អានតួអត្ថបទ
កម្ពុជា-ព្រំដែន

ក្រោយ​ជំនួប​កំពូល​ទ្វេ​ភាគី៖ ភាគី​ឡាវ យល់​ព្រម​ដក​កង​ទ័ព​ចេញ​ពី​ទឹក​ដី​កម្ពុជា

លោក​នាយក​រដ្ឋ​មន្រ្តី​ឡាវ ថោងលន់ ស៊ីស៊ូលីត នៅ​ព្រឹក​នេះ បាន​ប្រកាស យល់​ព្រម​ដក​កង​ទ័ព​ចេញ​ពីទឹក​ដី​កម្ពុជា​ឲ្យ​អស់ មិន​លើស​ព្រឹក​ថ្ងៃ​អាទិត្យ​ស្អែក​។ ការ​ថ្លែង​យ៉ាង​ដូច្នេះ​ធ្វើ​ឡើង​នៅ​ក្នុង​សន្និ​សីទ​សារព័ត៌​មាន​ខ្លី​រួម​គ្នា នៅ​ព្រឹក​ថ្ងៃ​សៅរិ៍នេះ ពី​ទីក្រុង​វៀង​ចន្ទ ប្រទេស​ឡាវ​។

ជំនួបទ្វេភាគី កម្ពុជា- ឡាវ ដើម្បីដោះស្រាយបញ្ហាព្រំដែន នៅព្រឹកថ្ងៃទី ១២ ខែសីហា ឆ្នាំ២០១៧។
ជំនួបទ្វេភាគី កម្ពុជា- ឡាវ ដើម្បីដោះស្រាយបញ្ហាព្រំដែន នៅព្រឹកថ្ងៃទី ១២ ខែសីហា ឆ្នាំ២០១៧។ @FB/PM Hun Sen
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សន្និ​សីទ​សារ​ព័ត៌មាន​នៅ​ព្រឹក​នេះ លោក​នាយក​រដ្ឋ​មន្រ្តី​បាន​បញ្ជាក់​ពី​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​លោក​ខក​ខាន​មិន​បាន​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ភាគី​កម្ពុជា​ទាន់​ពេល​វេលា ដោយ​សារ​តែ លោក មិន​បាន​ទទួល​លិខិត​របស់​ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា ដែល​ផ្ញើ​ទៅ​កាន់លោក តាំង​ពី​ថ្ងៃទី ២ សីហា។ យ៉ាង​ណា​ក៏​ដោយ ប្រមុខ​រដ្ឋាភិបាល​ឡាវ បាន​អបអរ​សាទរ​ចំពោះ​វត្ត​មាន​យ៉ាង​បន្ទាន់​របស់ លោក ហ៊ុនសែន នៅ​លើ​ទឹក​ដី​ឡាវ ក្នុង​ថ្ងៃ​សៅរិ៍​នេះ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​។ តាម​រយៈ​ជំនួប​ទ្វេ​ភាគី​នា​ពេល​នេះ លោក ថោងលន់ ស៊ីស៊ូលីត បាន​យល់​ព្រម​ដក​កម្លាំង​ចេញ​ពីទឹក​ដី​កម្ពុជា ដោយ​សុំ​ទុក​ពេល​មួយ​ថ្ងៃ​ឲ្យ​កង​កម្លាំង​ប្រមូល​សម្ភារៈ ហើយ​ចាក​ចេញ​ឲ្យ​អស់​យ៉ាង​យូរ ត្រឹម​ព្រឹក​ថ្ងៃអាទិត្យ​ ទី១៣ សីហា។

ជា​ការ​ឆ្លើយ​តប លោក​នាយករដ្ឋ​មន្រ្តី​ហ៊ុន សែន បាន​សម្តែង​ការ​សាទរ​និង​អរគុណ​លោក​នាយករដ្ឋមន្រ្តី​ឡាវ ដែល​បាន​យល់​ព្រម​ដក​ទ័ព​ចេញ​ពី​តំបន់​អូ​អា​ឡៃ និង​តំបន់​អូរ​តា​ង៉ាង ស្រុក​សៀងប៉ាង ខេត្តស្ទឹង​ត្រែង ដើម្បី​សម្រួល​ស្ថាន​ការណ៍​វិញ។ ទន្ទឹម​គ្នា​នេះ លោក ហ៊ុន សែន បាន​បញ្ជា​ទៅ​កង​កម្លាំង​ខ្មែរ ដែល​ចល័ត​ចេញ​ពី​បន្ទាយ នៅ​យប់​ថ្ងៃសុក្រ ឲ្យ​វិល​ត្រឡប់​ចូល​មូល​ដ្ឋាន​វិញ។​ ចំណែក​កម្លាំង​ដែល​ឈរជើង​នៅ​តំបន់​ជម្លោះ ក៏​ត្រូវ​ដក​ថយ​មក​វិញ​បណ្តោះ​អាសន្ន​សិន​ដែរ​។

ពាក់​ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​ដែល​នៅ​សេស​សល់ ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ បាន​ប្រគល់​ភារកិច្ច​ ទៅ​ឲ្យ​គណៈកម្មាការ​កិច្ច​ការ​ព្រំដែន ព្រម​ទាំង​ក្រសួង​ការ​បរទេស​កម្ពុជា និង​ឡាវ ជា​អ្នក​ដោះស្រាយ​បន្ត​។

ដោយ​ឡែក​ចំពោះ ស្ថាន​ការណ៍​ទូទៅ​នៅ​តំបន់​ជម្លោះ​ស្ថិត​នៅ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី ដែល​កំពុង​ឈរ​ជើង​នៅ​ទី​តាំង​នោះ បាន​បញ្ជាក់​ថា ការ​ប្រឈម​មុខដាក់​គ្នា​រវាង​ភាគី​កម្ពុជា​ ឡាវ មាន​ភាព​ធូរ​ស្រាល​ឡើង​វិញ​ហើយ​រហូត​មក​ទល់​ពេល​នេះ។ ចំណែក​ឯ​ច្រក​ព្រំដែន​កម្ពុជា ឡាវ ក៏​ត្រូវ​បាន​បើក​ដំណើរ​ការ​ជា​ប្រក្រតី​ដែរ​។

សូម​ជម្រាប​ជូន​ផង​ដែរ​ថា ភាព​តាន​តឹង នៅ​តាម​ព្រំដែន​កម្ពុជា​ឡាវ បាន​ចាប់​ផ្តើម​ឡើង​កាល​ពី​ដើម​ឆ្នាំ ២០១៧ ដោយ​កាល​ណោះ ប្រទេសឡាវ បាន​បញ្ជូន​កង​កម្លាំង​យោធា​របស់​ខ្លួន មក​រារាំង​កង​កម្លាំងវិស្វកម្ម​របស់​កម្ពុជា មិន​ឲ្យ​ស្ថាបនា​ផ្លូវ​តាម​បណ្តោយ​ព្រំដែន នៅ​ត្រង់​ចំណុច​អូរ​តា​ង៉ាវ និង​អូអាឡៃ ។ រហូត​ដល់ថ្ងៃទី​ ២​ មេសា​ ឆ្នាំ២០១៧ កងកម្លាំង​ប្រដាប់​អាវុធ​ប្រមាណ​រយ​នាក់​​នៃ​ប្រទេស​ឡាវ​ បាន​បញ្ជូន​មក​កាន់​តាម​បណ្ដោយ​ព្រំដែន​ទល់​មុខ​នឹង​កម្ពុជា​ ដែល​ស្ថិត​នៅក្នុង​ ឃុំ​អូរស្វាយ​ ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង​។

កម្ពុជា និង​ ឡាវ ​មាន​ព្រំដែន​ជាប់​គ្នា​ប្រវែង ៥៤០ គីឡូម៉ែត្រ​ដែល​ត្រូវ​បោះ​បង្គោល​ព្រំដែន​ប្រមាណ ១៤៥​បង្គោល​ ប៉ុន្តែ​រហូត​ដល់​ពេល​នេះ​ភាគី​ទាំង​ពីរសម្រេច​បាន​ចំនួន ១២១ បង្គោល​ហើយ​ស្មើ​នឹង ៨៣ ភាគរយ​នៅ​សល់​ប្រមាណ ២៤ បង្គោល​ទៀត​នោះ​ស្ថិត​ក្នុង​ខេត្ត​ព្រះវិហារ និង​ខេត្ត​​ស្ទឹងត្រែង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ