អានតួអត្ថបទ
កម្ពុជា-នយោបាយ

កាសែត​ខេម​បូឌា​ដេលី​បើក​វេទិ​កា​លើក​ដំបូង​របស់​ខ្លួន​ បន្ទាប់ពី​បដិសេធ​វិល​មក​កម្ពុជា​វិញ​

កាសែត ​The​ Cambodia​ Daily​ ប្រកាស​ថា​ខ្លួន​នឹង​បើក​វេទិកា​មួយ​សម្រាប់​សំឡេង​ឯករាជ្យ​និយាយ​អំពី​បញ្ហា​ផ្សេងៗ​ទាក់​ទង​នឹង​ប្រទេស​កម្ពុជា​។​ វេទិកា​លើក​ដំបូង​ពី​ក្រៅ​ប្រទេស​របស់​កាសែត​ពីរ​ភាសា​នេះ ​នឹង​ធ្វើ​នៅ​ថ្ងៃ​ចន្ទ​ ស្អែក​នេះ ​វេលា​ម៉ោង​ ៩​:៣០​ នាទី​យប់ម៉ោង​នៅ​កម្ពុជា​ បន្ទាប់ពី​ម្ចាស់​កាសែត​មួយ​នេះ​អះអាងថា​នឹង​មិន​ត្រឡប់​មក​កម្ពុជា​វិញ​ជា​ដាច់​ខាត​ ដរាប​ណា​ច្បាប់​របស់​កម្ពុជា​មិន​ទាន់​រឹង​មាំ​​។

កាសែត ឌឹខេមបូឌាដេលី ដែលត្រូវបានបិទ
កាសែត ឌឹខេមបូឌាដេលី ដែលត្រូវបានបិទ @FB/ The Cambodia Daily
ផ្សាយពាណិជ្ជកម្ម

កាសែត​ The​ Cambodia​ Daily​ ឲ្យដឹងថា ​នៅក្នុង​កម្មវិធី​ផ្សាយ​លើក​ដំបូង​របស់​ខ្លួន ​លោក​បណ្ឌិត​ គង់​ សេងលី ​ពី​សាកល​វិទ្យាល័យ ​Cornell​ ក្នុង​សហរដ្ឋ​អាមេរិក​ នឹង​ធ្វើ​ជា​វាគ្មិន​ក្នុង​កិច្ច​ពិភាក្សា​អំពីការ​លូត​លាស់​របស់​កម្ពុជា​តាមរយៈ​ប្រព័ន្ធ​ពហុបក្ស ​និង​អ្វីដែល​គណបក្ស​ប្រឆាំង​ដ៏ធំ​គួរ​ធ្វើ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្ទៃ​ក្នុង ​និង​បញ្ហា​ខាង​ក្រៅរ​បស់ខ្លួន​។ ​វេទិកា​របស់​កាសែត​អនឡាញ​មួយនេះ​ ក៏​ផ្តល់​ឱកាស​ឲ្យ​មាន​ការ​ចោទ​ជា​សំណួរ​ និងបញ្ចេញ​ទស្សនៈ​របស់​អ្នក​ទស្សនា​ផងដែរ​។

សូម​បញ្ជាក់ថា​ ការ​បើក​វេទិកា​របស់​កាសែត​ឌឹ​ខេម​បូឌា​ដេលី ​នៅពេលនេះ​គឺ​បន្ទាប់​ពី​ម្ចាស់​កាសែត​ពីរ​ភាសា​នេះ បាន​អះអាង​ជា​ថ្មី​ថា ​កាសែត​នេះ​នឹង​មិន​វិល​ត្រឡប់​ទៅ​កម្ពុជា​វិញ​នោះ​ទេ។ ​មិន​អាច​វិល​មក​កម្ពុជា​វិញ​ ដោយ​សារ​តែ​កម្ពុជា​នៅ​តែ​អនុវត្ត​នយោបាយ​ចាប់​ហើយ​ដោះ​លែង​វិញ ធ្វើ​ទុក្ខ​បុក​ម្នេញ​ដដែលៗ អំពើ​ពុក​រលួយ ការ​ប្រើ​ប្រាស់​ស្ថាប័ន​ពន្ធដារ និង​តុលាការ​ជា​ឈ្នាន់​ដើម្បី​គំរាម​កំហែង​ខាង​ផ្នែក​នយោបាយ​ដល់​ស្ថាប័ន​សារព័ត៌មាន​។ នេះជាការ​លើក​ឡើង​របស់ លោក​ស្រី Deborah Krisher Steele ​ម្ចាស់​កាសែត​ឌឹ​ខេម​បូឌា​ដេលី។

ការ​ប្រកាស​ជំហរ​របស់​ម្ចាស់​កាសែត​នេះ គឺក្រោយ​ពី​ក្រសួង​ការ​បរទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី១០​ខែធ្នូ​បាន ច្រាន​ចោល​ទាំង​ស្រុង​ចំពោះ​ការ​លើក​ឡើង​របស់​ម្ចាស់​កាសែត​ឌឹ​ខេម​បូឌា​ដេលី​ដែល​ថា រដ្ឋា​ភិបាល​កម្ពុជា​បាន​បញ្ឈប់​ប្រតិបត្តិ​ការ និង​បាន​បិទ​គណនី​ធនាគារ​របស់​ខ្លួន ដោយ​សារ​តែ​ជំហរ​រិះគន់​រដ្ឋា​ភិបាល​។ បើតាមរដ្ឋា​ភិបាល​កម្ពុជា ​សារព័ត៌មាន​មួយ​នេះ បាន​ដំណើរ​ការ​អាជីវកម្ម​របស់​ខ្លួន ចាប់​តាំង​ពី​ឆ្នាំ​២០០៧​មក ដោយ​មិន​បាន​បង់​ពន្ធ ដែល​មាន​ទឹក​ប្រាក់​ប្រមាណ៦,៣​លាន​ដុល្លារ​អាមេរិក​។

ប៉ុន្តែ​លោក​ស្រី Deborah Krisher Steele អះអាង​ថា រដ្ឋា​ភិបាល​កន្លង​មក​បាន​ចោទ​ប្រកាន់ ស្ថាប័ន​កាសែត​របស់​លោក​ស្រី​ថា ជាប់​ពាក់​ព័ន្ធ​នឹង​បញ្ហា​បដិវត្តន៍​ពណ៌​រួម​ជាមួយ​អង្គការ​អាមេរិកាំង​ដទៃ​ទៀត ហើយ​ក្រោយ​មក​រដ្ឋា​ភិបាល​បាន​ប្តូរ​ការ​ចោទ​ប្រកាន់​របស់​ខ្លួន​ទៅ​លើ​បញ្ហា​មិន​បាន​បង់​ពន្ធ ដែល​មាន​ទឹក​ប្រាក់​ចំនួន​៦លាន​៣សែន​ដុល្លារ​។ លោក​ស្រី​បញ្ជាក់​ថា បន្ទាប់​មក​រដ្ឋា​ភិបាល​កម្ពុជា​បាន​បញ្ឈប់​ប្រតិបត្តិការ និង​បាន​បិទ​គណនី​ធនាគារ​របស់​កាសែត​ឌឹ​ខេម​បូឌា​ដេលី ដែល​ធ្វើ​ឲ្យ​កាសែត​មួយ​នេះ​មិន​អាច​ដក​លុយ​បើក​ប្រាក់​ខែ​ឲ្យ​បុគ្គលិក​របស់​ខ្លួន​បាន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ