កម្ពុជាប្រារព្ធខួប៥ឆ្នាំនៃការសោយទិវង្គតរបស់ព្រះបាទនរោត្តមសីហនុ
ពិធីគោរពព្រះវិញ្ញាណក្ខន្ធសម្ដេចព្រះបាទ នរោត្តម សីហនុ គម្រប់ខួប៥ ឆ្នាំ នៅឆ្នាំនេះ ត្រូវបានប្រារព្ធធ្វើឡើងដូចរៀងរាល់ឆ្នាំដែរ។ ស្ថាប័នជាតិ រួមទាំងថ្នាក់ដឹកនាំកំពូលៗ ព្រឹទ្ធសភា រដ្ឋសភា និងរដ្ឋាភិបាល គ្រប់ក្រសួងមន្ទីរ បានដាក់វេនគ្នា ដើម្បីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ នៅវិមានតម្កល់ព្រះបរមរូប ខាងកើតវិមានឯករាជ្យ នៅព្រឹកថ្ងៃទី១៥ខែតុលានេះ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០៣:០៤
ក្រៅពីនេះ នៅតាមបណ្តាផ្លូវ វិថី និង ស្ថាប័ន សំខាន់ៗនៅក្នុងរាជធានីភ្នំពេញ និង នៅតាមបណ្តាខេត្តនានា ក៏មានផងដែរ ការដាក់តាំងព្រះបរមឆាយាល័ក្ខណ៍របស់ព្រះអង្គ ដោយមានភ្លើងពណ៍បំភ្លឺ និង តុបតែងលម្អទង់ជាតិ បដា ពាក្យស្លោក និង ទង់ជាតិព្រះរាជាណាចក្រកម្ពុជាដូចឆ្នាំមុនៗដែរ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅព្រឹកថ្ងៃទី១៥ ខែតុលានេះ បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោក រំលឹកពីស្នាព្រះហស្ថរបស់ ព្រះបរមរតនកោដ្ឋ តួយ៉ាងដូចជាព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យពីប្រទេសបារាំងនាថ្ងៃទី៩ ខែវិច្ឆកា ឆ្នាំ១៩៥៣ជាដើម។
គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិនៅថ្ងៃទី១៤តុលា បានប្រារព្វខួប៥ឆ្នាំ នៃការយាងសោយទីវង្គតនៃអតីតព្រះមហាក្សត្រនរោត្តម សីហនុ។ ក្នុងនោះ គណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិចបានរៀបចំពិធីនេះ ក្រោមវត្តមានព្រះប្រធានគណបក្ស ហ្វ៊ុនស៊ិនប៉ិច សម្តេចក្រុមព្រះ នរោត្ត រណឫទ្ធិនៅទីតាំងបរិវេណព្រះរាជដំណាក់ ក្នុងបុរីទន្លេបាសាក់។ ចំណែកគណបក្សខ្មែររួបរួមជាតិវិញ បានប្រារព្វពិធីនេះ នៅទីស្នាក់ការកណ្តាលរបស់ខ្លួន នៅសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
គណបក្សសង្គ្រោះជាតិ ដែលធ្លាប់រៀបចំពិធីគោរពវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ ជារៀងរាល់ឆ្នាំ នៅឆ្នាំនេះមិនបានប្រារព្ធពិធីធំដុំអ្វីនោះទេ។ មន្ត្រីជាន់ខ្ពស់គណបក្សនេះអះអាងថាមន្ត្រីរបស់គណបក្សសង្រ្គោះជាតិ បានគោរពព្រះវិញ្ញាណក្ខន្ធរបស់អតីតព្រះមហាក្សត្រនៅក្នុងដួងចិត្តរូចហើយ និងម្យ៉ាងបក្សប្រឆាំងកំពុងតែទទួលរងគំនាបនយោបាយ មន្ត្រីបក្សក្នុងប្រទេសមានគ្នាតិច និងមន្ត្រីខ្លះបានចុះមូលដ្ឋាន។
សូមបញ្ជាក់ថា ព្រះករុណា ព្រះបាទសម្តេចនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និង ឯកភាពជាតិ បានប្រសូតនៅថ្ងៃទី ៣១ ខែ តុលា ឆ្នាំ១៩២២ និង បានយាងចូលទិវង្គតកាលពីថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១២ នៅទីក្រុងប៉េកាំង ប្រទេសចិន ក្នុងព្រះជន្មាយុ ៩០ ព្រះវស្សា។
អតីតព្រះមហាក្សត្រ សម្តេចព្រះនរោត្តម សីហនុ គឺជាឥស្សរជនលេចធ្លោបំផុត ក្នុងឆាកនយោបាយកម្ពុជា ក្នុងរយៈកាលប្រមាណជា ៧ទសវត្សរ៍កន្លងទៅ។ អតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ ទ្រង់គ្រងរាជបល្ល័ង្ករហូតដល់ទៅ ២លើក ហើយបានដាក់រាជ្យ ២លើក ទ្រង់គឺជាតួអង្គ និងជាសាក្សីដ៏ចម្បងបំផុត នៃប្រវត្តិសាស្រ្តខ្មែរសម័យទំនើប រាប់ចាប់តាំងពីកម្ពុជាស្ថិតក្រោមអាណានិគមបារាំង សម័យរុងរឿងក្រោយឯករាជ្យ ទំព័រខ្មៅងងឹតនៃរបបខ្មែរក្រហម រហូតដល់យុគសម័យសន្តិភាព ការផ្សះផ្សារជាតិ និងការបង្កើតរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ នៅក្នុងទសវត្សរ៍ទី៩០។ ស្នាព្រះហស្តរបស់ព្រះបរមរតនកោដ្ឋ ដែលគេមិនអាចបំភ្លេចបានមួយទៀត គឺព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យពីប្រទេសបារាំង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ