rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា គណបក្សនយោបាយ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

លោក​ ហ៊ុន​ សែន​ បន្ត​អាយ៉ៃ​ឆ្លើយ​ឆ្លង​នឹង ​លោក ​យ៉ង ​សាំង​កុមារ​

media
លោក ហ៊ុន សែន និង លោក យ៉ងសាំង កុមារ @GDP

ប្រមុខ​បក្ស​កាន់​អំណាច​នៅថ្ងៃ​សៅរ៍​នេះ ​បាន​បន្ត​ឆ្លើយ​​ឆ្លង​ទៅកាន់​​បេក្ខ​ជន​នាយក​រដ្ឋ​មន្រ្តី​មក​ពី​គណបក្ស​ថ្មី​មួយ​ដោយ​​ចាត់​​ទុក​​ការ​ប្រៀប​​ធៀប​​លក្ខណៈ​​ខុស​គ្នា​រវាង​ លោក ​ហ៊ុន​ សែន​ និង​​លោក​​យ៉ង ​សាំង​កុមារ​ ថា​មិន​សម​​ហេតុ​ផល​ឡើយ។​ ការ​​ថ្លែង​​របស់​​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន​ បែប​នេះធ្វើ​ឡើង​២​ថ្ងៃ​ជាប់​ៗ​គ្នា​ ខណៈ​ដែល​​លោក​បណ្ឌិត​ យ៉ង​ សាំងកុមារ​ ប្រៀប​ធៀប​ថា ​នាយក​រដ្ឋមន្រ្តី​បច្ចុប្បន្ន​ជាមនុស្ស​ងាក​ឆេះ ​តែ​បេក្ខជន​​នាយក​​រដ្ឋមន្រ្តី​​របស់​​គណបក្ស​ប្រជាធិប​តេយ្យ​មូលដ្ឋាន​ជាមនុស្ស​ងាក​​ផ្តល់​​ចំណេះ។​


ជាថ្មីម្តងទៀត លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រតិកម្មលាយឡំ​នឹង​សំណើច​ទៅ​កាន់​​លោក យ៉ង សាំងកុមារ ជាបេក្ខជន​នាយក​រដ្ឋមន្រ្តី​របស់​គណបក្សប្រជាធិបតេយ្យ​មូលដ្ឋានដែល​ជាបណ្ឌិតខាងកសិកម្ម។ លោកយ៉ង សាំងកុមារ ដែលឈាន​ជើង​ប្រឡូក​ចូលនយោបាយនៅពេលនេះ បានចាប់​ផ្តើម​ប្រៀប​ធៀបលក្ខណៈខុសគ្នារវាង​រូបលោក​ជាមួយនឹង​នាយករដ្ឋមន្រ្តី​បច្ចុប្បន្ន។ ខុសគ្នាត្រង់ថា លោក ហ៊ុន សែន ជាមនុស្ស​ងាកឆេះ តែលោក យ៉ង សាំងកុមារ ជាមនុស្សងាក​ផ្តល់​ចំណេះ។ នេះបើតាម​សារនៅ​លើ​​ហ្វេសប៊ុក​របស់ លោក យ៉ង សាំងកុមារ ដែលធ្វើឲ្យ​លោក ហ៊ុន សែន ប្រតិកម្ម​២ថ្ងៃជាប់ៗគ្នា។

បើតាមលោកប្រមុខរដ្ឋាភិបាល គឺទាំងមេប៉ូលីស និង​រូបលោក​បានដឹង​រួចហើយថា​នណាជាអ្នកបង្ហោះ​សារនយោបាយបែបនេះ។ លោក ហ៊ុន​ សែន បានថ្លែង​បែប​ចំអកទៅវិញថា មកពីលោក​ងាកឆេះហ្នឹងហើយទើបបានជាបញ្ជួន លោក យ៉ង សាំងកុមារ ទៅរៀន​​នៅប្រទេស​អាឡឺម៉ង់ដល់​ថ្នាក់​បណ្ឌិត។ ប៉ុន្តែលោក ហ៊ុន សែន បានគូសបញ្ជាក់ថា គ្មានគណបក្សនយោបាយណាមួយដែលមានបណ្ឌិត​ច្រើន​ជាងគណបក្សកាន់អំណាចរបស់លោក​នោះទេ។

ការប្រតិកម្មជាថ្មីទៀត​របស់ លោក ហ៊ុន សែន នៅថ្ងៃនេះ គឺបន្ទាប់ពី លោក​យ៉ង សាំង​កុមារ កាលពីម្សិលមិញ បានសរសេរនៅលើហ្វេសប៊ុក​របស់លោកថា «ដោយសារខ្ញុំ​ដឹង​គុណសម្តេច បានជាខ្ញុំធ្វើនយោបាយ​ប្រកួត​ជាមួយ​សម្តេច​ដើម្បី​នាំមកនូវ​គោល​នយោបាយ​ដែលធានាឲ្យមានសន្តិភាពនិងការអភិវឌ្ឍប្រកប​ដោយយុត្តិធម៌និងនិរន្តរភាព។ កសិករនិងកូនកសិករខ្មែរភាគច្រើន​ត្រូវការការងារនិង​មុខរបរនៅតាមមូលដ្ឋានដែលមានប្រាក់ចំណូលសមរម្យ ហើយចាស់ជរា​តាមភូមិត្រូវ​ការការជួយឧបត្ថម្ភពីរដ្ឋ»។

ជាសារឆ្លើយតបនៅថ្ងៃម្សិលមិញតែមួយ បន្ទាប់ពី លោក ហ៊ុន សែន ក្នុងពិធីចែក​សញ្ញាបត្រដល់និស្សិតបានថ្លែងថា បណ្ឌិតរូបនេះ ទំនងជាមិនទាន់មានលទ្ធភាព​ ធ្វើ​នាយក​រដ្ឋ​មន្ត្រី​ដឹ​​កនាំម​នុស្សច្រើនលាននាក់ ​ក្រោយបោះឆ្នោតថ្ងៃទី ២៩ខែកក្កដា​បាន​នៅឡើយ៕