អានតួអត្ថបទ
កម្ពុជា

ក្រសួង​ការបរទេស​កម្ពុជា ជឿ​ថា​ថៃ នឹង​សហការ​ល្អ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ចាត់​ការ​អតីត​បក្ស​សង្គ្រោះជាតិ​

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​ថ្ងៃ​សៅរ៍​នេះ​ថា កម្ពុជា ជឿ​ជាក់​យ៉ាង​មុត​មាំ​ថា រដ្ឋាភិបាល​ថៃ នឹង​សហការ​យ៉ាង​ជិត​ស្និទ្ធិ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដោយ​នឹង​មិន​​អនុញ្ញាត​ឲ្យ​ក្រុម​របស់​លោក​ សម រង្ស៊ី ចូល​ក្នុង​ប្រទេស​ថៃ​នោះ​ទេ​។ ការ​លើក​ឡើង​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​នេះ គឺ​បន្ទាប់​ពី​លោក​ស្រី មូរ សុខ​ហួរ និង​មន្ត្រី​ជាន់​ខ្ពស់​អតីត​បក្ស​សង្គ្រោះជាតិ​ផ្សេង​ទៀត បាន​អះអាង​ថា ពួក​គេ​កំពុង​តែ​ចរចា​ជាមួយ​អាជ្ញាធរ​ថៃ ដើម្បី​បាន​ចូល​ទឹក​ដី​ថៃ អម​ដំណើរ​លោក​សម រង្ស៊ី និង​ពលករ​ខ្មែរ ឆ្លង​កាត់​ព្រំដែន​ថៃ​មក​កម្ពុជា នៅ​ថ្ងៃ​ទី ៩​ខែ​វិច្ឆិកា​ខាង​មុខ​។

លោក​នាយករដ្ឋមន្ត្រីកម្ពុជា និង​ថៃ។
លោក​នាយករដ្ឋមន្ត្រីកម្ពុជា និង​ថៃ។ @RFI
ផ្សាយពាណិជ្ជកម្ម

លោក កុយ គួង អ្នក​នាំពាក្យ​ក្រសួងការបរទេសកម្ពុជា បានអះអាងថា រាល់ការ​លើកឡើង​របស់​មន្ត្រីជាន់ខ្ពស់អតីតបក្ស​សង្គ្រោះជាតិ ដែល​ថា​មាន​សង្ឃឹមអាចចរចាជាមួយនឹងអាជ្ញាធរថៃ ដើម្បីចូលក្នុងប្រទេសថៃនោះ គឺគ្រាន់តែជាសង្គ្រាម​ចិត្ត​សាស្ត្រតែប៉ុណ្ណោះ។ តាម​លោក កុយ គួង រាល់​ទំនាក់ទំនង​ការបរទេស គឺជាការ​ធ្វើការ​រួមគ្នា រវាង​រដ្ឋាភិបាល និង​រដ្ឋាភិបាល មិនមែន​រវាង​អ្នក​នយោបាយ​នោះទេ។

ទោះបីជាមិន​អាច​ដឹង​ពីការសម្រេចចិត្ត​ពិត​ប្រាកដ​របស់អាជ្ញាធរថៃ ប៉ុន្តែលោក កុយ គួង ជឿជាក់​ថារដ្ឋាភិបាល​ថៃ នឹងមិន​បណ្តោយ​ឲ្យ​ទំនាក់ទំនងការ​ទូត​រវាង​ប្រទេសទាំង ២ ត្រូវល្អក់កករ ដោយសារតែ​ចេតនា​ចង់​ចូល​ស្រុក​វិញ​របស់​លោក សម រង្ស៊ី​នោះទេ។

សូម​រម្លឹកជូនថា កាលពីសប្តាហ៍មុន​ លោក​ស្រី មូរ សុខហួរ មន្ត្រីជាន់ខ្ពស់អតីត​គណបក្សសង្គ្រោះជាតិ ត្រូវ​បាន​អាជ្ញាធរ​ថៃ​ ដាក់​ឈ្មោះ​ក្នុងបញ្ជី​ខ្មៅ ហាម​ឃាត់​ មិន​ឲ្យ​ចូល​ទឹក​ដី​ថៃ ព្រោះ​លោក​ស្រី គឺជាថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​ម្នាក់ ក្នុងចំណោម ៩នាក់ ដែល​ត្រូវបាន​រដ្ឋាភិបាលកម្ពុជា ចោទប្រកាន់ពីបទ «ឧបឃាត» ឬ ប៉ុនប៉ងធ្វើរដ្ឋប្រហារ​ផ្តួល​រំលំរដ្ឋាភិបាល​កម្ពុជា ក្រោម​ផែនការ​វិល​ត្រលប់​មក​កម្ពុជាវិញ របស់លោក​សម រង្ស៊ី នៅថ្ងៃទី ៩ខែវិច្ឆិកា។

ក្រសួងការបរទេសកម្ពុជា កាលពីខែមុន បាន​បញ្ជាក់ថា បាន​បញ្ជូនដីកាចាប់ខ្លួនមន្ត្រីជាន់ខ្ពស់​អតីតគណបក្សសង្គ្រោះជាតិ ចំនួន ៩នាក់ រួមមាន​ដូចជា លោក សម រង្ស៊ី និង​ភរិយា​លោក​ស្រី ជូឡុង សូមូរ៉ា, ​លោក អេង ឆៃអ៊ាង, លោក​ស្រី មូរ សុខហួរ, លោក អ៊ូ ចន្ទ័ឫទ្ធិ , លោក ហូរ​ វ៉ាន់, លោក ម៉ែន សុថាវរិន្រ្ទ, លោក នុត រំដួល និង​លោក ឡុង រី ទៅកាន់ប្រទេសជាសមាជិកអាស៊ានទាំងអស់។

ប៉ុន្តែ​នៅពេល​ថ្មីៗនេះ ក្រោយពីការ​មិន​អនុញ្ញាត​ឲ្យ​លោក​ស្រី មូរ សុខហួរ​ ចូល​ក្នុងប្រទេសថៃ មន្ត្រីជាន់ខ្ពស់អតីតបក្ស​ប្រឆាំង បានចេញ​មក​អះអាងជាបន្ត​បន្ទាប់ថា នេះគ្រាន់តែជាការ​ហាម​ឃាត់​បណ្តោះអាសន្ន​របស់អាជ្ញាធរថៃ ហើយពួកគេ​ជឿថា រដ្ឋាភិបាល​ស៊ីវិល​ថៃ នឹង​យក​ចិត្ត​ទុក​ដាក់​លើ​កម្លាំង​អ្នក​ប្រជាធិបតេយ្យ ហើយ​បើក​ផ្លូវ​ឲ្យលោក សម រង្ស៊ី និង​​មន្ត្រី​អតីត​បក្ស​សង្គ្រោះ​ជាតិ បាន​សម្រេច​បំណង ក្នុងការ​​ប្រើប្រាស់​ព្រំដែន​ថៃ ដើម្បី​ដឹក​នាំ​ពលករខ្មែរ​​វិល​ចូល​កម្ពុជា​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ