អានតួអត្ថបទ
កម្ពុជា

គ.ជ.ប.​ប្រកាស​រៀបចំ​បោះឆ្នោត​ព្រឹទ្ធសភា នៅ​ឆ្នាំ​២០១២

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ​.​ជ​.​ប​. បានប្រកាសថា ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៣ នឹង​ត្រូវ​ប្រព្រឹត្តទៅ​នៅ​ថ្ងៃអាទិត្យ ទី​២៩​មករា ឆ្នាំ​២០១២​។ ក្នុង​សេចក្តីប្រកាស គ​.​ជ​.​ប​. ក៏​បាន​បែងចែក​អាសនៈ តាម​ភូមិភាគ​ចំនួន ៨ នៅ​ទូទាំង​ប្រទេស​ផងដែរ​។​

សមាជិក​ព្រឹទ្ធសភា​កម្ពុជា​ ក្នុង​នីតិកាល​ទី២
សមាជិក​ព្រឹទ្ធសភា​កម្ពុជា​ ក្នុង​នីតិកាល​ទី២ ©ព្រឹទ្ធសភា
ផ្សាយពាណិជ្ជកម្ម

02:47

សេចក្តីរាយការណ៍​របស់ លី ម៉េងហួរ ពី​ភ្នំពេញ

​គ​.​ជ​.​ប​. បាន​ចេញ​សេចក្តីជូនដំណឹង​ពី​កាលបរិច្ឆេទ​នៃ​ថ្ងៃ​បោះឆ្នោត​ព្រឹទ្ធសភា នីតិកាល​ទី៣ ដែល​នឹង​ត្រូវ​ធ្វើឡើង នៅ​ថ្ងៃ​អាទិត្យ ទី​២៩​មករា ឆ្នាំ​២០១២​។ ការបោះឆ្នោត​ព្រឹទ្ធសភា​ត្រូវ​ធ្វើឡើង តាម​លក្ខណៈ​អសកល​ ពោលគឺ មាន​តែ​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ចំនួន ១១.៣៥៣នាក់ និង​សមាជិក​រដ្ឋសភា ចំនួន ១២៣រូប ប៉ុណ្ណោះ ជា​អ្នកបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា។

​ក្នុង​សេចក្តីជូនដំណឹង ចុះ​ថ្ងៃ​ទី​១​មីនា គ​.​ជ​.​ប​. ក៏​បាន​កំណត់​​ផងដែរ អំពី​ការ​បែងចែក​អាសនៈ តាម​ភូមិភាគ ចំនួន ៨ សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​សមាជិកព្រឹទ្ធសភា នីតិកាល​ទី​៣។ ចំនួន​អាសនៈ​ទាំងអស់​របស់​ព្រឹទ្ធសភា នីតិកាល​ទី​៣ មាន​ចំនួន ៦១ អាសនៈ ដូច​ចំនួន​អាសនៈ​ព្រឹទ្ធសភា​នា​ពេល​សព្វថ្ងៃ​។ អាសនៈ ដែល​ត្រូវ​បោះឆ្នោត​ជ្រើសតាំង ត្រូវ​កំណត់​ត្រឹមតែ ៥៧ អាសនៈ​ប៉ុណ្ណោះ​។ ចំណែក ២ អាសនៈ ត្រូវ​តែងតាំង​ដោយ​ព្រះមហាក្សត្រ និង​អាសនៈ ២ ទៀត ត្រូវ​ជ្រើសតាំង​ដោយ​រដ្ឋសភា​។​

​សេចក្តីជូនដំណឹង​របស់ គ​.​ជ​.​ប​. បានបង្ហាញ​ថា សម្រាប់​ការបោះឆ្នោត​ព្រឹទ្ធសភា នីតិកាល​ទី៣ នៅ​ភូមិភាគ​ទី​១ (រាជធានី​ភ្នំពេញ) មាន​ចំនួន ៦ អាសនៈ​, ភូមិភាគ​ទី​២ (ខេត្ត​កំពង់ចាម) មាន ៨ អាសនៈ​, ភូមិភាគ​ទី​៣ (ខេត្ត​កណ្តាល) មាន ៥ អាសនៈ​, ភូមិភាគ​ទី​៤ (ខេត្ត​បាត់ដំបង បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ និង​ខេត្ត​ប៉ៃលិន) មាន ១០ អាសនៈ​, ភូមិភាគ​ទី​៥ (ខេត្តតាកែវ កំពត និង​ខេត្ត​កែប) មាន ៧ អាសនៈ​, ភូមិភាគ​ទី​៦ (ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង) មាន ៧ អាសនៈ​, ភូមិភាគ​ទី​៧ (ខេត្ត​កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិសាត់ កោះកុង និង​ខេត្ត​ព្រះសីហនុ) មាន ៨ អាសនៈ និង​ភូមិភាគ​ទី​៨ (ខេត្ត​កំពង់ធំ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី និង​ខេត្ត​មណ្ឌលគិរី) មាន ៦ អាសនៈ​។

​ក្នុង​អាណត្តិ​ទី​១ ព្រឹទ្ធសភា បាន​កើតឡើង​ដោយ​ការតែងតាំង តាមរយៈ​ការជ្រើសរើស​ឥស្សរជន​ជាន់ខ្ពស់​នៃ​គណបក្ស​នយោបាយ ដែល​មាន​អាសនៈ​នៅក្នុង​រដ្ឋសភា នីតិកាល​ទី​២​។ សមាជិក​ព្រឹទ្ធសភា មាន​អាណត្ដិ ៥ ឆ្នាំ និង​បាន​បើក​សម័យប្រជុំ​លើក​ទី​១ នៅ​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​១៩៩៩ និង​បាន​បន្ដ នីតិកាល​របស់​ខ្លួន​ចំនួន​ពីរដង ( ម្ដង​មួយឆ្នាំ )​។ សម្រាប់​នីតិកាល​ទី​២ ព្រឹទ្ធសភា កើតឡើង​ដោយ​ការបោះឆ្នោត​ជា​អសកល​ផង និង​តែងតាំង​ផង មាន​អាណត្ដិ ៦ ឆ្នាំ។ ការបោះឆ្នោត​អសកល ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​២ បាន​ធ្វើឡើង កាលពី​ថ្ងៃ​២២​មករា ឆ្នាំ​២០០៦​។

​ជា​ការកត់សម្គាល់ សមាជិក​ព្រឹទ្ធសភា​សព្វថ្ងៃ មក​តែ​ពី​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​សមរង្ស៊ី​ប៉ុណ្ណោះ​។ គណបក្ស​ទាំង​បី​នេះ​មាន​សមាជិក​ក្រុមប្រឹក្សា​ឃុំ​-សង្កាត់ និង​មាន​សមាជិក​រដ្ឋសភា ដែលជា​អ្នក​បោះឆ្នោត សម្រាប់​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ