តុលាការក្រុងភ្នំពេញសម្រេចចោទប្រកាន់ លោក ញឹក ប៊ុនឆៃ ពីរបទល្មើស និងបញ្ជូនទៅមណ្ឌលឃុំខ្លួនបណ្តោះអាសន្ន
អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃនេះ បានសម្រេចចោទប្រកាន់លោក ញឹក ប៊ុនឆៃ អតីតទីប្រឹក្សារដ្ឋាភិបាលមានឋានៈស្មើឧបនាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សខ្មែររួបរួមជាតិ ចំនួនពីរករណី។ ទីមួយ គឺបទសមគំនិតក្នុងបទផលិតគ្រឿងញៀន និងទីពីរ បទនាំចូលសារធាតុផ្សំគ្រឿងញៀន។ អយ្យការអមសាលាដំបូងរាជធានី បញ្ជាក់ថា ការចោទប្រកាន់ធ្វើឡើងដោយផ្អែកលើ ឯកសារ ភស្តុតាងនៅក្នុងសំណុំរឿង និងការស្រាវជ្រាវរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ រហូតមកទល់ល្ងាចថ្ងៃអាទិត្យនេះ លោក ញឹក ប៊ុនឆៃ ត្រូវបាននាំខ្លួនពីសាលាដំបូងរាជធានីភ្នំពេញហើយបញ្ជូនទៅមណ្ឌលឃុំខ្លួនដើម្បីចាត់ការបន្តតាមនីតិវិធី ។ នេះបើតាមលោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ក្រោយពីសម្រេចចោទប្រកាន់ លោក ញឹក ប៊ុនឆៃ ចំនួនពីរបទល្មើសខាងលើហើយ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបញ្ជូនសំណុំរឿងរបស់លោក ទៅចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនិតិវិធី។ លោក ញឹក ប៊ុនឆៃ ត្រូវបានចោទប្រកាន់ថា បានសមគំនិតក្នុងការផលិតគ្រឿងញៀនខុសច្បាប់ និងនាំចូលសារធាតុផ្សំគ្រឿងញៀន ដែលបានប្រព្រឹត្តនៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ១ ខែមេសា ឆ្នាំ២០០៧។ ជាសំណុំរឿងចាស់តាំងពី១០ឆ្នាំមុន តែទើបត្រូវបានតុលាការក្រុងភ្នំពេញ សម្រេចនាំខ្លួនលោក ញឹក ប៊ុនឆៃ ទៅសួរចម្លើយកាលពីថ្ងៃទី ៥ សីហា ។
សូមរំឮកជូនថា កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០០៧ សមត្ថកិច្ចបានឆែកឆេរទីតាំងចិញ្ចឹមគោមួយកន្លែង ស្ថិតនៅក្នុងភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងបានរកឃើញឧបករណ៍ផលិត និងសារធាតុផលិតគ្រឿងញៀន រហូតឈានទៅដល់ការឃាត់ខ្លួនជនជាតិខ្មែរ ចិន និងថៃ។ ក្រោយមកតុលាការបានសម្រេចផ្តន្ទាទោសទណ្ឌិត ជា ជុង; ជិន ធានវិន; ឆាយ ខាំងស៊ី; ឆះ ណាក់ស៊ី; ស៊ីវ ទី; វ៉ាន់ យ៉ាន់ និង គួង ដាក់ពន្ធនាគារក្នុងម្នាក់ៗកំណត់ទោសពី២៥ឆ្នាំ ដល់មួយជីវិត ពីបទផលិតគ្រឿងញៀន និងនាំចូលសារធាតុសម្រាប់ផ្សំគ្រឿងញៀន តាមមាត្រា២.២ថ្មី និងមាត្រា ៣៨.១ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
រហូតដល់ថ្ងៃទី២៤ កក្កដា ឆ្នាំ ២០១៧ ទណ្ឌិតឈ្មោះ ជា ជុង តាមរយៈលិខិតមួយច្បាប់ បានបរិហារៀបរាប់ឈ្មោះមេក្លោងផលិតគ្រឿងញៀនជាជនជាតិចិនមួយចំនួន ដែលក្នុងនោះមានចំណុចពាក់ព័ន្ធនឹងលោក ញឹក ប៊ុនឆៃ នៅក្នុងសំណុំរឿងកាលពីឆ្នាំ២០០៧។ ទណ្ឌិត ជា ជុង ក៏បានស្នើសុំឲ្យអគ្គនាយកដ្ឋានពន្ធនាគារ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ជួយរកយុត្តិធម៌ និងបរិហារឡើងវិញអំពីសំណុំរឿងគ្រឿងញៀន ។
យ៉ាងណាក៏ដោយ រហូតមកទល់ពេលនេះ មានតែទណ្ឌិត ជា ជុង,ឆាយ ខាំងស៊ី ,ឆះ ណាក់ស៊ី និង វ៉ាន់ យ៉ាន់ កំពុងអនុវត្តទោសនៅពន្ធនាគារ ។ ចំណែកជនល្មើសឈ្មោះ គួង និងជនជាតិចិនផ្សេងទៀត ដែលបានគេចខ្លួននោះ សមត្ថកិច្ចកំពុងតាមចាប់ខ្លួនមកផ្តន្ទាទោសតាមច្បាប់។ នេះបើតាមសេចក្តីថ្លែងការណ៍របស់តុលាការក្រុងភ្នំពេញ។
សូមបញ្ជាក់ថា មុនការសម្រេចចោទប្រកាន់នេះដែរ លោក ញឹក ប៊ុនឆៃ ក៏ត្រូវបានព្រះមហាក្សត្រដកតួនាទីជាទីប្រឹក្សារាជរដ្ឋាភិបាល មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី បន្ទាប់ពីលេចធ្លាយដំណឹងថា លោកចង់បង្កើតសម្ព័ន្ធភាពជាមួយគណបក្សសង្គ្រោះជាតិ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ