rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា បោះឆ្នោត

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

លទ្ធផលផ្លូវការរបស់គ.ជ.ប៖CPPឈ្នះដាច់ទាំង៥៨អាសនៈរបស់ព្រឹទ្ធសភា

media
លោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប ពេលចុះ​ពិនិត្យ​​ការិយាល័យ​បោះ​ឆ្នោត​ព្រឹទ្ធសភា @RFI

លទ្ធផល​ផ្លូវ​ការ​នៃ​ការ​បោះឆ្នោត​អសកល​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា ​នីតិកាល​ទី​៤ ​ត្រូវបាន​ប្រកាស​​ដោយ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​នៅថ្ងៃសៅរ៍នេះ។​ គឺ​ជា​លទ្ធផល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ដាច់​ដោយ​​ស្រូប​យក​អាសនៈ​ទាំង​៥៨​របស់​ព្រឹទ្ធសភា​តែ​ម្តង​ ខណៈ​គណបក្ស​សង្រ្គោះជាតិ​ដែល​ជា​គូរ​ប្រជែង​ដែល​មាន​សំឡេង​គាំទ្រ​​ប្រកៀក​ប្រកិត​គ្នា​នោះ ត្រូវ​បាន​រំលាយ​ចោល​តាំង​ពី​មុន​ចូល​ប្រកួត​។


ភ្លាមៗ​ក្រោយ​ប្រកាស​របស់​គជប គណបក្ស​ប្រជាជន​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​​ប្រកាស​ជា​ឧឡារិក​ថា​ទទួល​លទ្ធផល​នេះ ហើយ​អះអាងថា​ព្រឹទ្ធសភា​ដែល​ដឹកនាំ​ដោយ​​គណបក្ស​នេះ​នឹង​ប្រតិបត្តិ​យ៉ាង​ម៉ឺងម៉ាត់​នូវ​រដ្ឋធម្មនុញ្ញ។

លើសពីនេះទៀត ក្នុង​សេចក្តី​ថ្លែងការណ៍ចំនួន​២ទំព័រ​នោះ គណបក្សកាន់អំណាច​ចាស់​វស្សាមួយ​នេះ​បានអះអាងថាព្រឹទ្ធសភា នីតិកាលទី៤ នឹង​ខិតខំអស់​ពី​លទ្ធភាព​ក្នុង​ពង្រឹង​ពង្រីក លទ្ធិ​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោមជាតិ សំដៅការពារ​សន្តិភាព និង​បូរណភាពទឹកដីកម្ពុជា។

សូមបញ្ជាក់ថា ការ​​បោះឆ្នោត​ព្រឹទ្ធសភានេះ​ គឺមានគណបក្សចំនួន៤ចូលរួមប្រកួត ​រួមមាន គណបក្ស​ប្រជាជន​កម្ពុជា​​ គណបក្ស​ហ្វ៊ិន​ស៊ិន​ប៉ិច​ របស់​​សម្តេច ក្រុម​​ព្រះនរោត្តម រណឬទ្ធិ និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​​អតីត របស់ លោក ញឹក ប៊ុនឆៃ រួមទាំង​ ​គណបក្សយុវជនកម្ពុជា របស់​​លោក ពេជ្រ ស្រស់។ ប៉ុន្តែជាលទ្ធផលគឺមានតែគណបក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះ ដែលឈ្នះអាសនៈទាំង​អស់​របស់​ព្រឹទ្ធសភាចំនួន៥៨ ដោយ​មិនរាប់​បញ្ចូល​អាសនៈ​ចំនួន៤ទៀត ដែល២អាសនៈ​ត្រូវបាន​តែង​តាំង​ដោយព្រះមហាក្សត្រ និង​២អាសនៈទៀតតែងតាំងដោយ​រដ្ឋសភានោះ។

ក៏ប៉ុន្តែអតីតគណបក្សសង្រ្គោះជាតិ​ដែល​នៅតែ​ចាត់​ទុក​ខ្លួន​ឯងថា​ ស្រប​ច្បាប់នោះ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ទាត់​ចោល​លទ្ធផល​បោះឆ្នោត​ព្រឹទ្ធសភានេះ ​តាំងពី​មុន​ប្រកាស​លទ្ធផលមក​ម៉្លេះ។

ហេតុផល ទី១. គឺអតីតបក្សប្រឆាំងនេះ ចាត់ទុក​សមាសភាព​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​កើតឡើង​ដោយ​មិន​ស្របច្បាប់ និង​ផ្ទុយ​ពី​ស្មារតី​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា។ ទី២. ពួកគេ​ចាត់ទុកថា អង្គ​បោះឆ្នោត​ដែលជា​តំណាងរាស្ត្រ​និង​ក្រុមប្រឹក្សាឃុំ-សង្កាត់​ចំនួន៥.០៦២រូប ពុំមែន​ជា​តំណាង​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ដែល​កើតចេញពី​ការបោះឆ្នោត​ជ្រើសតាំង​ដោយផ្ទាល់​ពី​ប្រជាពលរដ្ឋ​ឡើយ។ និង​ទី៣. គឺដោយសារតែ​អវត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ ដែលគណបក្សជាគូ​ប្រជែង​ដ៏ខ្លាំងក្លានេះ ​ត្រូវបាន​តុលាការ​កំពូល​កម្ពុជា​រំលាយចោល​តាំងពី​ខែ វិច្ឆិកា ឆ្នាំ២០១៧៕