អានតួអត្ថបទ
កម្ពុជា

អង្គការសង្គមស៊ីវិល សមាគម សហជីព ២១​ គ្រោង​រៀប​ចំ​ទិវា​ពលកម្ម​អន្តរជាតិ​នៅ​សួន​វត្ត​បុទុម

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​មនុស្ស និង​សិទ្ធិ​ការងារ និង​បណ្តាញ​សហជីព​ពហុ​វិស័យ ចំនួន​២១​ស្ថាប័ន​គ្រោង​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរ​ជាតិ ១ឧសភា នៅ​សួន​វត្តបុទុមវតី ដែល​មាន​អ្នក​ចូល​រួម​ប្រមាណ​១ ២០០​នាក់​។ អ្នក​រៀប​ចំ​កម្ម​វិធី​សង្ឃឹម​ថា​សាលា​ក្រុង​ភ្នំពេញ​នឹង​អនុញ្ញាត​ឲ្យ​ពួក​គេ​រៀប​ចំ​ប្រា​រព្ធ​ពិធី​នេះ​។​

កម្មករប្រមូលផ្តុំនៅថ្ងៃទិវាពលកម្មអន្តរជាតិ០១ឧសភា ឆ្នាំ២០១៤។
កម្មករប្រមូលផ្តុំនៅថ្ងៃទិវាពលកម្មអន្តរជាតិ០១ឧសភា ឆ្នាំ២០១៤។ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

លោក ឃុន ថារ៉ូ អ្នក​សម្រប​សម្រួល​កម្ម​វិធី​នៃ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការ​ងារ និង​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា​ សង់​ត្រាល់ បាន​លើក​ឡើង​ថា ក្នុង​ឱកាស​ទិវា​ពលកម្ម​អន្តរ​ជាតិ​រដ្ឋាភិបាល​មិន​គួរ​យក​ហេតុ​ផល​ណា​មួយ​ដែល​មិន​អនុញ្ញាត​ឲ្យ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​រៀប​ចំទិវា​នេះ​ទេ ព្រោះ​នេះ​ជា​កម្ម​វិធី​អន្តរ​ជាតិ​។

លោក ឃុន ថារ៉ូ សង្កេត​ឃើញ​ថា នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ រដ្ឋាភិបាល​តែ​យក​ហេតុ​ផល​នយោ​បាយ​មួយ​ចំនួន ដើម្បី​មិន​អនុញ្ញាត​ផ្តល់​ទីតាំង ដើម្បី​ជួប​ជុំ​គ្នា។ លោក​បន្ថែម​ថា​កន្លង​មក​ទិវា​អន្តរ​ជាតិ​មួយ​ចំនួន​ដូច​ជា​សិទ្ធិ​មនុស្ស​អន្តរជាតិ, សិទ្ធិ​នារី​អន្តរ​ជាតិ ក៏​មិន​មាន​ការ​អនុញ្ញាត​ដែរ​។ ប៉ុន្តែ​លោក​បង្ហាញ​ក្តី​សង្ឃឹម​ថា លើក​នេះ​រដ្ឋាភិបាល ក៏​ដូច​ជា​សាលា​ក្រុង​ភ្នំពេញ​នឹង​អនុញ្ញាត​ឲ្យ​រៀប​ចំ​នៅ​ទី​កន្លែង​ណា​មួយ​សមរម្យ។

អ្នក​សម្រប​សម្រួល​កម្ម​វិធី​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិ​មនុស្ស បន្ថែម​ថា​ក្រុម​អង្គការ​សង្គម​ស៊ីវិល សមាគម និង​សហជីព​ពហុវិស័យ នឹង​ដាក់​លិខិត​មួយ​ទៅ​កាន់​សាលាក្រុង​ភ្នំពេញ​នា​ថ្ងៃទី​២២ ខែ​មេសា ដោយ​ស្នើ​យក​ទីតាំង​សួន​ច្បារ​មុខ​វត្តបុទុមវតី​ធ្វើ​ជា​ទីតាំង​សម្រាប់​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ ១ឧសភា​។

លោក ម៉េត មាសភក្តី អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​ថា​រហូត​មក​ដល់​ពេល​នេះ សាលា​រាជធានី​ទើប​តែ​ទទួល​បាន​លិខិត​ពី​សហជីព​មួយ ដែល​ស្នើ​រៀប​ចំ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរ​ជាតិ ១ឧសភា​ ខាង​មុខ​នេះ​។

លោក​ ម៉េត មាសភក្តី បាន​ឆ្លើយ​តប​ចំពោះ​ការ​លើក​ឡើង ដែល​ថា​សាលា​រាជធានី​កម្រ​នឹង​អនុញ្ញាត​ឲ្យ​រៀប​ចំ​កម្ម​វិធី​អ្វី​មួយ គឺ​មិនមែន​ជា​ការ​ពិត​នោះ​ទេ​។ លោក​ថា​កន្លង​មក​សាលា​រាជធានី​ភ្នំពេញ​ធ្លាប់​អនុញ្ញាត​ឲ្យ​សង្គម​ស៊ីវិល សហជីព និង​អង្គការ​ក្រៅ​រដ្ឋាភិបាល សម្តែង​មតិ គ្រាន់​តែ​នៅ​ក្នុង​លក្ខខណ្ឌ​ខ្លះ​សាលារាជ​ធានី​ភ្នំពេញ​មិន​អនុញ្ញាត​ជូន​ទាំង​ស្រុង​ទេ​។ ឧទាហរណ៍​ដូច​ជា​ការ​ដើរ​ហែក្បួន​នៅ​តាម​ដង​ផ្លូវ​សាធារណៈ​ជា​ដើម​។

លោក ឃុន ថារ៉ូ អ្នក​សម្របសម្រួល​កម្មវិធី​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិ​មនុស្ស​បញ្ជាក់​ថា​ទិវា​ពលកម្ម​អន្តរ​ជាតិ​ខួប​លើក​ទី១៣៣ នា​ឆ្នាំ​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​២១​នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ក្រោម​ប្រធាន​បទ “រួបរួម​គ្នា​ការពារ​សិទ្ធិ​ជា​មូល​ដ្ឋាន​របស់​កម្មករ​និយោជិត និង​ទីផ្សារ​ការងារ​”។

បើ​តាម​លោក ថារ៉ូ ការ​ជ្រើស​រើស​យក​ប្រធាន​បទ​នេះ ដោយ​សារ​តែ​សិទ្ធិ​ជា​មូល​ដ្ឋាន​របស់​ អង្គការ សមាគម សហជីព ត្រូវ​បាន​រឹតត្បិត​ដោយ​ច្បាប់ ហើយ​បច្ចុប្បន្ន​សហភាព​អឺរ៉ុប​កំពុង​ដំណើរ​នីតិវិធី​ព្យួរ EBA ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការងារ​របស់​កម្មករ​និយោជិត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ