អានតួអត្ថបទ
កម្ពុជា

មន្ត្រី​ជំនាញ​លើក​ទឹក​ចិត្ត​ឲ្យ​ពលរដ្ឋ​ហ៊ាន​រាយការណ៍​និង​ថតរូប​មន្ត្រី​ពន្លត់​អគ្គិភ័យ​ដែលទារលុយ​មុន​បាញ់​ទឹក

សាលរាជធានី​ភ្នំពេញ​នៅ ព្រឹក​ថ្ងៃ​អាទិត្យ​នេះ បាន​ប្រារព្ធ​ពិធី​បង្ការ​និង​ទប់​ស្កាត់​ពន្លត់អគ្គិភ័យ នៅ​ទីលាន​ប្រជាធិបតេយ្យ។​ ហើយ​ជា​លើក​ទី១​សាលារាជធានី​ភ្នំពេញ​បាន​ បង្កើត​ឲ្យ​មាន​ទិវា​២២​កុម្ភៈ​រៀង​រាល់​ឆ្នាំ វ៉ៃ​ជួង ប្រកាស​អាសន្ន ដើម្បី​ឲ្យ​ប្រជាជន​គ្រប់​រូប ចូល​រួម​បង្ការ និង​ទប់ស្កាត់​គ្រោះ​អគ្គីភ័យ ទាំង​អស់​គ្នា។ ឆ្លៀត​ក្នុង​ឱកាស​នេះ​មន្ត្រីជំនាញ​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​រាយការណ៍​ជា​បន្ទាន់​ករណី​មន្ត្រី​ពន្លត់​អគ្គិភ័យ​ណា​ម្នាក់ទារ​លុយ​មុន​បាញ់​ទឹក​ពន្លត់​ភ្លើង។

រូបថតៈទាញចេញពី​freshnews ​មន្ត្រី​ពន្លត់​អគ្គិភ័យ​ដែល​បាន​ចូល​រួម​ពិធី​បង្ការ​និង​ពន្លត់​អគ្គិភ័យ
រូបថតៈទាញចេញពី​freshnews ​មន្ត្រី​ពន្លត់​អគ្គិភ័យ​ដែល​បាន​ចូល​រួម​ពិធី​បង្ការ​និង​ពន្លត់​អគ្គិភ័យ @freshnews
ផ្សាយពាណិជ្ជកម្ម

ស្រប​ពេល​ដែល​ពលរដ្ឋ​រិះ​គន់​ពី​ទង្វើ​របស់​មន្ត្រី​ពន្លត់​អគ្គិភ័យ​មួយ​ចំនួន ដែល​ចរចា​លុយមុន​នឹង​បាញ់​ទឹក​ពន្លត់​ភ្លើង​នោះ លោក នេត្រ វណ្ណថា ប្រធាន​នាយកដ្ឋាន​នគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះ នៃ​ក្រសួង​មហាផ្ទៃ លើក​ទឹក​ចិត្ត​ឲ្យ​ពលរដ្ឋ​រាយការណ៍​មក​អង្គភាព​ជំនាញ។ ដែល​ការ​រាយការណ៍​នេះ​ធ្វើ​ឡើង​តាមរយៈ​ការ​ថត​រូប​មន្ត្រីពន្លត់​អគ្គិភ័យ​ដែល​ទារ​លុយ​ពី​ពលរដ្ឋ​មុន​នឹង​បាញ់​ទឹក​ពន្លត់​ឬ​ក៏​ថត​ស្លាក​លេខ​ឡាន។ ការ​ធ្វើ​ដូច្នេះ​ដើម្បី​ចៀស​វាង​ការ​ចោទ​ប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់។

បើ​តាម​លោក​នេត វណ្ណថា កន្លង​មក​មាន​ករណី​ចោទ​ប្រកាន់​មួយ​បាន​កើត​ឡើង​នៅផ្សារ​ដេប៉ូល​ថា មន្ត្រី​ប៉ូលីស​ទាមទារ​លុយ​ប្រាំ​ពាន់ដុល្លារ​ជាថ្នូរ​នឹង​ការ​បាញ់​ទឹក។ ប៉ុន្តែនៅ​ពេល​ដែល​លោក​ទាមទារ​ឲ្យ​បង្ហាញ​ភស្ដុតាង​ត្រូវ​បាន​ក្រុម​ប្រជាពលរដ្ឋ​អះអាង​ថាជា​ការ​និយាយ​ត​តាម​គ្នា។

លោក នេត្រ វណ្ណថា បន្ថែមថា ប្រសិន​បើ​រក​ឃើញ​ដូច​ការ​ចោទ​ប្រកាន់​របស់​ពលរដ្ឋមែន​មន្ត្រី​រូប​នោះ​នឹង​ត្រូវ​បណ្ដេញ​ចេញ។ តែយ៉ាងណា​ក៏​ដោយ​លោក នេត វណ្ណថា បាន​ថ្លែង​ការពារ​ថា នៅ​ពេល​ដែល​ចុះ​ទៅ​អង្កេត​ដល់​កន្លែង​កើត​ហេតុ​លោក​មិន​ដែលឃើញ​ឡើយ​ថា មាន​ករណី​ទារ​លុយ​ពលរដ្ឋ​មុន​បាញ់​ទឹក​ពន្លត​ភ្លើង​។ តែ​លោក​ក៏​មិនបាន​ប្រកែក​ទាំង​ស្រុង​ដែរ​ថា គ្មាន​ករណី​បែប​នេះ​កើត​ឡើង។

សូមបញ្ជាក់ថា ក្នុង​ឆ្នាំ​២០១៥ គ្រោះ​អគ្គិភ័យ​នៅ​ទូទាំង​ប្រទេស​កើត​ឡើង​៥៩០​លើ។២០១៦​កើត​ឡើង​៦១២​លើក។ គ្រោះ​អគ្គិភ័យ​ទាំងពីរ​ឆ្នាំ​នេះ​បាន​បណ្ដាល​ឲ្យ​មនុស្សស្លាប់​៣៧​នាក់។ ដោយ​ឡែក​មួយ​ត្រី​មាស ក្នុង​ឆ្នាំ​២០១៧ អគ្គិភ័យ​កើត​ឡើង​២៥​លើកនិង​បណ្ដាល​ឲ្យ​មនុស្ស​១​ស្លាប់​និង​៦​នាក់​រង​របួស។ មូល​ហេតុ​សំខាន់​ដែល​បណ្ដាល​ឲ្យកើត​មាន​អគ្គិភ័យ​គឺ​ការ​ឆ្លង​ចរន្ត​អគ្គិសនី​និង​ការ​ធ្វេស​ប្រហែល​របស់​ពលរដ្ឋ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ