rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា បោះឆ្នោត

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

កម្ពុជា​ស្នើ​ឥណ្ឌា​មក​សង្កេត​ការណ៍ ​ខណៈ​អាមេរិក​និង​អឺរ៉ុប​ព្រមាន​មិន​ទទួល​ស្គាល់​ការ​បោះ​ឆ្នោត​នៅកម្ពុជា

media
លោក ហ៊ុន សែន ជួបពិភាក្សាជាមួយលោកស្រី Sushma Swaraj @ហ្វេសប៊ុកនាយករដ្ឋមន្រ្តី

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ​ស្នើ​ឲ្យ​ប្រទេស​ឥណ្ឌា​បញ្ជូន​អ្នក​សង្កេតការណ៍​របស់​ខ្លួន​មក​ចូល​រួម​តាមដាន​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ​នៅថ្ងៃ​ទី​ ២៩​ កក្កដា​ ២០១៨​ ខាង​មុខនេះ​។​ សំណើ​នេះ​ធ្វើ​ឡើង​នៅ​ពេល​នាយក​រដ្ឋមន្រ្តី​ខ្មែរ​ បំពេញ​ទស្សនកិច្ច​នៅ​ឥណ្ឌា​។​ ហើយ​ក៏​ស្របពេល​ដែល​សហរដ្ឋមេរិក​ និង​សហ​ភាព​អឺរ៉ុប​ បាន​ព្រមាន​មិន​ទទួល​ស្គាល់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ ដោយសារ​តែ​​​តុលាការ​កំពូល​រំលាយ​ចោល​គណបក្ស​សង្រ្គោះជាតិ ​ដែល​ជាគូ​ប្រជែង​ដ៏ធំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។


ដោយ អ៊ឹង ប៊ុនថន

សំណើ​សុំ​ឲ្យ​ឥណ្ឌា​មក​សង្កេតការណ៍​បោះ​ឆ្នោត​នៅ​កម្ពុជា ធ្វើឡើងតាម​រយៈ លោក​ននាយករដ្ឋ​មន្ដ្រី ហ៊ុន សែន ​ក្នុង​ពេល​លោក​ពិភាក្សា​ការងារ​ជាមួយ លោកស្រី ​Sushma Swaraj​ រដ្ឋមន្រ្តីការ​បរទេស​ឥណ្ឌា នៅថ្ងៃទី​២៧ ខែ​មករា ឆ្នាំ​២០១៨​នេះ។​ នេះ​បើតាម​ហ្វេសប៊ុក​លោក ហ៊ុន សែន ។

ការ​ដែល​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ​ស្នើ​ឥណ្ឌា​ឲ្យ​បញ្ចួនអ្នក​សង្កេត​ការណ៍​មក​តាមដាន​ការបោះ​ឆ្នោត​ថ្នាក់ជាតិ​នៅកម្ពុជា គឺ​​ដោយ​សារ​តែ​ឥណ្ឌា ជា​ប្រទេស​ប្រជាធិបតេយ្យដ៏ធំមួយ ហើយថា «ឥណ្ឌាអាច​វាយ​តម្លៃ​បាន​អំពី​ការ​បោះឆ្នោត​នៅកម្ពុជា​ អំពី​ភាព​សេរី​ត្រឹមត្រូវ និង​យុត្តិធម៍​ក្នុង​ពេល​បោះឆ្នោត​ខាង​មុខនេះ»។

​បើតាម​ហ្វេសប៊ុក លោក ហ៊ុន សែន គឺលោកស្រីរដ្ឋមន្រ្តីការបរទេសឥណ្ឌា ក៏បាន​សម្តែង​នូវ​ក្តីរីករាយចំពោះ​ទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ដែលមានជាយូរមកហើយ និង​ផ្តល់​ឱកាសឱ្យឥណ្ឌាបានចូលរួមជួយកម្ពុជាទាំង​សកម្មភាពមនុស្សធម៌ ការរកសន្តិភាព​ដល់កម្ពុជា រួម​ទាំងការបណ្តុះបណ្តាលធនធានមនុស្ស និងការថែរក្សាជួសជុល​ប្រាសាទ​បុរាណកម្ពុជាផងដែរ។​ ប៉ុន្តែ​ចំពោះ​ការ​ចូល​រួម​សង្កេតការណ៍​បោះ​ឆ្នោត​នៅ​កម្ពុជា គេ​នៅ​មិនទាន់​ដឹងថា ឥណ្ឌា​សម្រេច​ចូល​រួម​ឬ​យ៉ាង​ណា​នៅ​ឡើយ​។

លោក សម គន្ធាមី នាយក​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​មួយ​ហៅកាត់​ថា និចហ្វិច បាន​គាំ​ទ្រ​ចំពោះ​ការ​ស្នើឲ្យ​ប្រទេសឥណ្ឌា​មកចូល​រួម​សង្កេតការណ៍​បោះ​ឆ្នោត​នៅកម្ពុជា​នេះ។ ប៉ុន្តែ​លោក​​​ថា ​ឥណ្ឌាមិនមានឥទ្ធិពលដែល​អាច​ប្រៀប​ធៀប​ទៅ​នឹង​ប្រទេស​នៅ​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក​បានទេ ចំពោះ​ការ​វាយ​តម្លៃ​ពី​ដំណើរ​ការ​បោះឆ្នោត​។ ទោះជាយ៉ាងណា លោក​យល់ថា ឥណ្ឌាជាប្រទេស​ប្រជាធិបតេយ្យមួយ ដែល​​ប្រសើរ​ជាង រុស្ស៊ី និង ចិន ដែល​ជាប្រទេស​​កុម្មុយនីស្ត ហើយបាន​ប្រកាសគាំទ្រ​កម្ពុជា​រួចជា​ស្រេចនោះ។​

ជា​ការ​កត់​សម្គាល់ សំណើ​របស់​លោក​នាយករដ្ឋមន្រ្តី លោក ហ៊ុន សែន ទៅ​កាន់​ឥណ្ឌា​នា​ពេល​នេះ ធ្វើ​ឡើងបន្ទាប់ពី​សហរដ្ឋអមេរិក និង​សហភាព​អឺរ៉ុប​ព្រមាន​មិន​ទទួល​ស្គាល់​ការ​បោះ​ឆ្នោត​នៅកម្ពុជា ដោយសារតែ​​​តុលាការ​កំពូល​រំលាយ​ចោល​គណបក្ស​សង្រ្គោះ​ជាតិ ដែល​ជាគូប្រជែងដ៏ធំមួយ​របស់​គណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែ​លោក​នាយករដ្ឋ​មន្រ្តី ហ៊ុន សែន បានអះអាងថា លោកមិន​​ខ្វល់ថា ប្រទេសណាទទួលស្គាល់ ឬ​មិន​ទទួល​ស្គាល់​ការ​បោះឆ្នោត​នៅកម្ពុជា​នៅ​ខែកក្កដា​ខាងមុខនេះ​ឡើយ​៕