ ៨,៥ ម៉ែ​ត្រ ទៅ ៩ម៉ែត្រ គឺមិនអាចអុំទូកបានទេ។

ចំណែក​លោក ចាន់ យុត្ថា អ្នកនាំពាក្យ​ក្រសួងធនធានទឹក ក៏នៅមិន​ប្រាកដដែរថា តើ​ទឹក​ទន្លេ​នឹង​ស្រក​ដល់​កម្រិតណាដែរនៅពេលបុណ្យ​អុំទូកនោះ។មូលហេតុ​ដោយសារតែ​ប្រព័ន្ធ​សម្ពាធ​ទាប​នៅតែ​ក្រប​ដណ្តប់​លើ​ប្រទេសថៃ​និង​ឡាវ ហើយ​នឹង​មានភ្លៀវ​ជាបន្ត​បន្ទាប់។ ម្យ៉ាងទៀត ទឹក​នៅតាម​បឹង ព្រែក គឺនៅពេញប្រៀបជាហេតុ​ដែល​ទឹក​ទន្លេមេគង្គមិនអាចស្រក​ចុះ​លឿន។ នេះជាការបញ្ជាក់របស់​អ្នកនាំពាក្យដដែល។

បើតាម លោក ហ៊ុន សែន ប្រសិនបើទឹក​ទន្លេចតុមុខស្រកចុះទាបពេក រហូតត្រឹមតែ ៣,៥ ម៉ែ​ត្រក៏មិនអាចអុំទូកបានដែរ ហើយថាពិធីបុណ្យអុំទូកត្រូវបានផ្អាកពីរដង គឺម្ដងទឹកធំពេក និង​ម្ដងទៀតទឹកតូចពេក។

កាលពី​ឆ្នាំ​២០១៥​នេះ ការផ្អាកពិធី​បុណ្យអុំទូកគ្រានោះ ដោយសារតែរដ្ឋាភិបាល​លើក​ហេតុផល​ថា ទឹកទន្លេ​មាន​កម្រិត​ទាប​ពេក ហើយ​ប្រទេស​កម្ពុជា​កំពុង​ជួបប្រទះ​គ្រោះរាំងស្ងួត ដែល​ត្រូវការថវិកាសម្រាប់​ដោះស្រាយ​បញ្ហា​កង្វះ​ទឹក​​ស្រូវប្រាំង​ជូន​ប្រជាកសិករ​។

ប៉ុន្តែ កាលពីឆ្នាំ២០១៣ រដ្ឋាភិបាល​បាន​សម្រេច​​ផ្អាក​​រៀបចំ​​ព្រះរាជពិធី​បុណ្យ​អុំទូក ដោយ​មូលហេតុ​គ្រោះ​មហន្តរាយ​ទឹក​ជំនន់។ សេចក្តី​សម្រេច​របស់​រដ្ឋាភិបាល​កាលណោះ​ត្រូវបានធ្វើឡើង​ ខណៈ​គណបក្ស​សង្គ្រោះជាតិ​បាន​អំពាវនាវ​ឲ្យពលរដ្ឋ​នៅ​បន្ត​ធ្វើ​មហាបាតុកម្មអហិង្សា​ មិនទទួលស្គាល់លទ្ធផលបោះឆ្នោត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ