អ.ស.ប បង្ហាញក្តីកង្វល់ចំពោះ“ការបំបិទសំឡេងដៃគូនយោបាយនៅកម្ពុជា”
ក្រុមអ្នកជំនាញរបស់អង្គការសហប្រជាជាតិនៅថ្ងៃទី១៩ ខែមិថុនា បានបង្ហាញកង្វល់របស់ខ្លួនចំពោះនិន្នាការ កើនឡើងនៃការគាបសង្កត់ដោយរដ្ឋាភិបាលកម្ពុជាទៅលើមតិយោបល់ផ្ទុយពីខ្លួន។ តែគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាហៅការលើកឡើងបែបនេះថាជាការបំភ្លៃការពិតនៅកម្ពុជា។
ចុះផ្សាយនៅថ្ងៃ៖
“យើងមានកង្វល់អំពីការប្រើប្រាស់ច្បាប់ព្រហ្មទណ្ឌ ដើម្បីដាក់គោលដៅទៅលើ ការនិយាយស្តីដោយសេរី ទាំងតាមអូហ្វឡាញ(Offline) ទាំងតាមអនឡាញ(Online)” នេះជាការលើកឡើងរបស់លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងលោក ដាវីដ កាយ៉េ អ្នករាយការណ៍ពិសេសស្តីពីការលើកស្ទួយ និងការពារសិទ្ធិសេរីភាពនៃគំនិត និងការបញ្ចេញមតិ។
យោងតាមសេចក្តីថ្លែងការណ៍ពីទីក្រុងហ្សឺណែវ នៅថ្ងៃទី១៩ ខែមិថុនា អ្នកជំនាញរបស់អង្គការសហប្រជាជាតិទាំងពីររូបបានបញ្ជាក់ថា ការរឹតត្បិតណាមួយលើសេរីភាពបញ្ចេញមតិ ឬសេរីភាពក្នុងការជួបប្រជុំ ត្រូវតែបានកំណត់តាមនិយមន័យចង្អៀតមួយ។
ជាការកត់សម្គាល់ការចេញសេចក្តីថ្លែងការណ៍បង្ហាញក្តីបារម្ភរបស់អ្នកជំនាញអង្គការសហប្រជាជាតិធ្វើឡើង បន្ទាប់ពីសមាជិកអតីតគណបក្សសង្រ្គោះជាតិ ជាច្រើនរូបត្រូវបានអាជ្ញាធរចោទសួរ កោះហៅ ឬឃុំខ្លួនពាក់ព័ន្ធនឹងការចូលរួមក្នុងការប្រមូលផ្តុំ និងការអត្ថាធិប្បាយគាំទ្រអតីតមេដឹកនាំទាំងពីររូបរបស់គណបក្សប្រឆាំង គឺលោក កឹម សុខា និងលោក សម រង្ស៊ី។
ក្រុមអ្នកជំនាញរបស់អង្គការសហប្រជាជាតិក៏បានអំពាវនាវដល់រដ្ឋាភិបាលកម្ពុជា ឲ្យស្តារនិន្នាការធ្លាកចុះនាពេលបច្ចុប្បន្ន ក្នុងការទទួលបានសិទ្ធិនយោបាយ និងសេរីភាពជាមូលដ្ឋាន។ ក្នុងសេចក្តីថ្លែងការណ៍ដដែល អ្នកជំនាញរបស់អង្គការសហប្រជាជាតិបញ្ជាក់ថា ដល់ពេលដែលរដ្ឋាភិបាលដឹកនាំឲ្យផ្លាស់ប្តូរវប្បធម៌នយោបាយទៅជាកិច្ចសន្ទនាមួយ ដែលផ្តោតទៅលើបញ្ហាជាជាងផ្តោតទៅលើបុគ្គល ដែលជាវិធីសាស្ត្រមួយធ្វើឲ្យមានមូលដ្ឋានរឹងមាំសម្រាប់សន្តិភាពយូរអង្វែង។
លោក កត្តា អ៊ន ជាសមាជិគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាអ្នកនាំពាក្យនៅកម្ពុជាបានលើកឡើងថា នៅក្នុងប្រទេសកម្ពុជាប្រជាពលរដ្ឋបានអនុវត្តសិទ្ធិរបស់ខ្លួនដោយសេរី សេរីរហូតដល់ចង់ហួសព្រំដែនទៅទៀត។ លោកបញ្ជាក់ថារដ្ឋាភិបាលតែងតែពិនិត្យមើលថា តើបុគ្គលណា ដែលបំពានច្បាប់ ហើយរដ្ឋាភិបាលត្រូវតែអនុវត្តទប់ស្កាត់មិនឲ្យមានការរំលោភសិទ្ធិនោះទេ។
លោកបញ្ជាក់ថាអ្វីដែលលោកស្រី រ៉ូណា ស្មីត បានលើកឡើងនេះគឺវាយផ្ទុយទៅនឹងទិដ្ឋភាពនៅកម្ពុជា វាជាការវាយតម្លៃមិនត្រឹមត្រូវ វាជាការវាយតម្លៃតែមួយជ្រុង និងជាការវាយតម្លៃ ដែលមានចារឹតនយោបាយនៅពីក្រោយ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់រដ្ឋាភិបាល៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ