rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្មករ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

លោក ហ៊ុន សែន​​បង្កើត​មូល​និធិ​គន្ធ​បុប្ផា​មួយ​ទៀត​ដោយ​លោក​ធ្វើ​ជា​ប្រធាន

media
លោក Beat Richner កាលនៅជាប្រធានមន្ទីរពេទ្យគន្ធបុប្ផា @សហការី

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន នៅ​ថ្ងៃ​អាទិត្យនេះ បាន​ប្រកាស​ផ្ទាល់​មាត់​បង្កើត​មូលនិធិ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ថ្មី​មួយ​ទៀត ដោយ​លោក​ធ្វើ​ជា​ប្រធាន​កិត្តិយស​មូល​និធិ​ថ្មីនេះ​តែម្តង​។ ការ​ប្រកាស​បង្កើត​មូល​និធិ​គន្ធបុប្ផាថ្មី​នេះ គឺក្រោយពី​លោក Beat Richner ជន​ជាតិ​ស្វីស ជាម្ចាស់មូល​និធិដំបូង បាន​ប្រកាស​ឈប់​សម្រាក​ដោយសារ​តែ​បញ្ហា​សុខភាព នៅគ្រា​ដែល​គាត់​មាន​វ័យកាន់​តែ​ជរា​។


នៅ​ក្នុង​ពេល​សំណេះ​សំណាល​ជាមួយ អ្នក​ប្រកប​របរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​អះអាងថា រដ្ឋាភិបាល​កម្ពុជា​ត្រូវ​តែ​ធានា​ឲ្យ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​បន្ត​រស់ តាម​រយៈ​ការ​បង្កើត​មូលនិធិថ្មី​នេះ ដើម្បី​ប្រមូល​ធន​ធាន​នានា សម្រាប់​ជួយ​ព្យា​បាល​កុមារ កម្ពុជា​យ៉ាង​ច្រើន​ប្រចាំ​ថ្ងៃ​។ បើ​តាម​លោក​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ បើ​ទោះជា​អស់ពី​លោក Beat Richner ស្ថាបនិក​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ក៏ដោយ ប៉ុន្តែ​មន្ទីរពេទ្យ​ដែល​ព្យា​បាល​កុមារ​មិន​គិត​ថ្លៃនេះមិន​អាច​ដួល​រំលំ​បាន​ឡើយ​។

សូម​បញ្ជាក់ថា មន្ទីរ​ពេទ្យ​គន្ធបុប្ផា បាន​កកើត​ឡើង​ដោយសារ​តែ មាន​ការ​បង្កើត​មូលនិធិ​ដំបូង​នៅ​ប្រទេស​ស្វីស​តាំង​ពី​ឆ្នាំ​១៩៩២ ដោយ​លោក Beat Richner។ លោកវេជ្ជបណ្ឌិត Richner ត្រូវបាន​រដ្ឋាភិបាល​កម្ពុជា​ស្នើ​ឲ្យ​លោក​ឲ្យ​មក​គ្រប់គ្រង​មន្ទីរ​ពេទ្យកុមារ​គន្ធបុប្ផា តាំងពី​ពេលនោះ​មក​បន្ទាប់ពី​មន្ទីរពេទ្យ​មួយនេះ​ត្រូវ​បាន​បំផ្លាញ​នៅក្នុង​អំឡុង​ពេល​មាន​សង្រ្គាម។
មាន​អាយុ​២៥​ឆ្នាំ មន្ទីរពេទ្យគន្ធបុប្ផា​បាន​បើក​ទ្វារ​ផ្តល់​សេវា​ព្យាបាល​កុមារ​មាន​ជំងឺ និង​ស្រ្តីមានផ្ទៃ​ពោះ សរុប​ជាង ១៦​លាន​ករណី ដោយ​ចំណាយ​ទឹក​ប្រាក់​សរុប ៦៣២​លានដុល្លារ។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​មន្ទីរ​ពេទ្យគន្ធបុប្ផា។

ប៉ុន្តែ​តាំង​ពី លោក Beat Richner ជា​អ្នក​លេង​វីយូឡុង​ដ៏ល្បី​ដើម្បី​ស្វែងរក​ជំនួយ​ជួយ​មន្ទីរពេទ្យមួយ​នេះ បាន​ប្រកាស​ឈប់​សម្រាកនោះ នាំឲ្យ​មន្ទីរពេទ្យ​គន្ធបុប្ផា​បច្ចុប្បន្ន​កំពុង​ប្រឈម​មុខនឹង​បញ្ហាខ្វះ​ថវិកា​សម្រាប់​ដំណើរ​ការ​ព្យាបាល​ជំងឺ​ដោយ​ឥត​គិត​ថ្លៃ​តទៅ​ទៀត​៕