អានតួអត្ថបទ
កម្ពុជា-បោះឆ្នោត

គជប​៖ ​ទោះ​បី​អ្នក​ទៅ​បោះ​ឆ្នោត​ក្រោម​៣០​%​ក៏​មិន​អាច​បដិសេធ​លទ្ធផល​បោះឆ្នោត​បាន​ឡើយ​

ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ហៅ​កាត់​ថា ​(​គ​.ជ​.ប​)​ បាន​អះអាង​ថា​ ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​២៩​ខែ​កក្កដា​ឆ្នាំ​២០១៨​ខាងមុខ​នេះ ​បើ​ទោះបីជា​ពលរដ្ឋ​ចេញ​ទៅ​បោះឆ្នោត​បាន​ក្រោម​៣០​% ​ក៏​ដោយ​ ក៏​គេ​មិន​អាច​បដិសេធ​ចំពោះ​លទ្ធផល​បោះឆ្នោត​ជា​ស​កល​នេះ​បាន​ឡើយ​។​ ក៏​ប៉ុន្តែ​អ្នក​ឃ្លាំមើល​ការ​បោះឆ្នោត​វិញ ​យល់ថា ​ប្រសិន​បើ​អ្នក​ចេញទៅ​បោះឆ្នោត​មាន​ចំនួន​ថយចុះ​ច្រើន​ជាង​ការ​បោះឆ្នោត​លើក​មុន​ៗ ​គឺ​បង្កើត​ឲ្យ​មាន​បញ្ហា​ខ្វះ​ភាព​ស្របច្បាប់​ជា​តំណាង​។

លោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប ពេលចុះ​ពិនិត្យ​​ការិយាល័យ​បោះ​ឆ្នោត​ព្រឹទ្ធសភាកន្លងមក
លោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប ពេលចុះ​ពិនិត្យ​​ការិយាល័យ​បោះ​ឆ្នោត​ព្រឹទ្ធសភាកន្លងមក @អ៊ឹង ប៊ុនថន
ផ្សាយពាណិជ្ជកម្ម

លោក ​ស៊ិ​ក ប៊ុន​ហុក ប្រធាន​គជប​ បាន​អះ​អា​ថា តាម​ការ​ស្រាវជ្រាវ​រប​ស់​លោក ​គ្មាន​ច្បាប់​ប្រទេស​ណា​កំណត់​ពី​ចំនួន​អ្នក​ចេញ​ទៅ​បោះឆ្នោត​ថា​ប៉ុន្មាន​ភាគរយ​ទើប ​ការ​បោះឆ្នោត​នោះ​អាច​យក​ជា​ការ​បាន​នោះទេ​។ ​ដូច្នេះ​ លោក ស៊ិ​ក ប៊ុន​ហុក បាន​គូស​បញ្ជាក់ថា ​បើ​ទោះបីជា​អ្នក​ចេញទៅ​បោះឆ្នោត​បាន​ក្រោម​៣០​%​ក៏​ដោយ ក៏​គ្មាន​អ្នកណា​អាច​បដិសេធ​លទ្ធផល​បោះឆ្នោត​នេះ​បានឡើយ​។ ​នេះ​គឺជា​ការ​ឆ្លើយតប​នឹង​សំណួរ​របស់​អ្នក​កាសែត នៅក្នុង​កិច្ចប្រជុំ​មួយ​នៅថ្ងៃនេះ​ ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាក់ទង​នឹង​ការ​ចុះឈ្មោះ​គណបក្ស​នយោបាយ ​និង​នីតិវិធី​នៃ​ការរៀបចំ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ​នៅ​ថ្ងៃទី​២៩​ខែ​កក្កដា​ខាងមុខ​។

ការ​ឆ្លើយតប​របស់​ប្រធាន ​គ.​ជ.​ប ​នៅ​ពេលនេះ ក៏​ស្របពេល ​ដែល​នាយក​អង្គការ​ឃ្លាំ​ការបោះឆ្នោត​មួយ​ហៅ​កាត់​ថា ​ខុមហ្វ្រែល ​បាន​ធ្វើ​ការ​វិភាគ​ពី​ចំនួន​អ្នក​ចេញទៅ​បោះឆ្នោត​នៅ​អាណត្តិ​នេះ​ថា ​អាច​មាន​ចំនួន​តិច ​ប្រសិនបើ​ពុំមាន​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ទេ​នោះ​។

លោក ​គល់ បញ្ញា ​នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​មួយ​ហៅ​កាត់​ថា ​ខុមហ្វ្រែល បាន​លើក​ឡើង​ថា ​ការ​ចេញទៅ​បោះឆ្នោត​មាន​ចំនួន​ក្រោម ៥០% គឺ​បង្កើតជា​បញ្ហា​ស្តីអំពី​ការខ្វះ​ភាព​ស្របច្បាប់​ជា​តំណាង​។

ផ្ទុយ​ទៅវិញ ​បើតាម ​លោក ​គល់ បញ្ញា ​ក៏​មិន​ត្រឹមត្រូវ​ដែរ​ទោះបី​អ្នក​ចេញមក​បោះឆ្នោត​រហូត​ជិត​១០០​% ​ប៉ុន្តែ​ត្រូវបាន​ធ្វើឡើង​ដោយ​បង្ខំ ហើយ​នៅក្នុង​ការ​បោះឆ្នោត​គ្មាន​ការ​ប្រកួតប្រជែង​ពី​គណបក្ស​ដែល​ខ្លាំង​ៗ ​និង​មិន​សេរី ដូច​ការ​បោះឆ្នោត​នៅ​ប្រទេស​កូរ៉េ​ខាងជើង​ជាដើម​នោះ​។

សូម​បញ្ជាក់​ថា ការ​បោះឆ្នោត​ដែល​កម្ពុជា​រៀបចំ​ដោយ​ខ្លួន​ឯង កាល​ពី​ថ្ងៃ​ទី​២៦​កក្កដា​១៩៩៨ចំនួន​អ្នក​ទៅ​បោះឆ្នោត​មាន​រហូត​ជាង​៩៣​% តែ​វា​បាន​ថយចុះ​ជា​បន្ត​បន្តបន្ទាប់​ដោយ ​ការ​បោះឆ្នោត​ឆ្នាំ​២០០៣ ​អ្នក​ទៅ​បោះឆ្នោត​មាន​ជាង​៨៣​% ​ខណៈ​២០០៨​ បាន​ថយ​មក​នៅ​ជាង​៧៥​% ហើយ​បន្ត​ធ្លាក់​មក​សល់​តែ​ជាង​៦៩​% កាល​ពី​ឆ្នាំ​២០១៣​។​ ប៉ុន្តែ​សម្រាប់​ការបោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០១៧​ថ្មី​ៗ​នេះ ​ចំនួន​អ្នក​បោះឆ្នោត​គឺ​បាន​កើន​វិញ​រហូតដល់​ជាង​៩០​%​ឯណោះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ