អានតួអត្ថបទ
កម្ពុជា-សង្គម

ប៉ូលីស​ជាតិ៖ សន្តិសុខ​ទូទាំង​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ទី១ មាន​ស្ថានភាព​ល្អ​ប្រសើរ​

អាជ្ញាធរ​កម្ពុជា​បាន​បង្រ្កាប​បទ​ល្មើស​មួយ​ចំនួន​នៅ​ទូ​ទាំង​ប្រទេស នៅ​ថ្ងៃ​ទី១៤ មេសា​ម្សិល​មិញ​ដែល​ជា​ថ្ងៃ​ទីមួយ​នៃ​ពិធី​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​។ ប៉ុន្តែ​ទោះ​ជា​បែប​នេះ​ក្តី អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​វាយ​តម្លៃ​ជារួម​ថា សភាពការណ៍​សន្តិសុខ​ទូទៅ​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ទីមួយ​ម្សិល​មិញ​នេះ គឺ​មាន​ស្ថាន​ភាព​ល្អ​ប្រសើរ​។  

អាជ្ញាធរ ត្រួតពិនិត្យសន្តិសុខទូទៅ នៅតំបន់អង្គរ នាឱកាសអង្គរសង្រ្កាន្ត នៅថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០១៨។
អាជ្ញាធរ ត្រួតពិនិត្យសន្តិសុខទូទៅ នៅតំបន់អង្គរ នាឱកាសអង្គរសង្រ្កាន្ត នៅថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០១៨។ @គេហទំព័រ/ អគ្គស្នងការដ្ឋាននគរបាលជាតិ
ផ្សាយពាណិជ្ជកម្ម

លោក​គៀត ច័ន្ទថារិទ្ធ អគ្គស្នងការ​រង​នគរ​បាល​ជាតិ និង​ជា​អ្នក​នាំ​ពាក្យ​ផង បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា នៅ​ថ្ងៃ​ទី​១៤ មេសា ដែល​ជា​ថ្ងៃ​ទីមួយ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ អាជ្ញាធរ​កម្ពុជា​បានបង្រ្កាប​បទ​ល្មើស​ព្រហ្មទណ្ឌ​ចំនួន​៧​លើក​ដោយ​ក្នុង​នោះ​បាន​ឃាត់​ខ្លួន​មនុស្ស​ចំនួន​១៤​នាក់​។ ក្នុង​ចំណោម​បទ​ល្មើស​ព្រហ្មទណ្ឌ​ទាំង​៧​លើក​នេះ មាន​បទឧក្រិដ្ឋ​២​ករណី និង​បទ​មជ្ឈឹម​៥​ករណី​។ ក្រៅ​ពី​នេះ អាជ្ញាធរ​ក៏​បាន​បង្រ្កាប​ការ​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់​មួយ​ករណី និង​បង្រ្កាប​ក្មេង​ទំនើង​ចំនួន​២​ករណី​ផង​ដែរ​។

ចំពោះ​បញ្ហា​គ្រោះ​ថ្នាក់​សង្គម​វិញ បើ​តាម​លោក​គៀត ច័ន្ទថារិទ្ធ ដដែល គឺ​បាន​កើត​ឡើង​ចំនួន​៣០​លើក​រួមមាន​ គ្រោះថ្នាក់​ចរាចរ​ផ្លូវ​គោក​បាន​កើត​ឡើង​១៤លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៦​នាក់ និង​របួស​ធ្ងន់ ស្រាល២៥នាក់។ ចំណែក​បញ្ហា​អគ្គិភ័យ​បាន​កើត​មាន​៤​លើក ដោយ​ឆេះ​ផ្ទះ​៤​ខ្នង​។ ខ្យល់​កន្រ្តាក់​កើត​ឡើង​១​លើក​ខូច​ខាត​ផ្ទះ​៦​ខ្នង​។ ករណី​ធ្វើ​អត្តឃាត​កើត​ឡើង​៧​លើក ស្លាប់​៧​នាក់ និង​លង់​ទឹក​ស្លាប់​២​នាក់​។ រី​ឯ​ការ​បង្រ្កាប​បទ​ល្មើស​គ្រឿង​ញឿន​វិញ មាន​៤​ករណី​ ឃាត់​ខ្លួន​មនុស្ស​ចំនួន​៤​នាក់​។ បើ​ទោះ​បី​មាន​បទ​ល្មើស​កើត​ឡើង​ដូច​នេះ​ក៏​ដោយ ក៏​លោក​គៀត ច័ន្ទថារិទ្ធ បាន​វាយ​តម្លៃ​ជា​រួម​ថា សភាពការណ៍​សន្តិសុខ​នៅ​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ទីមួយ​នេះ មាន​ស្ថានភាព​ល្អ​ប្រសើរ​។

ដោយ​ឡែក​ចំពោះ​ស្ថានភា​ពសន្តិសុខ​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ទី​មួយ​នេះ​ដែរ តែ​នៅ​អង្គរ​សង្រ្កាន្ត​នា​ខេត្ត​សៀមរាប​ឯណោះ​វិញ ក៏​មាន​សភាពការណ៍​ល្អ​ប្រសើរ​ដូច​គ្នា​ផង​ដែរ​។ នេះ​បើ​តាមរបាយការណ៍​របស់​លេខាធិការដ្ឋាន​នៃគណៈ​បញ្ជា​ការ​ការពារ​ពិធី​បុណ្យ​អង្គរ​សង្ក្រាន្ត។ បើ​តាម​របាយការណ៍​ដដែល សភាពការណ៍​បទ​ល្មើស​ព្រហ្មទណ្ឌ​ពុំ​មាន​អ្វី​កើត​ឡើង​គួរ​កត់​សម្គាល់​ ហើយ​សភាពការណ៍​គ្រោះ​ថ្នាក់​សង្គម​ក៏​ពុំ​មាន​អ្វី​កើត​ឡើង​គួរ​កត់សម្គាល់​ផង​ដែរ​។

និយាយ​ពី​បញ្ហា​ទេសចរណ៍​វិញ គឺ​នៅ​ថ្ងៃ​ដំបូង​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ មាន​ភ្ញៀវ​ទេសចរ​ជាតិ ​និង​អន្តរជាតិ​ប្រមាណ​១​លាន​៨​ម៉ឺន​នាក់​ បាន​ដើរ​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​នានា​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។ ចំនួន​នេះ​បើ​តាម​ការ​ប្រៀប​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​ គឺ​បាន​កើន​ឡើង​២៦.២៥ ភាគរយ។ ​បើតាម​លោក​ថោង ខុន ដែល​ជា​រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍​កម្ពុជា ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​ប្រមាណ​ជាង​១លាន​៨​ម៉ឺន​នាក់​នេះ មាន​ភ្ញៀវទេសចរជាតិ​ប្រមាណ​ជាង​១​លាន​៥​ម៉ឺន​នាក់ និង​ភ្ញៀវទេសចរ​បរទេស​មានប្រមាណ​ជាង​២​ម៉ឺន​នាក់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ