អានតួអត្ថបទ
កម្ពុជា

កម្ពុជា​ទទួល​បាន​មេដាយ​មាស ១​ហើយ ពី Asian Games នៅ​ឥណ្ឌូនេស៊ី​

ទី​បំផុត​ទៅ កម្ពុជា បាន​ទទួល​មេដាយ​មាស ១​ហើយ ពី​ព្រឹត្តិការណ៍​កីឡា​អាស៊ី Asian Games លើក​ទី ១៨ ដែល​បាន​និង​កំពុង​ធ្វើ​ឡើង​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​។ ការ​ទទួល​បាន​មេដាយ​មាស​នេះ ធ្វើ​ឡើង​ដោយ​កីឡាការនី​ជឺជីតស៊ូ (Ju-Jitsu) កម្ពុជា​ បន្ទាប់​ពី​បាន​បំបាក់​កីឡាការនី​នៃ​ប្រទេស​អារ៉ាប់រួម ដោយ​លទ្ធផល ១០០​ទល់នឹង​០ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ការ​ប្រកួត កីឡា​ជឺជីតស៊ូ ទម្ងន់​ក្រោម ៤៩​គីឡូក្រាម នៅ​ល្ងាច​ថ្ងៃ​សុក្រ ទី ២៤​សីហា​នេះ​។

កីឡាការនីកម្ពុជា ទទួលបានមេដាយមាសពី Asian Games។
កីឡាការនីកម្ពុជា ទទួលបានមេដាយមាសពី Asian Games។ @RFI
ផ្សាយពាណិជ្ជកម្ម

គឺ​កីឡាការនី​ជឺជីតស៊ូ​កម្ពុជា​វ័យ ១៦​ឆ្នាំ ​ជា​កូន​ខ្មែរ​អាមេរិកាំង ឈ្មោះ Jessa Khan នេះ​ហើយ ដែល​បាន​រក​មេដាយ​មាស​ដំបូង​ឲ្យ​កម្ពុជា ក្នុង​ការ​ប្រកួត​កីឡា​អាស៊ី លើក​ទី ១៨ នៅ​ប្រទេស​ឥណ្ឌូនេស៊ី​។ Jessa Khan បាន​ប្រកួត​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ នៅ​ថ្ងៃ​ទី ២៤​សីហា ដោយ​បាន​ជួប​ប្រកួត​ជាមួយ គូ​ប្រកួត ៥​ប្រទេស​។

ការប្រកួត​ទី ១ Jessa Khan បានប្រកួត​យកឈ្នះ​កីឡាការិនីថៃ ដោយ​ពិន្ទុដាច់ ១០០-០ ក្នុង​ប្រភេទ​ទម្ងន់​ -៤៩គីឡូក្រាម ។ ប្រកួតទី២ Jessa Khan បាន​ឈ្នះដោយស្វ័យ​ប្រវត្តិ បន្ទាប់ពីកីឡាការិនី ចិនបោះបង់ចោលការប្រកួត។ ចំណែក​ការប្រកួត​​ទី៣ កីឡាការនី វ័យ ១៦ឆ្នាំរបស់កម្ពុជា បានប្រកួត​​ឈ្នះកីឡាការិនី អ៊ីរ៉ង់​។ រីឯប្រកួតទី៤ ឈ្នះកីឡាការនីហ្វីលីពីន ដោយពិន្ទុ១០០ទល់០ ដាច់តែម្តង មុននិង ឈានមកការប្រកួតចុងក្រោយ ឈ្នះកីឡាការិនី អារ៉ាប់រួម ដោយ​ពិន្ទុ ១០០-០ដាច់ដែរ ហើយ​ដណ្តើមបាន​មេដាយមាស។

គួរជម្រាបជូនថា នេះគឺជាមេដាយ​មាសទី ២ហើយ ដែល​កម្ពុជា​ទទួលបាន ពីព្រឹត្តិការណ៍កីឡាប្រចាំទ្វីបដ៏ធំ Asian Games នេះ បន្ទាប់ពីលើកទី១ ធ្វើបាន​ដោយកីឡាការនីតៃក្វាន់ដូកម្ពុជា ស៊ន សៀវម៉ី នៅ​ក្នុងការប្រកួត Asian Games លើកទី ១៧ កាលពីឆ្នាំ ២០១៤ ដែល​ធ្វើឡើង​នៅទីក្រុង Incheon ប្រទេសកូរ៉េខាងត្បូង។ ប៉ុន្តែនៅឆ្នាំនេះ កីឡាការនី​ ស៊ន សៀវម៉ី ដែលបាន​ទៅចូលរួមប្រកួតដែរនោះ មិនអាចការពារមេដាយ​មាសរបស់ខ្លួន​បាននោះទេ។

យ៉ាងណាក៏ដោយ ការប្រកួតកីឡាអាស៊ី នៅពុំ​ទាន់​ចប់​នៅឡើយទេ ដូច្នេះកម្ពុជា ទំនងជា​អាច​បន្ត​បានមេដាយ​បន្ថែមទៀត។ ការប្រកួតកីឡាអាស៊ី បាន​ចាប់ផ្តើមពីថ្ងៃទី ១៨ខែសីហា ឆ្នាំ ២០១៨ និង​គ្រោងបញ្ចប់នៅថ្ងៃទី ២ខែកញ្ញា ឆ្នាំ ២០១៨។ កម្ពុជា បានបញ្ជូនកីឡា ១៣ប្រភេទទៅចូលរួមប្រកួត ដោយ​ក្នុងនោះ មាន ៤ប្រភេទកីឡា បាន​ចាញ់អស់ហើយ ហើយអត្តពលិក​ ក៏បាន​ត្រលប់​មក​ប្រទេសវិញជាបន្តបន្ទាប់។ ហើយប្រភេទកីឡាខ្លះ អត្តពលិកទើបតែចាប់ផ្តើម​ធ្វើដំណើរទៅប្រទេសឥណ្ឌូនេស៊ីនៅឡើយ ដើម្បីចូលរួមប្រកួតកីឡាផ្សេងទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ