អានតួអត្ថបទ

អង្គការ​ជាង​១០០​ទទូច​ឱ្យ​អាជ្ញាធរ​បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស

អង្គការ​សង្គម​ស៊ីវិល​និង​សមាគម​ចំនួនជាង​១០០ ​ទទូច​ឱ្យ​អាជ្ញាធរ​កម្ពុជា​បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​មក​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ និង​ក្រុម​សង្គមស៊ីវិល​ ក៏ដូចជា​បញ្ឈប់​ការរឹត​បន្ដឹង​ដោយ​មិន​សម​ហេតុផល​ទៅលើ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​។​នេះ​ជា​ការ​លើក​ឡើង​នៅក្នុង​សេចក្តី​ថ្លែង​ការណ៍រួម​របស់​សង្គមស៊ីវិល​ សម្រាប់​ទិវា​សិទ្ធិមនុស្ស​១០​ធ្នូ​ឆ្នាំនេះ។ 

ផ្សាយពាណិជ្ជកម្ម

ដោយ អ៊ឹង ប៊ុនថន

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​រួមនេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​បានលើកឡើងថា ការ​គោរព​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​ គឺជា​តម្រូវការ​ចាំបាច់​សម្រាប់​ដំណើរការ​នៃសង្គម​ស៊ីវិល​ ដែល​ត្រូវ​បាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​​កម្ពុជា​ និង​ច្បាប់អន្តរជាតិ​ផងដែរ។​

បើ​តាម​ក្រុម​អង្គការ​សង្គម​ស៊ីវិលទាំង​នោះ ​ ការងារ​ស្របច្បាប់​របស់​អង្គការ​សង្គមស៊ីវិល​ មិនគួរ​ត្រូវ​បាន​ចោទប្រកាន់​ថាជា​ការគំរាមកំហែង​ដល់​សន្តិសុខ​ជាតិ​ទេ​ ប៉ុន្តែ​គួរតែ​ទទួល​បានតម្លៃ ​និង​ការការពារ​ ព្រោះនេះ​ជាមូលដ្ឋាន​គ្រឹះ​ដ៏សំខាន់ ​ក្នុងការ​អភិវឌ្ឍន៍​ប្រទេស​ប្រកប​ដោយ​​ចីរភាព​។

បើទោះ​ជាយ៉ាង​នេះ​ក្តី ក្រុម​អង្គការ​សង្គម​ស៊ីវិល​បានកត់​សំគាល់ថា ​លំហ​សម្រាប់​អង្គការ​សង្គមស៊ីវិល​ ក្នុង​ដំណើរការ​សកម្មភាព​របស់ខ្លួន​ ត្រូវ​បាន​រឹតត្បិត​យ៉ាងខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មានខែ​ចុងក្រោយ​នេះ​។

​ការ​រឹត​ត្បិត​ខ្លាំង ត្រូវ​បាន​អង្គការ​សង្គមស៊ីវិល លើក​យក​ករណី ចាប់ខ្លួន​អតីត​អ្នក​សារ​ព័ត៌មាន​វិទ្យុអាស៊ីសេរី​ពីរនាក់​ ការកោះហៅ ​លោក ​មឿន តុលា នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិមនុស្ស​ (សង់ត្រាល់) ​ លោក​ ប៉ា ងួនទៀង​ នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM)​ និង​ព្រះតេជ​ព្រះគុណ​ ប៊ុត ប៊ុនតិញ​ ស្ថាបនិក​បណ្តាញ​ព្រះ​សង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម ​(IMNSJ) ​ដែល​ត្រូវបាន​តុលាការ​ចេញ​ដីកា​កោះហៅ​​សាកសួរ​ជុំវិញ​ការ​ចោទ​ប្រកាន់​ពីការ​កិប​កេង​បច្ច័យ​បុណ្យ​សព​លោក​បណ្ឌិត កែម ឡី នោះ។​ការចោទប្រកាន់ទាំងអស់នេះត្រូវបានសង្គមស៊ីវិលចាត់ទុកថាជាការ​បំបិទ​សំឡេង​អ្នក​រិះគន់​លើ​អាជ្ញាធរ​ ហើយ​សហគមន៍​និង​ក្រុម​ប្រជាពលរដ្ឋ​មូលដ្ឋាន​ ត្រូវបាន​រឹតត្បិត​សិទ្ធិ​សេរីភាព​ក្នុងការ​ជួបជុំគ្នា​ដោយ​សន្តិវិធី​ផងដែរ។​

មិន​មាន​តែប៉ុណ្ណឹង​ទេ ​ អង្គការ​មាតា​ធម្មជាតិ​ (MN)​ ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹងបញ្ហា​បរិស្ថាន​ ត្រូវបាន​លុប​ឈ្មោះ​ចេញពី​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ ​កាលពី​ពាក់​កណ្ដាល​ខែកញ្ញា​ កន្លង​ទៅនេះ។​ ជាមួយគ្នានោះ សកម្មជនពីរនាក់​នៃ​អង្គការ​នេះ ​ត្រូវបានចោទ​ប្រកាន់និង​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​រង់ចាំសវនាការ​អស់​រយៈពេល​ជិតបីខែ​មកហើយ​ ​ដោយសារ​បានព្យាយាម​ថត​សកម្មភាព​បូមខ្សាច់​ ដែល​អ្នកទាំងពីរ​សង្ស័យ​ថា​ខុសច្បាប់។ ​ទាំងនេះសុទ្ធសឹងជាអ្វីដែលអង្គការសង្គមស៊ីវិលកត់​សំគាល់ថា​ជាការធ្លាក់នៃការ​គោរពសិទ្ធិមនុស្ស​នៅកម្ពុជា រាប់​ទាំងការ​រំលាយ​គណបក្ស​ប្រឆាំងដ៍​ធំ​ជាងគេ និងការ​បិទ​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​មួយ​ចំនួន​ទៀត​ផង។

ក្រៅពី​លើក​ឡើង​ពីបញ្ហា​ទាំង​អម្បាមាណ​នេះ ក្រុម​អង្គការ​សង្គមស៊ីវិល​ ក៏ទួច​ឱ្យ​អាជ្ញាធរ​ទម្លាក់​ចោលការ​ចោទប្រកាន់​និង​ការផ្ដន្ទាទោស​ និង​ដោះលែង​អ្នក​ជាប់ឃុំ​មួយចំនួន​ដូចជា​ សកម្មជន​ អ្នក​សារព័ត៌មាន ​ និង​អ្នកការពារ ​សិទ្ធិ​មនុស្ស​ ដែល​ត្រូវបាន​ចាប់ខ្លួន​ដោយសារ​ការ​បំពេញ​ការងារ​ស្របច្បាប់​របស់​ខ្លួន​ដើម្បី​បម្រើផល​ប្រយោជន៍​សង្គម​កម្ពុជា។​ ហើយរាល់​ការ​ស៊ើបអង្កេត​ណាមួយ​មកលើ​អង្គការ​សង្គម​ស៊ីវិល​ គួរតែ​គោរព​តាម​នីតិវិធី​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ​ និង​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​ឯករាជ្យភាព​ និង​ភាព​មិនលំអៀង​។ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាលថា ការ​គោរពសិទ្ធិមនុស្ស​នៅកម្ពុជា​អាស្រ័យ​តែ​ទៅលើ​មាត់​គេនិយាយ​។ ​លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​ទីស្តីការគណៈ​រដ្ឋមន្រ្តី បានបែងចែក​សិទ្ធិ​មនុស្ស​នៅកម្ពុជា​ច្រើន​ក្រុម​។​ក្រុម​ទី១​លោកថាជាក្រុម​មកពី​បរទេស​គឺជា​ក្រុម​អ្នកថា​ឲ្យធ្វើ​នេះ​ឬ​ធ្វើ​នោះ​។​ចំណែក​ក្រុម​ទី​២គឺ​ជាសិទ្ធិមនុស្សរបស់​រដ្ឋាភិបាលដែលថាធ្វើអ្វីៗតាម​ច្បាប់​ដែល​មានស្រាប់។

សូម​បញ្ជាក់ថា នៅ​ថ្ងៃ​ទិវា​សិទ្ធិមនុស្ស​ឆ្នាំនេះ ក៏​មាន​ការ​ប្រារព្ធទិវានេះ នៅ​កន្លែង​ផ្សេងៗគ្នា​ ទាំង​រដ្ឋាភិបាល និង​អង្គការ​សង្គមស៊ីវិល​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ