អានតួអត្ថបទ
កម្ពុជា

ក្រសួង​ធន​ធាន​ទឹក ព្យាករណ៍​ថា ភ្លៀង​នឹង​បន្ត​ធ្លាក់​នៅ​ក្រប​ខណ្ឌ​ទូ​ទាំង​ប្រទេស​ចាប់​ពី​ថ្ងៃ​ស្អែក

ភ្លៀង​នឹង​បន្ត​ធ្លាក់​រាយ​ប៉ាយ​នៅ​ទូទាំង​ប្រទេស ចាប់​ពី​ថ្ងៃ​ស្អែក ខណៈ​កម្ពស់​ទឹក​ទន្លេ​មេគង្គ​លើ នឹង​បន្តហក់​ឡើង ប៉ុន្តែ​មិន​ទាន់​ដល់​ចំណុច​ប្រកាស​អាសន្ន​នោះ​ទេ។ ចំណែក​តំបន់​មាត់​សមុទ្រ​វិញ ក្រសួងធន​ធាន​ទឹក និង​ឧតុនិយម ក្រើន​រំឮក​ឲ្យ​ពលរដ្ឋ ពិសេស​ប្រជា​នេសាទ​ឲ្យ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដោយ​សារ​តែភ្លៀង​នឹង​នៅ​តែ​បន្ត​ធ្លាក់ និង​មាន​រលកធំ​ៗ​លើ​ផ្ទៃ​សមុទ្រ​។

ភ្លៀងធ្លាក់នៅក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០១៧។
ភ្លៀងធ្លាក់នៅក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០១៧។ @FB/ក្រសួងធនធានទឹក
ផ្សាយពាណិជ្ជកម្ម

អ្នក​នាំ​ពាក្យ​ក្រសួង​ធន​ធាន​ទឹក លោក ចាន់ យុត្ថា បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ថា ចាប់​ពី​ថ្ងៃ​ទី ២៤ ដល់ថ្ងៃទី២៦ កក្កដា ឥទ្ធិពល​ប្រព័ន្ធ​សម្ពាធ​ទាប​នឹង​គ្រប​ដណ្តប់​នៅ​ក្រប​ខណ្ឌ​ទូ​ទាំង​ប្រទេស។ ឥទ្ធិពល​ប្រព័ន្ធ​សម្ពាធ​ទាប​នេះ នឹង​ធ្វើ​ឲ្យ​កម្ពស់​ទឹក​នៅ​ខេត្ត​អម​សង​ខាង​ទន្លេ​មេគង្គ​លើ​ ដូច​ជា ខេត្ត​ស្ទឹង​ត្រែង ក្រចេះ និង កំពង់​ចាម នឹង​ហក់​ឡើង​វិញ បន្ទាប់​ពី​បាន​ស្រក​ចុះ​រយៈពេល​ពីរ​បី​ថ្ងៃ​ចុង​ក្រោយ​នេះ​។

ចំណែក​ខេត្ត​នៅ​ជាប់​តំបន់​មាត់​សមុទ្រ ដូច​ជា​ខេត្ត​ព្រះសីហនុ កោះកុង កែប និង​កំពត នឹង​នៅ​តែ​បន្តធ្លាក់​ភ្លៀង​ក្នុង​បរិមាណ​ច្រើន ផ្ទៃ​មេឃ​អួរ​អាប់ ហើយ​នៅ​លើ​ផ្ទៃ​សមុទ្រ​នឹង​មាន​រលក​ធំ​ៗ​។ យ៉ាង​ណា​ក៏ដោយ ឥទ្ធិពល​ប្រព័ន្ធ​សម្ពាធ​ទាប​នេះ នឹង​មិន​បណ្តល​ឲ្យ​មាន​ខ្យល់​កន្រ្តាក់ ឬ​ព្យុះ​នោះ​ទេ។ ក្រសួង​ធន​ធាន​ទឹក បាន​ព្យាករណ៍​ទៀត​ថា កម្ពុជា​នឹង​មិន​មាន​កូន​រដូវ​ប្រាំង​ទេ នៅ​ក្នុង​រដូវ​វស្សា​ឆ្នាំ​នេះ។

ប្រឈម​នឹង​បញ្ហា​នេះ ក្រសួង​ធន​ធាន​ទឹក បានអំ​ពាវនាវ​ឲ្យ អាជ្ញាធរ​ដែន​ដី និង​ប្រជាជន​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ ចំពោះ​ស្ថាន​ភាព​ទឹក​ទន្លេ ដែល​បន្តហក់​ឡើង​នេះ និង​រួស​រាន់​ប្រមូល​កសិផល​ឲ្យ​បាន​ទាន់​ពេល​វេលា​។ ចំណែក​នៅ​តំបន់​មាត់​សមុទ្រ​វិញ អាជ្ញា​ធរ​ក៏​បានក្រើន​រំឮក​ប្រជា​នេសាទ និង​អ្នក​ធ្វើ​ដំណើរ​តាម​សមុទ្រ​ទាំង​អស់​ឲ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​បំផុត​

សូម​បញ្ជាក់​ឥទ្ធិពល​ប្រព័ន្ធ​សម្ពាធ​ទាប​នេះ កើត​ឡើង​បន្ទាប់​ពី​កម្ពុជា បាន​រង​ឥទ្ធិពល​កូន​ព្យុះ​តាឡាស ដែល​ជា​ព្យុះ​ទី​៤ ប្រ​ចាំ​ឆ្នាំ​ ២០១៧​ ។ សម្រាប់​កម្ពុជា មក​ទល់​ពេល​នេះ​ឥទ្ធិពលកូន​ព្យុះ​តា​ឡាស​ បានអស់​ទៅ​វិញ​ហើយ ប៉ុន្តែ​ឥទ្ធិពល​កូន​ព្យុះ​នេះ នៅ​តែ​បន្ត​កើត​ឡើង​នៅ​អាង​ទន្លេ​មេគង្គ ក្នុង​ប្រទេស​ថៃ និង​ប្រទេស​ឡាវ។

ឥទ្ធិពល​កូន​ព្យុះ​តាឡាស ​បាន​បណ្តាល​ឲ្យ​មាន​ជំនន់​ទឹក​ភ្លៀង​នៅ​ខេត្ត​មួយ​ចំនួន​ ដូច​ជា ខេត្ត​ព្រៃវែង ត្បូង​ឃ្មុំ ខេត្ត​ស្វាយរៀង និង​ខេត្ត​នៅ​តំបន់​មាត់​សមុទ្រ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ