អានតួអត្ថបទ
កម្ពុជា-អឺរ៉ុប

ក្រសួង​ពាណិជ្ជ​កម្ម៖ កម្ពុជា​មិន​ទាន់​ប្តឹង​សហភាព​អឺរ៉ុប​រឿង​យក​ពន្ធ​អង្ករ តែ​កំពុង​សិក្សា​ផ្លូវ​ច្បាប់

អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បាន​អះអាង​នៅ​ថ្ងៃទី​១៣ ខែ​មេសា​នេះ ថា​ ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​មិន​បាន​ដាក់​ពាក្យ​ប្តឹង​សហភាព​អឺរ៉ុប ចំពោះ​ការ​យក​ពន្ធ​លើ​អង្ករ​កម្ពុជា​នៅ​ឡើយ​ទេ ប៉ុន្តែ​កម្ពុជា​កំពុង​តែ​សិក្សា​ផ្លូវ​ច្បាប់​។ ការ​សិក្សា​ផ្លូវ​ច្បាប់​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​មាន​ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន កាល​ពី​ចុង​ខែ​មីនា​កន្លង​ទៅ​។

កម្មករ​លី​បាវ​អង្ករ នៅ​ក្នុង​កន្លែង​លក់​អង្ករ​មួយ​កន្លែង​ក្នុង​ទីក្រុង​ភ្នំពេញ
កម្មករ​លី​បាវ​អង្ករ នៅ​ក្នុង​កន្លែង​លក់​អង្ករ​មួយ​កន្លែង​ក្នុង​ទីក្រុង​ភ្នំពេញ REUTERS
ផ្សាយពាណិជ្ជកម្ម

លោក ស៊ាង ថៃ អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជ​កម្ម​បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​នាថ្ងៃទី​១៣ ខែ​មេសា​នេះ​ថា បច្ចុប្បន្ន​នេះ ក្រសួង​ពាណិជ្ជ​កម្ម​កំពុង​សិក្សា​មើល​ថា តើ​ការ​តវ៉ា​របស់​កម្ពុជា​មាន​ប្រៀប​ឬ​អត់? លោក​បញ្ជាក់​ថា​កម្ពុជា​មិន​ទាន់​បាន​ដាក់​ពាក្យ​ប្តឹង​នៅ​ឡើយ​ទេ ជុំវិញ​ការ​យក​ពន្ធ​លើ​អង្ករ​កម្ពុជា ដែល​នាំ​ចូល​ក្នុង​សហ​ភាព​អឺរ៉ុប។

កាល​ពី​ខែ​មករា គណៈកម្មការ​អឺរ៉ុប បានចេញ​សេចក្តី​សម្រេច តម្រូវ​ឲ្យ​អង្ករ​នាំចូល​ពី​កម្ពុជា និង​ភូមា ត្រូវ​បង់ពន្ធ​រយៈពេល៣ឆ្នាំ ក្នុង​អត្រា១៧៥អឺរ៉ូ(ប្រហែល២០០ដុល្លារ) ក្នុង១តោន នៅ​ឆ្នាំ​ដំបូង និង​ត្រូវ​បង់១៥០អឺរ៉ូ និង១២៥អឺរ៉ូ នៅ​ឆ្នាំ​ទី២ និង​ទី៣។ តាមរយៈ សេចក្តី​សម្រេច ដែល​ចាប់​ផ្តើម​អនុវត្ត​ពីថ្ងៃ​ទី១៨ ខែមករា​ គណៈកម្មការ​អឺរ៉ុប​បញ្ជាក់ថា ការ​នាំចូល​អង្ករ (Indica Rice) ពី​កម្ពុជា ក៏ដូចជា​ភូមា បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​នៃ​ប្រទេស​ផលិត​អង្ករ​របស់​សហភាព​អឺរ៉ុប។

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន កាល​ពី​ចុង​ខែ​មីនា បាន​ប្រាប់​ឲ្យ​រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម​ពិនិត្យ​លទ្ធភាព​ផ្លូវ​ច្បាប់ ថា​តើ​គួរ​ប្តឹង ឬ​មិន​ប្តឹង សហភាព​អឺរ៉ុប​ទៅ​កាន់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ជុំវិញ​រឿង​យក​ពន្ធ​លើ​អង្ករ​កម្ពុជា ដែល​នាំ​ចូល​អឺរ៉ុប។ លោក ហ៊ុន សែន បញ្ជាក់​ថា នេះ​ជា​អំពើ​អយុត្តិធម៌​មួយ​សម្រាប់​ប្រទេស​កម្ពុជា​។

សូម​ជម្រាប​ជូន​ថា គិត​ត្រឹម​ត្រីមាស​ទី១ ឆ្នាំ​២០១៩​នេះ កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ចំនួន​១៧០ ៨២១តោន កើន​ឡើង​ចំនួន​៦% បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​២០១៨ ដែល​មាន​ត្រឹម​តែ ១៦១ ១១៥តោន​ប៉ុណ្ណោះ​។ ​នេះ​បើតាម​របាយ​ការណ៍​អំពី​ស្ថានភាព​នៃ​ការ​នាំ​ចេញ​អង្ករ​កម្ពុជា​។ កាលពី​ឆ្នាំ២០១៨ កម្ពុជា​បាន​នាំ​អង្ករ​សរុបទៅ​ក្រៅប្រទេស​ចំនួន​ជាង៦០ម៉ឺន​តោន ក្នុងនោះ​ជាង៤០% ទៅកាន់​ទីផ្សារ​អឺរ៉ុប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ