អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

ក្រសួង​ពាណិជ្ជកម្ម​បង្កើត​ក្រុម​ការងារ​តាម​ដាន​តម្លៃ​ទំនិញ

ក្រសួង​ពាណិជ្ជកម្ម​នៅ​ថ្ងៃ​ទី​១៦​មិថុនា បាន​បង្កើត​ក្រុម​ការងារ​មួយ​ដើម្បី​តាម​ដាន​តម្លៃទំនិញ​លើ​ទី​ផ្សារ​ដឹក​នាំ​ផ្ទាល់​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ដិ។ ការងារ​ស្នូល​របស់​ក្រុម​ការ​ងារ​នេះ គឺ​តាម​ដាន​រាល់​ការ​ប្រែប្រួល​ឡើង​ចុះ នៃ​មុខ​ទំនិញសំខាន់ៗ​មួយ​ចំនួន​រួម​មាន ស្រូវ អង្ករ ត្រី សាច់មាន់ សាច់ជ្រូក ប្រេងសាំងធម្មតា ម៉ាស៊ូត និងដំឡូងមី។

ទំនិញក្នុងហាង២៥០០
ទំនិញក្នុងហាង២៥០០ RFI
ផ្សាយពាណិជ្ជកម្ម

 

ក្រុម​ការងារ​នេះ​បង្កើត​ឡើង​ដើម្បី​តាម​ឲ្យ​ទាន់​សភាពការណ៍​នៃ​ការ​ឡើង​ចុះ​តម្លៃទំនិញ​នៅ​លើ​ទី​ផ្សារ​ដោយ​ធ្វើ​ការ​ប្រៀប​ធៀប​ជាមួយ​តម្លៃ​ក្នុង​តំបន់ និង​ពិភព​លោក។ អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម កញ្ញា សឹង សុផារ៉ា បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ថា ការងារ​សំខាន់​មួយ​ទៀត​របស់​ក្រុម​ការងារ​នេះ ពង្រឹង​ទៅ​លើ​ការ​ប្រមូលព័ត៌​មាន ខណៈដែល​ព័ត៌​មាន​ស្ដី​ពី​បញ្ហា​តម្លៃ​ទំនិញ​នា​ពេល​កន្លង​មក​ក្រសួង​ទទួល​បាន​មាន​ភាព​មិនត្រឹម​ត្រូវ និង​ខ្វះ​ចន្លោះ។ ដូច្នេះ​ហើយ​ទើប​ការ​គ្រប់​គ្រង​តម្លៃ​ទំនិញ​ជួប​បញ្ហា​ប្រឈមព្រោះ​កម្ពុជា​ជា​ប្រទេស​សេដ្ឋកិច្ច​សេរី។

ឯកភាព​នឹង​ការ​លើក​ឡើង​នេះ​ដែរ លោក ចាន់ សុផល អ្នក​វិភាគ​សេដ្ឋកិច្ច​ផ្ដល់​យោបល់​ថា រដ្ឋ​គួរ​តែ​ប្រមូល​ព័ត៌មាន និង​ផ្ដល់​ព័ត៌មាន​ធ្វើ​យ៉ាង​ណា​ឲ្យ​អ្នក​លក់ និង​អ្នកទិញ​ទទួល​បាន​ព័ត៌មាន​ច្បាស់​លាស់។ ជា​ព័ត៌មាន​ផ្ដោត​លើ​ទៅ​លើ​បញ្ហា​តម្លៃ​សម្រាប់​ទីផ្សារ​ក្នុង និង​ក្រៅ​ប្រទេស។

ខណៈ​បញ្ហា​តម្លៃ​ទំនិញ​នៅ​ទី​ផ្សារ​នៅ​កម្ពុជា​តែង​តែ​ទទួល​រង​ការ​រិះ​គន់​ពី​ប្រជាពល​រដ្ឋ ព្រោះ​ឡើង​ថ្លៃ កញ្ញា សុផារី អះអាង​ថា ក្រសួង​មិន​អាច​បញ្ចុះ​តម្លៃ​ភ្លាមៗ​តាម​ការ​ចង់បាន​របស់ ពលរដ្ឋ​នោះ​ទេ។ អ្វី​ដែល​ជា​ដំណោះ​ស្រាយ​នោះ​គឺ​ក្រុម​ការងារ​ដែល​ក្រសួងបង្កើត​ឡើង​នេះ​នឹង​ត្រូវ​សិក្សា​ទៅ​លើ​បរិបទ​ជុំវិញ​ខ្លួន តាម​រយៈ​ការ​ណែនាំ​ទៅ​ពលរដ្ឋគួរ​តែ​កាត់​បន្ថយ​ការ​ដាំ​ដុះ​ឬ​ក៏​ជំរុញ​ការ​ដាំ​ដុះ។

ចំណែក​លោក ចាន់ សុផល លើក​ឡើង​ថា ការ​ប្រែ​ប្រួល​តម្លៃ​ទំនិញនៅ​កម្ពុជា​អាស្រ័យ​លើ​កត្តា​ច្រើន​យ៉ាង។ តែ​អ្វី​សំខាន់​នោះ គឺ​កត្តា​ផលិត តម្រូវ​ការ ការប្រកួត​ប្រជែង​ជា​មួយ​បណ្ដា​ប្រទេស​ផ្សេងៗ។ លោក​សុផល បន្ថែមថា ការ​ដោះ​ស្រាយ​បញ្ហា​តម្លៃទំនិញ​នៅ​កម្ពុជា​ដែល​ជា​ប្រទេស​សេដ្ឋកិច្ចទីផ្សារ​សេរី​គឺ​មាន​ភាព​ស្មុគ​ស្មាញ​បំផុត។ ដូច្នេះ​ការ​បង្កើត​ក្រុម​ការងារ​តាម​ដាន​តម្លៃ​ទំនិញ​របស់​ក្រសួង​នៅ​ពេល​នេះ គឺ​ជា​ដំណើរការ​មួយ​ល្អ។ នេះ​បើ​តាម លោក ចាន់ សុផល៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ